37 C
Phnom Penh

ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង៖ នាវា​ចិន​ដេញ​នាវា​ល្បាត​របស់​ហ្វីលីពីន​ចេញពី​ទីតាំង​ប្រឈម​មុខ​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ស្ថានភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​ដែន​ទឹក​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង។

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ហ្វីលីពីន បាន​ហៅ​សកម្មភាព​របស់​នាវា​ល្បាត​របស់​ចិន ដែល​ធ្វើ​សកម្មភាព​យាយី​រារាំង និង​រហូត​ដល់​បាញ់​ទឹក​ទៅ​លើ​នាវា​ល្បាត​របស់​ហ្វីលីពីន គឺជា​សកម្មភាព​នៃ​ការ​បង្កើត​ជម្លោះ ហើយ​ឈាន​ទៅ​ដល់​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ចុះផ្សាយ​នូវ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ខែ​ឧសភា នេះ​ថា នាវាចម្បាំង​របស់​ចិន បាន​បណ្ដេញ​នាវា​ល្បាត ២​គ្រឿង​របស់​ហ្វីលីពីន ឱ្យ​ចេញពី​តំបន់​ដែន​ទឹក​នៃ​ប្រជុំ​កោះ​ដែល​ប្រទេស​ចិន និង​ហ្វីលីពីន ប្រទាញប្រទង់​គ្នា​ដណ្ដើម​កាន់កាប់។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា នាវា​ល្បាត​របស់​ហ្វីលីពីន​ពីរ​គ្រឿង​ចូល​ទៅ​ដល់​ប្រជុំ​កោះ​ស្កាបូរ៉ូ នៃ​ប្រជុំ​កោះធំ​ស្ព្រាតលី ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ហើយ​ពេល​នោះ​ក៏​ជួប​ប្រទះ​នឹង​នាវា​ល្បាត​របស់​ចិន​ជាច្រើន​គ្រឿង។

ក្នុង​ស្ថានភាព​នោះ នាវា​ល្បាត​របស់​ចិន​ពីរ​គ្រឿង បាន​ព្រួត​គ្នា​បាញ់​ទឹក​ទៅ​លើ​នាវា​ល្បាត​របស់​ហ្វីលីពីន​មួយ​គ្រឿង។ កង​នាវា​របស់​ហ្វីលីពីន ឱ្យ​ដឹង​ថា នាវា​ល្បាត​របស់​ហ្វីលីពីន មួយ​គ្រឿង​នោះ​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារតែ​នាវា​ល្បាត​របស់​ចិន បាញ់​ទឹក​ព្យាយាម​ពន្លិច ប៉ុន្តែ​ត្រូវ​បាន​នាវិក​បើក​គេច​ជាបន្ទាន់។

យ៉ាងណា​ក៏ដោយ អ្នក​នាំពាក្យ​សម្រាប់​នាវា​ហ្វីលីពីន អះអាង​ថា បើ​ទោះបីជា​ចិន ព្យាយាម​ដេញ​នាវា​ល្បាត​របស់​ហ្វីលីពីន ក៏ដោយ ក៏​ក្រុម​នាវា​ហ្វីលីពីន មិន​បាន​ចាកចេញ​ពី​តំបន់​ប្រទាញប្រទង់​គ្នា​នោះ​ទេ ហើយ​នាវា​ល្បាត​ហ្វីលីពីន នៅតែ​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៅ​លើ​ដែន​ទឹក​ហ្វីលីពីន ប៉ុន្តែ​ឆ្មាំ​ការពារ​សមុទ្រ​ប្រទេស​ចិន នៅតែ​អះអាង​ថា នាវា​ល្បាត​របស់​ខ្លួន​ពិត​ជា​បាន​បណ្ដេញ​នាវា​ល្បាត​ហ្វីលីពីន ពីរ​គ្រឿង​នោះ​ចេញពី​ប្រជុំ​កោះ​ស្កាបូរ៉ូ។

អ្នក​នាំពាក្យ​សម្រាប់​ក្រសួង​ការបរទេស​ចិន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​៣០ ខែ​មេសា ថា ចិន​នៅតែ​ទទូច​ឱ្យ​ហ្វីលីពីន បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​នាវា​ទាំងឡាយ​របស់​ហ្វីលីពីន ដែល​បង្ក​រឿង​ចង់​ប៉ះទង្គិច​គ្នា​នឹង​នាវា​ល្បាត​របស់​ចិន គឺ​ត្រូវ​បញ្ចៀស​ឱ្យ​បាន​នូវ​ការ​ប្រទូសរ៉ាយ​ដែល​នាំ​ទៅ​រក​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ​នេះ។

អ្នក​នាំពាក្យ​សម្រាប់​ក្រសួង​ការបរទេស​ចិន Lin Jian បាន​បញ្ជាក់​ថា តំបន់​ដែល​ហ្វីលីពីន ហៅថា​កោះ​ស្កាបូរ៉ូ ហើយ​ចិន ហៅថា​ប្រជុំ​កោះ​ស្ព្រាតលី គឺជា​ដែនទឹក​ប្រវត្តិសាស្ត្រ​របស់​ចិន ដែល​ហ្វីលីពីន គ្មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​អាច​មក​ធ្វើ​អំណះអំណាង​បាន​ឡើយ។

តែ​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​ប្រធានាធិបតី ម៉ាកូស ជូនញ័រ បាន​ប្រាប់​ពិភពលោក​ថា ហ្វីលីពីន​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់​ដែល​ថា​ប្រជុំ​កោះ​ស្កាបូរ៉ូ នៃ​សមុទ្រ​ចិន​ខាងត្បូង ជា​ដែន​ទឹក​ប្រវត្តិសាស្ត្រ​របស់​ហ្វីលីពីន។ ដូច្នេះ​ហើយ​បាន​ជា​តុលាការ​មជ្ឈត្តការ​អន្តរជាតិ សម្រេច​សេចក្ដី​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ក្នុង​ការ​ចូល​ទៅ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​ក្នុង​តំបន់​ប្រជុំ​កោះ​នេះ។

យោង​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦ អះអាង​ថា ហ្វីលីពីន​មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​តំបន់​ដែនទឹក​ប្រទាញប្រទង់​នោះ​ដោយ​យោង​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២។

ប៉ុន្តែ​បើ​យ៉ាង​នេះ​ក្ដី ទីក្រុង​ប៉េកាំង បាន​ទាត់​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​ដោយ​ចាត់ទុក​ថា តុលាការ​អន្តរជាតិ​នេះ​គ្មាន​ដែន​យុត្តាធិការ​កាត់​សេចក្ដី​អ្នក​នេះ​ឈ្នះ អ្នក​នោះ​ចាញ់​លើ​ជម្លោះ​ដែនទឹក​រវាង​ចិន និង​ហ្វីលីពីន នោះ​ទេ។

មិន​តែប៉ុណ្ណោះ ទីក្រុង​ប៉េកាំង នៅតែ​អះអាង​ថា ត្រូវ​ប្រើ​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​តាំងពី​បុរាណកាល​ក្នុង​ការ​បញ្ជូន​នាវាចម្បាំង និង​នាវា​ល្បាត​ឱ្យ​ការពារ​នាវា​នេសាទ ឬ​ក៏​នាវា​ខួង​ប្រេង​របស់​ចិន ដែល​ចូល​ទៅ​ក្នុង​តំបន់​នោះ ដោយ​ព្រមាន​ទីក្រុង​ម៉ានីល កុំ​យក​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ​ធ្វើ​សំអាង ហើយ​បង្ក​រឿង​ជាមួយ​នឹង​ចិន។

ឥឡូវ​នេះ​ឃើញ​ថា ហ្វីលីពីន​ជា​ប្រទេស​តូច​មួយ​បើ​ប្រៀបធៀប​នឹង​ចិន។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ តាំងចិត្ត​រួច​ស្រេច​ហើយ​ថា​ត្រូវតែ​ប្រឈមមុខ​ជាមួយ​នឹង​ចិន គ្រប់​កាលៈទេសៈ​ទាំងអស់ ទោះបី​ចិន ចង់​បង្ក​សង្គ្រាម​ក៏ដោយ​នោះ។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ហ្វីលីពីន​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី ម៉ាកូស ជ័រ គឺ​ប្រទេស​នេះ​ដែល​ហ៊ាន​ប្រឈមមុខ​នឹង​ប្រទេស​ដ៏​ធំ​បំផុត​នៅ​អាស៊ី​មួយ​នេះ ដោយសារតែ​អាង​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ។

ប្រធានាធិបតី ចូ បៃដិន ប្រកាស​ជា​ចំហ​ដោយ​ព្រមាន​ចិន កុំ​ឱ្យ​បង្ក​ការ​វាយប្រហារ​ទៅ​លើ​នាវា​ហ្វីលីពីន ឱ្យ​សោះ គឺ​សហរដ្ឋ​អាមេរិក​ត្រូវតែ​អន្តរាគមន៍​ជួយ​កងទ័ព​ហ្វីលីពីន ព្រោះ​ទីក្រុង​វ៉ាស៊ីនតុន និង​ទីក្រុង​ម៉ានីល មាន​សន្ធិសញ្ញា​យោធា​ទ្វេភាគី​ជាមួយ​នឹង​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស