31.9 C
Phnom Penh

ចិន និង​អាមេរិក រុញ​ថៃ-កម្ពុជា ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​មុន​ជំនួប​ប្រមុខ​ការទូត​អាស៊ាន​នៅ​ថ្ងៃទី​២២ ធ្នូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បង្ហាញ​របាយការណ៍​អំពី​ស្ថានការណ៍​សឹក​ដែល​កងទ័ព​ថៃ​នៅតែ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​យោធភូមិភាគ​ទី​៤ និង​ទី​៥។

តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ស្ថានការណ៍​ជួរមុខ​ក្នុង​សមរភូមិ​យោធភូមិភាគ​ទី​៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ កងទ័ព​ថៃ នៅតែ​បន្ត​បាញ់​ប្រហារ​មក​កម្ពុជា គិត​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៨ ធ្នូ។ ក្នុង​ការ​វាយប្រហារ​យ៉ាង​កំរោល​នេះ កងទ័ព​ថៃ បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ដូចជា យន្តហោះ​ចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ ១០៥​មិល្លីម៉ែត្រ រថយន្ត​បាញ់​រ៉ុក្កែត DTI-2 ដ្រូន​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្សែង​ពុល។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា រូប​នេះ បាន​ហៅ​ប្រទេស​ថៃ គឺជា​រដ្ឋ​ដែល​បំពាន​ច្បាប់​អន្តរជាតិ ជា​រដ្ឋ​ដែល​បំផ្លាញ​សន្តិភាព និង​សន្តិសុខ ប៉ះពាល់​ខ្លាំង​ដល់​ស្ថិរភាព​តំបន់។

គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ សង្គ្រាម​ថៃ ឈ្លានពាន​កម្ពុជា ចូល​ដល់​ថ្ងៃទី​១៣ ហើយ។

ជុំវិញ​ស្ថានការណ៍​សឹក​ថៃ ឈ្លានពាន​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio បាន​ទូរសព្ទ​ទៅ​កាន់​សមភាគី​ថៃ លោក Sihasak Phuangketkeow ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ហិង្សា​ដែល​កំពុង​បន្ត​កើតឡើង​នៅ​ព្រំដែន​ជាមួយ​កម្ពុជា។

អ្នក​នាំពាក្យ​រង​ការបរទេស​អាមេរិក លោក Tommy Pigott បាន​អះអាង​កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ថា ក្នុង​កិច្ច​សន្ទនា​នោះ ប្រមុខ​ការទូត​សេតវិមាន បាន​ជំរុញ​ឱ្យ​កាត់បន្ថយ​ភាព​តានតឹង​ជាបន្ទាន់​រវាង​ប្រទេស​ទាំង​ពីរ គឺ​ថៃ និង​កម្ពុជា។ ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី Rubio ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Sihasak ធ្វើ​សកម្មភាព​ជាក់ស្តែង​ក្នុង​ការ​កាត់បន្ថយ​ស្ថានការណ៍​ដ៏​តានតឹង និង​ឱ្យ​ថៃ វិលត្រឡប់​ទៅ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ។

ស្រប​ពេល​នេះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ជជែក​តាម​ប្រព័ន្ធ​ទូរសព្ទ​ដាច់ដោយឡែក​ជាមួយ​សមភាគី​កម្ពុជា និង​ថៃ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​សន្ទនា​តាម​ប្រព័ន្ធ​ទូរសព្ទ​ដោយឡែក​ជាមួយ​សមភាគី​កម្ពុជា លោក ប្រាក់ សុខុន និង​សមភាគី​ថៃ លោក Sihasak Phuangketkeow កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ។ ក្នុង​អំឡុង​កិច្ចសន្ទនា​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ទទូច​ជា​ថ្មី​ឱ្យ​ភាគី​ទាំង​ពីរ​វិល​ទៅ​រក​តុ​ចរចា និង​ស្នើ​ឱ្យ​អនុវត្ត​បទ​ឈប់​បាញ់​ឡើងវិញ។ លោក វ៉ាង យី និយាយ​ថា ជម្លោះ​ព្រំដែន​លើក​នេះ គឺ​មាន​ទំហំ​ធំ​ជាង​លើក​មុន ដែល​ជា​ក្ដី​បារម្ភ​ខ្លាំង​ពី​ការ​រីក​រាលដាល​ហិង្សា។

តាម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ១១​ប្រទេស នឹង​ជួប​គ្នា​នៅ​ទីក្រុង​កូឡាឡាំពួរ ហើយ​រូបលោក​នឹង​ជា​អធិបតី​នៃ​ជំនួប​នេះ។ ជំនួប​នេះ​ផ្ដោត​លើ​សន្តិសុខ​តំបន់ ជាពិសេស​បញ្ហា​សង្គ្រាម​ថៃ និង​កម្ពុជា។

កាលពី​ថ្ងៃទី​១៨ ធ្នូ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក Volker Türk បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​ថៃ និង​កម្ពុជា ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជនស៊ីវិល​នៃ​ប្រទេស​ទាំង​ពីរ។

លោក Volker Türk បាន​និយាយ​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​ដែល​បញ្ជាក់​ថា តំបន់​ជុំវិញ​ភូមិ និង​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ កំពុង​ត្រូវ​បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង យន្តហោះ​គ្មាន​មនុស្ស​បើក និង​កាំភ្លើងធំ។

កម្ពុជា បាន​ចោទប្រកាន់​ថា ថៃ​បាន​ទម្លាក់​គ្រាប់បែក​លើ​មជ្ឈមណ្ឌល​កាស៊ីណូ​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​ប៉ោយប៉ែត ដែល​ជា​តំបន់​ព្រំដែន​សំខាន់​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ប្រទេស​ថៃ បាន​ចោទប្រកាន់​កម្ពុជា ថា​ជា​អ្នក​ឈ្លានពាន និង​អះអាង​ថា​ភាគី​កម្ពុជា គួរតែ​ចាប់ផ្តើម​បទ​ឈប់​បាញ់​ជា​ឯកតោភាគី​ជា​មុន។

តែ​សម្រាប់​លោក Volker Türk ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ជំរុញ​ឱ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់ និង​បើក​ការ​ចរចា​សន្តិភាព​ឡើងវិញ។

លោក​ក៏បាន​រំឭក​ប្រទេស​ទាំង​ពីរ​អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​សន្ធិសញ្ញា​អូតាវ៉ា ដែល​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់មីន​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ក៏ដូចជា​កាតព្វកិច្ច​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ ក្នុង​ការ​បែងចែក​ឱ្យ​ច្បាស់​រវាង​អ្នក​ប្រយុទ្ធ និង​អ្នក​មិន​ប្រយុទ្ធ។

លោក Volker Türk បាន​ព្រមាន​ថា ការ​វាយប្រហារ​តាម​អាកាស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ចូល​ប្រទេស​កម្ពុជា គឺ​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ក្រោម​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​ជាច្រើន។

ការ​ប៉ះទង្គិច​គ្នា​នេះ មាន​ឫសគល់​មកពី​ជម្លោះ​ព្រំដែន​ដែល​មាន​អាយុកាល​ជិត​មួយ​សតវត្សរ៍ ទាក់ទង​នឹង​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​សម្រេច​ឲ្យ​ភាគី​កម្ពុជា ជា​អ្នក​ឈ្នះ​ក្តី​នៅ​ឆ្នាំ​១៩៦២ និង​បញ្ជាក់​ឡើងវិញ​នៅ​ឆ្នាំ​២០១៣។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​ម្ដង​រួច​ហើយ​ក្នុង​ចុង​ខែ​កក្កដា បន្ទាប់ពី​ទាហាន​ថៃ ម្នាក់ បាន​រង​របួស​ដោយ​គ្រាប់មីន ហើយ​បាន​ចោទប្រកាន់​ថា​កម្ពុជា​ជា​អ្នក​ដាំ​គ្រាប់មីន​ថ្មីៗ។ បន្ទាប់​មក ថៃ​ក៏បាន​យក​លេស​នេះ​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា​យ៉ាង​កំរោល ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ។

បទ​ឈប់​បាញ់​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ក្រោម​សម្ពាធ​ពី​អាមេរិក និង​អន្តរជាតិ រហូត​មាន​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​២៦ តុលា ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជា​ភាគី​ហត្ថលេខី​មួយ ក៏​ភាគី​ថៃ នៅតែ​បំពាន។

ទោះជា​យ៉ាងណា ក្នុង​ខែ​វិច្ឆិកា ប្រទេស​ថៃ បាន​ប្រកាស​ថា កិច្ចព្រមព្រៀង​ទាំងអស់​ជាមួយ​កម្ពុជា លែង​ត្រូវ​បាន​អនុវត្ត​ទៀត​ហើយ បន្ទាប់ពី​គ្រាប់មីន​បាន​បង្ក​ឲ្យ​ទាហាន​ថៃ ២​នាក់​រង​របួស។ ទាហាន​ថៃ ទាំង ២​នាក់​នេះ រង​របួស​ព្រោះ​ជាន់​មីន​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ថៃ​បើក​ការ​វាយប្រហារ​យ៉ាង​កំរោល​លើ​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស