38 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​ចិន វាយប្រហារ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាមេរិក​ស្មើ​សំរាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ចិន នៅ​ក្នុង​រដ្ឋការ​របស់​លោក ស៊ី ជីងពីង គឺ​លោក វ៉ាង យី បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក​ខ្លាំងៗ​ថា ប៉ុនប៉ង​ធ្វើ​សង្គ្រាម​ត្រជាក់ និង​មាន​គំនិត​ផ្ដួចផ្ដើម​ដ៏​កខ្វក់​នៅ​ទឹកដី​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

លោក វ៉ាង យី ចាត់ទុក​សកម្មភាព​អាមេរិក​ក្នុង​ការ​រួមចំណែក​ក្នុង​ពិភពលោក ថា​អាត្មានិយម ហើយ​យុទ្ធសាស្ត្រ​ខ្លះ​សម​នឹង​បោះចោល​ក្នុង​ធុងសំរាម។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​សន្តិភាព​ពិភពលោក​លើក​ទី​៩ ដែល​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​ស៊ី ក្រោម​ប្រធានបទ «ការ​លើក​កម្ពស់​ពហុភាគី​និយម​ក្នុង​យុគសម័យ​ក្រោយ​ជំងឺ​ឆ្លង​ជា​សកល» កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កក្កដា លោក វ៉ាង យី បាន​សង្កត់​ធ្ងន់​នូវ​ទំនុក​ចិត្ត និង​តួនាទី​របស់​ប្រទេស​ចិន ចំពោះ​ពិភពលោក ហើយ​បាន​ជាន់​ពន្លិច​តួនាទី និង​កិច្ចសហប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពិភពលោក។

រដ្ឋមន្ត្រី​ការបរទេស​រូប​នោះ​សង្កត់​ធ្ងន់​ថា បក្ស​កុម្មុយនីស្ត​ចិន នឹង​មិន​ស្វែងរក​អនុត្តរភាព ហើយ​នឹង​មិន​ចូលរួម​ក្នុង​ការពង្រីក​អំណាច​ទេ គឺ​មាន​តែ​ប្រកាន់​ខ្ជាប់ និង​លើក​កម្ពស់​សមធម៌ យុត្តិធម៌​ជាមួយ​ប្រទេស​តូច​ទន់ខ្សោយ​នានា ដើម្បី​អភិវឌ្ឍ​ពិភពលោក​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព ដើម្បី​បុព្វហេតុ​នៃ​ការ​រីកចម្រើន​របស់​មនុស្ស និង​សន្តិភាព​ពិភពលោក។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក វ៉ាង យី បាន​វាយប្រហារ​ខ្លាំងៗ​លើ​គោលនយោបាយ និង​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ទាំង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ចិន និង​ជា​សត្រូវ​របស់​ចិន។

ករណី​តៃវ៉ាន់ លោក​រិះគន់​អាមេរិក​ថា​កំពុង​ប្រថុយ​នឹង​គ្រោះថ្នាក់ ហើយ​មិន​អាច​បញ្ឈប់​ចិន​បាន​ឡើយ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ។ ដោយឡែក​ករណី​សិទ្ធិមនុស្ស​ហុងកុង គឺ​លោក​ចាត់ទុក​អាមេរិក ជា​ចលករ​មួយ​ក្នុង​ការ​បំបែក​កម្លាំង​នយោបាយ និង​ស្ថិរភាព​ប្រទេស​ចិន ដោយ​អះអាង​ទៀត​ថា ចិន​សព្វថ្ងៃ​មិនមែន​ចិន ១០០​ឆ្នាំ​មុន​ឡើយ។

ជាក់ស្ដែង លោក​ទីប្រឹក្សា​រដ្ឋ​ចិន វ៉ាង យី លើកឡើង​ថា ចិន​រួមចំណែក​ក្នុង​ពេល​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឯកតោ​ភាគី និង​ការ​លើក​កម្ពស់​សន្តិភាព និង​ស្ថិរភាព តែ​សហរដ្ឋ​អាមេរិក​បាន​ដើរ​តួនាទី​ខុស​ស្រឡះ។ ចិន​ប្រយុទ្ធ​នឹង COVID-១៩ សហរដ្ឋ​អាមេរិក​បាន​បន្ត​ការ​ចាក់​វ៉ាក់សាំង​ជាតិ​និយម។

លោក​បន្ត​ថា ចិន​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការចែកចាយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ដល់​ប្រទេស​នានា គឺ​ជាង ៤៨០​លាន​ដូស​នៅ​ជិត ១០០​ប្រទេស។

ប៉ុន្តែ​លោក វ៉ាង យី មិន​បាន​លើកឡើង​ពី​ករណី​អាមេរិក រួម​ចំណែក​នឹង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន G-7 និង​ការ​ផ្ដល់​វ៉ាក់សាំង​ដោយឡែក​របស់​ខ្លួន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដល់​ឆ្នាំ​២០២៣ ឡើយ។

ចំពោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​វិញ លោក វ៉ាង យី បាន​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន ឆ្លុះ​បញ្ចាំង​ពី​សម្ពាធ​របស់​ខ្លួន​ដែល​បាន​ដាក់​ទៅលើ​កូរ៉េ​ខាងជើង ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមក​នេះ​ដោយ​ស្មោះត្រង់ និង​ទាំង​ករណី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផង​ដែរ។ ដល់​បញ្ហា​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​វិញ គឺ​លោក វ៉ាង យី មិន​បាន​និយាយ​រឿង​សមុទ្រ​ចិន​ខាងត្បូង ឬ​ខាងកើត ឬ​ទំនាក់ទំនង​ជាមួយ​នឹង​អូស្ត្រាលី និង​ឥណ្ឌា​ឡើយ គឺ​លោក​បាន​ត្រឹម​ចង្អុល​ថា អាមេរិក​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​ជាមួយ​យុទ្ធសាស្ត្រ​មួយ​របស់​ខ្លួន​ដែល​ថា​ឥណ្ឌូ​ប៉ាស៊ីហ្វិក សេរី និង​ចំហ។

យុទ្ធសាស្ត្រ​នេះ លោក​ចាត់ទុក​ថា ជា​សុបិន​ចាស់​ដែល​អាមេរិក​ចង់​ស្វែងរក​អនុត្តរភាព ហើយ​អាមេរិក​កំពុង​ចង់​ធ្វើ​សង្គ្រាម​ត្រជាក់ ចង់​ធាក់​ប្រវត្តិសាស្ត្រ​ថយក្រោយ ម្ល៉ោះ​ហើយ​លោក​ទទូច​ឱ្យ​អាមេរិក​បោះចោល​យុទ្ធសាស្ត្រ​នេះ​ចូល​ក្នុង​ធុងសំរាម។

ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺជា​តំបន់​មួយ​ដែល​មាន​សារសំខាន់​ចាំបាច់​សម្រាប់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ជា​តំបន់​មួយ​ដែល​វា​ទំនង​ជា​ប្រឈម​នឹង​បញ្ហា​ធំៗ ជាពិសេស​ទាក់ទង​នឹង​ចិន។

អាមេរិក​យល់ឃើញ​ថា ចិន​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លេចធ្លោ និង​ជា​មហាអំណាច​យោធា​បាន បើ​សិន​ប្រទេស​នេះ​អាច​កាន់កាប់​លើ​កោះ​តៃវ៉ាន់ លើ​សមុទ្រ​ចិន​ខាងត្បូង កោះ​សេនកាគូ​របស់​ជប៉ុន មហាសមុទ្រ​ឥណ្ឌា និង​គោលនយោបាយ​ប្រទេស​នានា​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

សហរដ្ឋ​អាមេរិក​បើក​យុទ្ធសាស្ត្រ​នេះ​តាំងពី​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ តែ​មិន​បាន​និយាយ​ថា​សម្រាប់​ប៉ែង​ជើង​ចិន​នោះ​ទេ។ ជា​ផ្លូវការ សហរដ្ឋ​អាមេរិក​ចាត់ទុក​ថា យុទ្ធសាស្ត្រ​ដែល​អាមេរិក​ផ្ដោត​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​តំបន់ និង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ក្នុង​តំបន់​នោះ​កាន់តែ​រឹងមាំ និង​មាន​សុវត្ថិភាព​ជាង​មុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស