40.6 C
Phnom Penh

វេណេហ្ស៊ុយអេឡា ចាប់ផ្ដើម​ដំណើរការ​ផ្សះផ្សា​នយោបាយ​ក្រោម​ទណ្ឌកម្ម​អាមេរិក​និង​សម្ពន្ធមិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក Nicolas Maduro ប្រកាស​ថា​កិច្ចសន្ទនា​ជាមួយ​បក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក Juan Guaido បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដែល​ឈាន​ទៅដល់​ការ​បើក​កិច្ច​ចរចា​ដោយ​ផ្ទាល់​នៅ​ពេល​ខាងមុខ​នេះ។

គេហទំព័រ​នៃ​សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែ​សីហា ថា រដ្ឋាភិបាល​លោក Nicolas Maduro បាន​ទាក់ទង​ទៅកាន់​លោក Juan Guaido ដើម្បីឲ្យ​យល់​ចិត្ត​គ្នា​ជា​មុន​សិន មុន​នឹង​ការ​ការចរចា​ចាប់ផ្ដើម។

លោក Maduro បាន​លើកឡើង​ទៀត​ថា កាលបរិច្ឆេទ​នៃ​ការ​បើក​កិច្ច​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ បន្ទាប់ពី​ប្រធានាធិបតី​ម៉ិចស៊ីកូ Andres Manuel Lopez Obrador ប្រាប់​អំពី​ការ​ធានា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ឱ្យ​មាន​ជំនួប​នេះ​ឡើង។

បើ​តាម​លោក Maduro របៀបវារៈ​សំខាន់ៗ​ចំនួន​៣ ត្រូវ​បាន​លើក​ទៅកាន់​តុ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ក្នុង​នោះ​រួម​មាន ការ​ដក​ទណ្ឌកម្ម​ប្រឆាំង​វេណេហ្ស៊ុយអេឡា ការ​ទទួលស្គាល់​ភាព​ស្រប​ច្បាប់​នៃ​អាជ្ញាធរ​នានា​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា និង​ការផ្សះផ្សា​គ្នា​ដើម្បី​បញ្ចប់​អំពើ​ហិង្សា។

លោក Maduro បាន​បញ្ជាក់​ថា លោក​គាំទ្រ​ទាំងអស់​ដែល​ប្រធានាធិបតី​ម៉ិចស៊ីកូ ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ក្នុង​ការចរចា​ដើម្បី​សន្តិភាព​ជាមួយ​ក្រុម​ប្រឆាំង​ដឹកនាំ​ដោយ​លោក Guaido។

លោក​បន្ត​ថា ការចរចា​ខាងមុខ​ដ៏​ឆាប់​នេះ នឹង​នាំ​ឱ្យ​មាន​ការ​ទុកចិត្ត​គ្នា​ឡើងវិញ ហើយ​កាត់បន្ថយ​បាន​នូវ​គំនុំ​ខាង​នយោបាយ​ដោយ​បើក​ផ្លូវ​ទៅ​រក​ការផ្សះផ្សា​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។

តែ​ជាមួយ​គ្នា​នេះ ប្រទេស​វេណេហ្ស៊ុយអេឡា បាន​រៀបចំ​ការបោះឆ្នោត​ផ្ទៃក្នុង​នៃ​គណបក្ស​កាន់​អំណាច PSUV ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​០៨ ខែ​សីហា។ ការ​បោះឆ្នោត​នេះ គឺជា​ការ​ត្រួសត្រាយ​ផ្លូវ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​នេះ ក្នុង​គោលបំណង​ចង់​ដឹង​ថា​មាន​អ្នក​គាំទ្រ​យ៉ាង​ណា​ដែរ​ឱ្យ​មាន​កិច្ច​សន្ទនា​នយោបាយ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ហែកហួរ​ដោយ​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។

ពលរដ្ឋ​វេណេហ្ស៊ុយអេឡា ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង ២០​លាន​នាក់ អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ផ្ទៃក្នុង​រៀបចំ​ឡើង​ដោយ​គណបក្ស​ឯកភាព​ជាតិ PSUV ដើម្បី​ជ្រើសរើស​បេក្ខជន​ដែល​ពួកគេ​ពេញ​ចិត្ត​ឲ្យ​ទៅ​ចូលរួម​ក្នុង​ការបោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ គឺ​បោះឆ្នោត​ជ្រើសរើស​អភិបាល និង​ក្រុមប្រឹក្សា​ខេត្ត-ក្រុង រួម​ទាំង​សភា​មូលដ្ឋាន។

ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​កំពុង​ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​អាមេរិក និង​សហភាព​អឺរ៉ុប គឺ​ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ចាប់តាំង​ពី​ឆ្នាំ​២០១៦ និង​ធ្ងន់ធ្ងរ​ទៀត​នោះ បន្ទាប់ពី​លោក Maduro កម្ចាត់​ក្រុម​ប្រឆាំង​មិន​ឱ្យ​មាន​សិទ្ធិ​បោះឆ្នោត​ប្រកួត​ជាមួយ​នឹង​លោក ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៨។ ការបោះឆ្នោត​នេះ លោក Maduro កើប​សន្លឹកឆ្នោត​តែ​ម្នាក់ឯង ស្រប​ពេល​មាន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មិន​ដល់ ៤០% ផង​នោះ។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ថ្កោលទោស​ការបោះឆ្នោត​នេះ ហើយ​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក Maduro ដោយ​ប្រាប់​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ និង​បក្ស​ប្រឆាំង​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស