34 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង​ថា​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ជា​ការ​ព្យាយាម​បិទបាំង​កំហុស​របស់​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​លើ​យុវជន​ការពារ​បរិស្ថាន​នា​ពេល​កន្លងមក គឺជា​ការ​ព្យាយាម​បិទបាំង​នូវ​កំហុស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ មិន​អាច​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​លុប​បឹង លុប​ទន្លេ និង​ការ​ថែរក្សា​បរិស្ថាន​បាន។

ការ​លើកឡើង​របស់​សកម្មជន​បក្ស​ប្រឆាំង គឺ​រិះគន់​លើ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំរឿង​របស់​យុវជន​ការពារ​បរិស្ថាន​កាលពី​ពេល​ថ្មីៗ​នេះ។

សកម្មជន​បក្ស​ប្រឆាំង​លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បរិស្ថាន​ដូច​សព្វថ្ងៃ​នេះ គឺ​មានន័យ​ថា រដ្ឋាភិបាល​កំពុង​លើក​ទឹកចិត្ត និង​ជួយ​ការពារ​អ្នក​កាប់​ផ្លាញ​ព្រៃឈើ បំផ្លាញ​បរិស្ថាន ជាដើម ជាក់ស្តែង​មន្ត្រី​ទុច្ចរិត​មួយ​ចំនួន​បាន​គប់គិត​គ្នា​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ខ្មែរ​ក្រោម​រូបភាព​អភិវឌ្ឍ​គ្រប់​បែបយ៉ាង។

លោក​អះអាង​ថា ប្រទេស​មួយ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ ពិតប្រាកដ​ណាស់​ពលរដ្ឋ​នៃ​ប្រទេស​នោះ​គឺជា​ជនរងគ្រោះ។ ដូច្នេះ ពលរដ្ឋ​មិន​អាច​ពឹង​លើ​រដ្ឋាភិបាល​ដែល​យក​ច្បាប់​ធ្វើជា​ឧបករណ៍​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ស្លូតត្រង់​បន្ត​ទៀត​ទេ។ ប៉ុន្តែ​ជម្រើស​ល្អ និង​ជា​មធ្យោបាយ​ត្រឹមត្រូវ​សម្រាប់​ពលរដ្ឋ​ខ្មែរ គឺ​ត្រូវ​ប្រើ​សិទ្ធិ​អំណាច​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ចូលរួម​រិះគន់​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា។

លោក​បញ្ជាក់​ថា ដើម្បី​កែប្រែ​សង្គម​ពី​អយុត្តិធម៌​ទៅជា​សង្គម​យុត្តិធម៌ ពលរដ្ឋ​គ្រប់​គ្នា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការចូលរួម​ការពារ ទោះ​មាន​ការ​គាប​សង្កត់​បំបិទ​សិទ្ធិ​សេរីភាព​យ៉ាងណាក៏ដោយ ព្រោះ​ថា​ការ​តស៊ូ​របស់​ពលរដ្ឋ​គង់តែ​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​បើ​រដ្ឋាភិបាល​គាបសង្កត់​ហើយ តែ​ពលរដ្ឋ​មិន​ងើប​តវ៉ា នោះ​គេ​នឹង​បន្ត​ធ្វើ​បាប​ជា​រៀង​រហូត។

តុលាការ​ក្រុង​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះ​កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ លើ​សំណុំរឿង​របស់​យុវជន​ចំនួន ៧​នាក់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​ជាមួយ​គ្នា ក្នុង​នោះ​រួម​មាន លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី លោក មាន ព្រហ្មមុនី និង​លោក មួង សុភ័ក្ត ជាដើម។

ក្រោយ​សវនាការ​មួយ​ព្រឹក​ធំ សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​ជំនុំ​ជម្រះ​លើ​ករណី​នេះ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ បន្ត​ទៀត ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ជំនុំ​ជម្រះ​លើ​សំណុំរឿង​នេះ​កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០ និង​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ចំនួន​២​លើក​រួច​មក​ហើយ​នោះ។

សព្វថ្ងៃ​នេះ សកម្មជន​បរិស្ថាន​ទាំងនោះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​ទីក្រុង​ភ្នំពេញ ក្រោយ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​ផ្តើម​គំនិត​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។

សកម្មជន​បរិស្ថាន ក្រុម​ខ្មែរ​ថាវរៈ និង​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដូចជា​លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី និង​លោក មាន ព្រហ្មមុនី ជាដើម ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លងទៅ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ការ​ជួបជុំ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន។

ទាក់ទិន​នឹង​បញ្ហា​នេះ បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​ថា ច្បាប់​អយុត្តិធម៌​មិនមែន​ជា​ច្បាប់​នោះ​ទេ ដូច្នេះ​អ្នកជំនាញ​ផ្នែក​ច្បាប់​ត្រូវ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​បទចោទប្រកាន់​ឲ្យ​បាន​ច្បាស់លាស់ ត្បិត​ក្នុង​ក្រមព្រហ្មទណ្ឌ​ត្រូវ​បកស្រាយ​ឲ្យ​បាន​ហ្មត់ចត់ និង​មិន​អាច​ប្រាសចាក​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ​បាន​ឡើយ។

អ្នកវិភាគ​នយោបាយ​សង្គម​រូប​នេះ បញ្ជាក់​ថា ក្នុង​រដ្ឋធម្មនុញ្ញ​មិន​បាន​ចែង​ពី​ពាក្យ សន្តិសុខ​សង្គម នោះ​ទេ ប៉ុន្តែ​បាន​ចែង​ពាក្យ​ថា សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ដូច្នេះ ការ​ពិនិត្យ និង​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់ មិន​គ្រាន់តែ​អាច​រក​បាន​យុត្តិធម៌​ឲ្យ​ជន​ដែល​ត្រូវ​ចោទ​ដោយ​អយុត្តិធម៌​បាន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជួយ​ពង្រឹង​ច្បាប់​ដែល​យក​ទៅ​ចោទប្រកាន់​នោះ​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​នីតិរដ្ឋ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ព្រោះ​ថា​ច្បាប់​ដែល​ប្រាសចាក​ខ្លឹមសារ​ធម្មនុញ្ញ​ភាព គឺជា​ច្បាប់​អយុត្តិធម៌​ទាំងស្រុង។

កាលពី​ចុង​ឆ្នាំ​២០២០ មន្ត្រី​ជាន់ខ្ពស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន បាន​លើកឡើង​ក្នុង​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លើក​ទី​៤៥ ថា អាជ្ញាធរ​កម្ពុជា​គួរតែ​បញ្ឈប់​ការប្រើប្រាស់​បទបញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ​មិន​ត្រឹមត្រូវ ក្នុង​ចេតនា​រារាំង​ការរិះគន់​ដោយ​សន្តិវិធី និង​ការ​ទាមទារ​ជា​សាធារណៈ​ទៅកាន់​រដ្ឋាភិបាល​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស