ចម្លើយចំពោះសំណួរថា តើនរណាជាអ្នកសម្លាប់បណ្ឌិត កែម ឡី នៅតែគ្មានពន្លឺ និងនៅតែជាចម្ងល់សម្រាប់មហាជនទូទៅអស់រយៈពេលប្រាំឆ្នាំមកហើយ។ ប្រសិនសំណួរនេះនៅតែគ្មានចម្លើយ តើភស្តុតាងអ្វីខ្លះដែលមហាជនអាចធ្វើការវិនិច្ឆ័យ និងធ្វើការវិភាគថា នរណាជាអ្នកនៅពីក្រោយអំពីឃាតកម្មដ៏ល្បីល្បាញមួយនេះ?
មនុស្សជាច្រើនបានដាក់ការសង្ស័យលើក្រុមអ្នកមានអំណាចនៅកម្ពុជា ថាមានជាប់ពាក់ព័ន្ធអំពើឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ឃាតកម្មខ្នាតធំដ៏កក្រើកមួយនេះ ត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ស្ថានទូត ឬរដ្ឋាភិបាលបរទេសមួយចំនួនចាត់ទុកថាជាអំពើហិង្សានយោបាយ ឬជាឃាតកម្មក្នុងហេតុផលនយោបាយ។
អំពើឃាតកម្ម ឬអំពើហិង្សានយោបាយ ធ្វើឡើងដោយមនុស្សមួយក្រុម ឬរដ្ឋាភិបាលណាមួយ ឬរបស់គណបក្សនយោបាយណាមួយ ដើម្បីផលប្រយោជន៍នយោបាយរបស់ពួកគេ។
តើក្រុម ឬបក្ស ឬរដ្ឋាភិបាលណានៅកម្ពុជាដែលមានលទ្ធភាព អំណាច និងផលប្រយោជន៍ក្នុងការសម្លាប់លោកបណ្ឌិត កែម ឡី?
បណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។ លើសពីនេះ លោកបណ្ឌិត កែម ឡី គឺជាមនុស្សដែលហ៊ាននិយាយការពិត និងមិនសំចៃមាត់ បើទោះបីលោកដឹងថាជីវិតរបស់លោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែការធ្វើដូច្នោះក៏ដោយ។
លោកបណ្ឌិត កែម ឡី មិនត្រឹមតែដឹងថា ជីវិតកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ប៉ុណ្ណោះទេ តែលោកដឹងថា ក្រុមអ្នកកាន់អំណាចនឹងបង្កើតគ្រោះថ្នាក់ចំពោះជីវិតរបស់លោក។
ឧទាហរណ៍ មុនគេសម្លាប់ បណ្ឌិត កែម ឡី ធ្លាប់មានប្រសាសន៍ថា លោកមិនដែលគិតថាលោកមានជីវិតទេនៅពេលដែលធ្វើការវិភាគម្តងៗក្នុងសង្គមដែលសម្បូរទៅដោយពស់វែកច្រើន ឆ្លាមច្រើន និងសត្វសហាវដទៃទៀត។ ចំណុចនេះអាចជាការសំដៅដល់ក្រុមអ្នកមានអំណាចដែលលោកបណ្ឌិត កែម ឡី ហៅថាសត្វសាហាវ។ ដូច្នេះ គេអាចសន្និដ្ឋានថា លោកបណ្ឌិត កែម ឡី ប្រហែលបានដឹងជាមុនថា ក្រុមអ្នកកាន់អំណាចមានបំណងយកជីវិតរបស់លោក។

អ្នកសង្កេតការណ៍សង្គម និងពលរដ្ឋខ្មែរជាច្រើនតែងតែចាត់ទុកអ្វីដែលបណ្ឌិត កែម ឡី បានធ្វើ គឺប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុម ឬគណបក្សកាន់អំណាច។ ដោយសារតែខ្មែរជាច្រើនបានគិតបែបនោះ ទើបគេតែងតែបារម្ភអំពីសុវត្ថិភាពរបស់បណ្ឌិត កែម ឡី។ ដូច្នេះ វាមានន័យថា គេយល់ថាអ្នកដែលអាចបង្កើតគ្រោះថ្នាក់ចំពោះបណ្ឌិត កែម ឡី គឺមានតែក្រុម ឬគណបក្សកាន់អំណាចប៉ុណ្ណោះ។
បើគេពិនិត្យមើលអំពីលទ្ធភាពអ្នកដែលមានអំណាចខ្លាំងអាចបង្កព្យុះភ្លៀងនៅកម្ពុជាបាន គឺមានតែក្រុម ឬគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន មួយប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រុម ឬគណបក្សដែលប៉ះពាល់ផលប្រយោជន៍ខ្លាំងដោយសារតែការស្រាវជ្រាវ និងហ៊ាននិយាយការពិតរបស់បណ្ឌិត កែម ឡី គឺក្រុម ឬគណបក្សរបស់លោក ហ៊ុន សែន។
ដូច្នេះ ការបារម្ភរបស់អ្នកស្រឡាញ់បណ្ឌិត កែម ឡី ដែលខ្លាចក្រុមអ្នកកាន់អំណាចធ្វើទុក្ខបុកម្នេញ ឬសម្លាប់គាត់នោះ គឺជារឿងដែលអាចប្រាកដនិយមច្រើន។
ក្រៅពីនេះ ការស្រាវជ្រាវ និងលាតត្រដាងរបស់បណ្ឌិត កែម ឡី បានប៉ះទង្គិចខ្លាំងដល់ផលប្រយោជន៍របស់ក្រុមអ្នកកាន់អំណាចថែមទៀត។ ដូច្នេះមានន័យថា ការសម្លាប់បំបិទមាត់បណ្ឌិត កែម ឡី អាចមានប្រយោជន៍ខ្លាំងដល់ក្រុមដែលប៉ះពាល់ផលប្រយោជន៍ទាំងនោះ។
ប្រសិនបើការអះអាងរបស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងស្ថានទូត ឬរដ្ឋាភិបាលបរទេសនានាដែលថា ការសម្លាប់បណ្ឌិត កែម ឡី គឺជាអំពើហិង្សា ឬជាឃាតកម្មនយោបាយជាការពិតមែន នោះគេអាចសន្និដ្ឋានបានថា ក្រុម ឬគណបក្សកាន់អំណាចអាចជាក្រុមដែលទទួលបានផលប្រយោជន៍នយោបាយច្រើនជាងគេក្នុងការបំបាត់បណ្ឌិត កែម ឡី។
លោក ផៃ ស៊ីផាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន Al Jazeera ដោយបន្តសម្ដីរបស់លោក ហ៊ុន សែន ថា ក្រុមប្រឆាំងបានសម្លាប់បណ្ឌិត កែម ឡី ដើម្បីទម្លាក់កំហុសដាក់លើរដ្ឋាភិបាលដែលកំពុងកាន់អំណាច។
នេះជាការអះអាងមួយដែលគ្មានហេតុផលធ្វើឱ្យគេចាប់អារម្មណ៍អ្វីបន្តិចឡើយ។ បើគេអង្កេតលើទិដ្ឋភាពជាក់ស្តែង គណបក្សប្រឆាំងហាក់គ្មានផលចំណេញអ្វីបន្តិចសោះក្នុងការសម្លាប់បណ្ឌិត កែម ឡី។
ប្រសិនបើគណបក្សប្រឆាំងធ្វើដូច្នោះមែន នោះបក្សកាន់អំណាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេត និងចាប់ក្រុមមេដឹកនាំបក្សប្រឆាំង ព្រោះការប្រព្រឹត្តិអំពើឃាតកម្មនេះត្រូវការរៀបចំ និងមានការគាំទ្រជាប្រព័ន្ធ។
ផ្ទុយទៅវិញ ការអះអាងរបស់ក្រុមមេដឹកនាំរដ្ឋាភិបាល គឺជាការព្យាយាមដោះខ្លួន ឬបង្វែរការសង្ស័យរបស់ពលរដ្ឋខ្មែរ។ បើរដ្ឋាភិបាលមានចេតនាក្នុងការបង្វែងដានមែន ដូច្នេះការសង្ស័យអំពីការពាក់ព័ន្ធរបស់រដ្ឋាភិបាល ឬក្រុមកាន់អំណាចក្នុងករណីឃាតកម្មនេះ កាន់តែមានភាពប្រាកដនិយម។
ក្រៅពីចំណុចទាំងនេះ លោក ហ៊ុន សែន ធ្លាប់បានគំរាមបណ្ឌិត កែម ឡី ដោយផ្ទាល់ និងធ្លាប់បាននិយាយដោយប្រយោលដល់អ្នកណាដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍គ្រួសាររបស់លោកថា “បើឯងមិនឱ្យគ្រួសារអញបានសុខ អញក៏មិនឱ្យឯងបានសុខដែរ”។
សារនេះ ក៏ត្រូវបានបង្ហោះលើគេហទំព័រហ្វេសប៊ុកមួយឈ្មោះ ហ៊ុន ម៉ាណា ក្នុងរយៈពេលប្រមាណមួយសប្តាហ៍មុនការសម្លាប់បណ្ឌិត កែម ឡី តែត្រូវបានគេលុបចោលវិញភ្លាមៗនៅក្រោយមរណភាពរបស់បណ្ឌិតរូបនេះ។

ថ្វីបើការសង្ស័យជាច្រើន និងប្រកបដោយភាពប្រាកដនិយមថា ការសម្លាប់បណ្ឌិត កែម ឡី គឺជាឃាតកម្មនយោបាយ រីឯអ្នកដែលមានប្រយោជន៍នយោបាយក្នុងការសម្លាប់អ្នកវិភាគរូបនេះគឺក្រុមអ្នកកាន់អំណាច ក៏គេនៅតែមានការចោទសួរថា តើនរណាជាឃាតក ឬមេខ្លោងពិតប្រាកដក្នុងអំពើឃាតកម្មនេះ? គេពិបាករកចម្លើយពិតជាក់លាក់សម្រាប់សំណួរនេះណាស់។ តែគេអាចមានតម្រុយខ្លះសម្រាប់ការពិចារណា។
ក្នុងពេលមានជីវិត អ្វីដែលលោកបណ្ឌិត កែម ឡី បានធ្វើគឺមានផលប៉ះពាល់ខ្លាំងដល់ផលប្រយោជន៍នៃរដ្ឋាភិបាលលោក ហ៊ុន សែន និងក្រុមហ៊ុននានានៅកម្ពុជា។
ក្នុងឆ្នាំ២០១៦ អង្គការ Global Witness បានចេញផ្សាយនូវរបាយការណ៍ស៊ើបអង្កេតមួយថា គ្រួសារត្រកូល ហ៊ុន បានគ្រប់គ្រងក្រុមហ៊ុនជំនួញធំៗរាប់រយនៅកម្ពុជា ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែពាក់ព័ន្ធនឹងអំពើពុករលួយ និងសកម្មភាពបំផ្លាញជាតិនានា។
ការសិក្សាស្រាវជ្រាវ និងការលាតត្រដាងរបស់បណ្ឌិត កែម ឡី ក៏សុទ្ធតែពាក់ព័ន្ធនឹងរឿងអាស្រូវទាំងនេះដែរ។ ជាងនេះទៅទៀត លោកត្រូវបានគេសម្លាប់តែក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនិយាយតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកអំពីរឿងអាស្រូវរបស់គ្រួសារត្រកូល ហ៊ុន ដែលបានរកឃើញដោយរបាយការណ៍នោះ។
ដូច្នេះ នេះជាចំណុចមួយដែលអាចធ្វើឱ្យគេសង្ស័យអំពីការពាក់ព័ន្ធរបស់គ្រួសារលោក ហ៊ុន សែន ក្នុងរឿងឃាតកម្មលើបណ្ឌិត កែម ឡី។
ក្រៅពីនេះ នរណាក៏គេដឹងដែរថា លោកបណ្ឌិត កែម ឡី ត្រូវបានគេបាញ់សម្លាប់ក្នុងហាងស្តារម៉ាតមួយកន្លែងដែលមានបំពាក់ដោយកាមេរ៉ាខ្វាត់ខ្វែង ទាំងក្នុង និងក្រៅហាងថែមទៀត។ លើសពីនេះ វីឡា និងហាងទំនើបៗនៅជុំវិញហាងនោះ សុទ្ធតែមានបំពាក់ដោយកាមេរ៉ាដែរ។
ដូច្នេះ ប្រសិនបើលោក ហ៊ុន សែន មានចេតនាចង់ស៊ើបអង្កេតដើម្បីប្រមូលភស្តុតាងជាក់លាក់ លោកអាចធ្វើបានយ៉ាងងាយស្រួល ហើយក៏គ្មានជនណាអាចប្រឆាំងនឹងលោកបាននោះដែរ។ ដូច្នេះ តើគេអាចសង្ស័យអំពីចេតនារបស់លោក ហ៊ុន សែន ក្នុងការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែរឬទេ?
តាមពិត របបលោក ហ៊ុន សែន បានបង្ហាញឃាតកម្នាក់ក្រោយពីការសម្លាប់លោកបណ្ឌិត កែម ឡី ភ្លាមៗ។ តែគ្មាននរណាម្នាក់ជឿរឿងនេះទេ ដោយសារគេមានចំណុចសង្ស័យជាច្រើន។ ភាពមន្ទិលសង្ស័យទាំងនោះមានដូចជា ស្បែកជើងរបស់ឃាតកដែលបង្ហាញដោយវីដេអូក្នុងហាងស្តារម៉ាត និងស្បែកជើងរបស់ឃាតកដែលរត់តាមផ្លូវ ហើយត្រូវគេចាប់យកមកបង្ហាញសាធារណជននោះ គឺខុសគ្នាស្រឡះ។

នៅពេលដែលឃាតកសិប្បនិម្មិតនោះកំពុងរត់តាមថ្នល់ក្នុងរាជធានីភ្នំពេញ ម៉ូតូរបស់សមត្ថកិច្ចហាក់ដូចជាជិះអម និងជួយការពារថែមទៀត។ ដូច្នេះចំណុចទាំងនេះអាចបង្ហាញអំពីការរៀបចំទុកជាមុន។
ប្រសិនបើគ្មានការពាក់ព័ន្ធ ឬការការពារពីលោក ហ៊ុន សែន តើក្រុមសមត្ថកិច្ចទាំងនោះអាចមានលទ្ធភាពធ្វើដូច្នោះដែរឬទេ? ប្រសិនបើពួកគេធ្វើដូច្នោះដោយលួចលាក់ តើពួកគេអាចរួចខ្លួនដែរឬទេ?
ដូចគ្នាទៅនឹងសពរបស់លោក ជា វិជ្ជា ដែរ សមត្ថកិច្ចបានត្រៀមកម្លាំង និងរថយន្តបម្រុងយកសពលោកបណ្ឌិត កែម ឡី ទៅបូជាចោលភ្លាមៗ តែត្រូវបានមហាជនទប់ស្កាត់។ តើចំណុចនេះអាចធ្វើឲ្យមហាជនមានមន្ទិលសង្ស័យចំពោះចេតនារបស់របបលោក ហ៊ុន សែន ដែរឬទេ?
តើហេតុអ្វីបានជារដ្ឋាភិបាលលោក ហ៊ុន សែន ហាមស្ថានីយប្រេងឥន្ធនៈទាំងអស់នៅតាមដងផ្លូវ ផ្អាកការលក់សាំងបណ្ដោះអាសន្ននៅថ្ងៃហែសពបណ្ឌិត កែម ឡី ពីវត្តចាស់ក្នុងទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ?
តើហេតុអ្វីរហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនព្រមបង្ហាញកាមេរ៉ាសុវត្ថិភាពក្នុងហាងស្តារម៉ាត ជាទីដែលឃាតកឆក់យកជីវិតបណ្ឌិត កែម ឡី នោះឲ្យមហាជន និងក្រុមគ្រួសាររបស់បណ្ឌិត កែម ឡី បានឃើញ?

ចម្លើយចំពោះសំណួរទាំងអស់នេះ នៅតែគ្មាន និងនៅតែជាចម្ងល់សម្រាប់ក្រុមគ្រួសាររបស់បណ្ឌិត កែម ឡី និងក្រុមគ្រួសារជនរងគ្រោះដទៃទៀតដែលទន្ទឹងរង់ចាំយុត្តិធម៌ពីពិភពមួយដែលងងឹតសូន្យសុង ញាំញីទៅដោយសម្រែកហែកអស់ក្តីសង្ឃឹមក្នុងជំរំនៃភាពសោកសៅ៕