28 C
Phnom Penh

អ្នកវិភាគ​ថា​មុន​សង្គ្រាម​សមុទ្រ​ចិន​ខាងត្បូង​ផ្ទុះ​ឡើង ហ្វីលីពីន​ត្រូវ​អូស​ចិន​ទៅ​កាន់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ម្ដង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា ប្រទេស​ហ្វីលីពីន ត្រូវ​ស្វែងរក​ការ​សម្រេច​ម្ដង​ទៀត​ពី​តុលាការ​មជ្ឈត្តការ​អន្តរជាតិ ករណី​ដែល​ចិន មិន​ព្រម​អនុវត្ត​តាម​សេចក្ដី​សម្រេច​ពី​តុលាការ​អង្គការ​សហប្រជាជាតិ​នេះ។

អ្នកវិភាគ​នៃ​វេទិកា​ប៉ាស៊ីហ្វិក ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ហ៉ាវៃ សហរដ្ឋ​អាមេរិក បាន​លើកឡើង​ថា ហ្វីលីពីន គួរ​ធ្វើ​ដូច​វៀតណាម ដែល​ថា​នឹង​ប្ដឹង​ប្រទេស​ចិន ទៅ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នៅ​ក្រុង​ឡាអេ ដោយ​ចោទ​ចិន ករណី​រំលោភ​អនុសញ្ញា​អន្តរជាតិ​ពី​អង្គការ​សហប្រជាជាតិ​ស្តីអំពី​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២។

នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នកវិភាគ​សម្រាប់​វេទិកា​ប៉ាស៊ីហ្វិក Carl Baker បាន​និយាយ​ថា ហ្វីលីពីន មាន​តួនាទី​មួយ​ដែល​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​អន្តរជាតិ​ដដែល​នេះ ដោយ​ស្នើ​ឱ្យ​អនុវត្ត​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ បើ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ចោទ​ក្រុង​ប៉េកាំង ករណី​បំពាន​ដែនទឹក​សមុទ្រ​របស់​ខ្លួន ព្រោះ​ចិន ក៏​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ហើយ​ក៏​មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​រាល់​ច្បាប់​អន្តរជាតិ​ផង​ដែរ។

លោក Carl Baker បាន​និយាយ​ថា បើ​យោង​តាម​ខ្លឹមសារ​នៃ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ ដែល​បញ្ជាក់​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ន័យ​ថា ពិត​ជា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​នោះ​ដែល​មិន​អាច​ត្រូវ​បាន​រំលោភ​បំពាន​បាន​ឡើយ។

បើ​តាម Carl Baker ហ្វីលីពីន​ត្រូវ​ទាមទារ​ឱ្យ​ចិន ធ្វើ​សេចក្ដី​ថ្លែងការណ៍​លាយលក្ខណ៍​អក្សរ​ជា​ផ្លូវការ​ទៅ​កាន់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នេះ បើ​ទោះជា​ចិន​មិន​បាន​បញ្ជូន​ស្មាក្ដី​ទៅ​ការពារ​ក្ដី​ក៏ដោយ។ ជាមួយ​គ្នា​នេះ អ្នកវិភាគ​រូប​នេះ​ថា​ក្រុង​ម៉ានីល ត្រូវ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​នេះ​ដោយ​ទាមទារ​សំណង​ខូចខាត​ពី​ប្រទេស​ចិន ដែល​បាន​រំលោភ​ដែនទឹក​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន Gilberto Teodoro បាន​លើកឡើង​ថា បើ​ចិន មិន​គោរព​ច្បាប់​អន្តរជាតិ ថា​តើ​ចាំបាច់​អ្វី​ត្រូវ​បង្កើត​ច្បាប់​អន្តរជាតិ និង​តុលាការ​អន្តរជាតិ។

លោក Gilberto Teodoro ប្រាប់​ចិន ថា តុលាការ​មជ្ឈត្តការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៦ បាន​សម្រេច​សេចក្ដី​ឱ្យ​ប្រទេស​ហ្វីលីពីន ប្រើ​សិទ្ធិ​របស់​ខ្លួន​ដោយ​នាំ​ទូក​នេសាទ ឬ​នាវា​រុករក​ឧស្ម័ន​ទៅ​កាន់​ដែន​ប្រជុំ​កោះ​នៃ​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal ក្នុង​ប្រជុំ​កោះ​ស្ព្រាតលី នៃ​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​ថា​តំបន់​នោះ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ហ្វីលីពីន។

តែ​សាល​ដីកា​តុលាការ​នៃ​អង្គការ​សហប្រជាជាតិ មិន​បាន​ធ្វើឡើង​នៅ​ចំពោះ​មុខ​តំណាង​ភាគី​ចិន នោះ​ទេ ខណៈ​ក្រុង​ប៉េកាំង ក៏​មិន​បាន​បញ្ជូន​ភស្តុតាង និង​អ្នក​ច្បាប់​ទៅ​តតាំង​ក្ដី​នោះ​ដែរ។ ចិន​បាន​ប្រកាស​ថា លំហ​សមុទ្រ​ចិន​ខាងត្បូង ទំហំ ៣​លាន ៥​សែន​គីឡូម៉ែត្រ​ការ៉េ គឺ​ក្រុង​ប៉េកាំង មាន​សិទ្ធិ​កាន់កាប់​ស្ទើរ​ទាំងអស់។

ចិន ដែល​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ បាន​ទាត់​ចោល​សាលដីកា​នេះ ហើយ​វាយប្រហារ​ថា តុលាការ​នេះ​ពុំ​មាន​សិទ្ធិ និង​សមត្ថកិច្ច​សម្រេច​ការ​កាត់ក្ដី​សំណុំរឿង​ជម្លោះ​ដែនទឹក​របស់​ចិន និង​ហ្វីលីពីន នោះ​ទេ។ ក្រុង​ប៉េកាំង ថា​វា​ជា​ជម្លោះ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​ដោះស្រាយ​តាម​យន្តការ​ទ្វេភាគី។

ហ្វីលីពីន បាន​ប្រកាស​ថា សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ ឬ​ហៅ​ម្យ៉ាង​ថា អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៦ សម្រេច​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​គ្រប់គ្រង​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាលី។

ទីក្រុង​ប៉េកាំង បាន​ប្រកាស​ថា ដែនទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រួត​ស៊ី​គ្នា​នឹង​ដែនទឹក​ប្រទេស Philippines, Vietnam, Malaysia, Indonesia និង Brunei។

ប្រធាន​ក្រុម​អ្នកវិភាគ​សម្រាប់​វេទិកា​ប៉ាស៊ីហ្វិក Carl Baker យល់​ទៀត​ថា បើ​ចិន​ជំទាស់ ហើយ​មិន​ព្រម​គោរព​តាម​សាលដីកា​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ជា​លើក​ទី​២ គឺ​ចិន​កាន់តែ​អស់​តម្លៃ អស់​ឥទ្ធិពល​នៅ​លើ​វេទិកា​អន្តរជាតិ ដែល​គេ​ថា​ប្រទេស​ធំ​ដូច​ចិន សម​ដឹក​មុខ​គេ​ក្នុង​ការ​គោរព​ច្បាប់​បទដ្ឋាន​អន្តរជាតិ ជាជាង​ខ្លួន​បំពាន។

ចំពោះ​សមាគម​អាស៊ាន​វិញ លោក Carl Baker និយាយ​ថា ក៏​ល្អ​ផង​ដែរ​ក្នុង​ការ​ជួយ​ដោះស្រាយ​ជម្លោះ​ដែនទឹក​ក្នុង​តំបន់ តែ​លោក​ថា បើ​អាស៊ាន​មិន​មាន​ការ​សាមគ្គី​គ្នា គឺ​គ្មាន​ឥទ្ធិពល​លើ​ប្រទេស​ចិន​ឡើយ។

រយៈពេល​ចុងក្រោយ​នេះ ដោយសារ​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន កាន់តែ​តានតឹង ហើយ​ក្រុង​ប៉េកាំង នៅ​បន្ត​បំពាន​ដែនទឹក​របស់​ហ្វីលីពីន បាន​នាំ​ឱ្យ​ក្រុង​ម៉ានីល សម្រេច​ប្រឈមមុខ​នឹង​ប្រទេស​ដ៏​ធំ​មួយ​នេះ ទាំង​កងទ័ព ទាំង​ការទូត រហូត​ដល់​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទៀត​ផង។

មិន​តែប៉ុណ្ណោះ ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. បាន​សម្រេច​អនុម័ត​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ពង្រាយ​ទ័ព​នៅ​លើ​ប្រទេស​ហ្វីលីពីន ទៀត​ផង។

បច្ចុប្បន្ន កងទ័ព និង​នាវាចម្បាំង​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​កងទ័ព​ម៉ារីន​របស់​ប្រទេស​មហាអំណាច​នេះ ក៏​បាន​ដាក់​ពង្រាយ​រួចស្រេច​ហើយ​នៅ​បណ្ដា​ដែន​កោះ​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង និង​កោះ​មួយ​ចំនួន​នៅ​ក្បែរ​កោះ​តៃវ៉ាន់។

ប្រធាន​ក្រុម​អ្នកវិភាគ​នៃ​វេទិកា​ប៉ាស៊ីហ្វិក លោក Carl Baker ព្រមាន​ថា ក្នុង​ស្ថានភាព​ដ៏​តានតឹង​នា​ពេលនេះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ឃើញ​ថា​ដំណើរ​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​ហ្វីលីពីន និង​ចិន អាច​នឹង​ចៀស​មិន​ផុត​ពី​ការ​ផ្ទុះ​សង្គ្រាម​តំបន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស