34 C
Phnom Penh

ពលរដ្ឋ​ឃុំ​បិតត្រាំង​បារម្ភ​ជា​ខ្លាំង​ករណី​មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចេញ​ប្លន់​ទ្រព្យសម្បត្តិ ដុត​ផ្ទះ និង​គំរាម​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្ដែង​ការ​ព្រួយបារម្ភ​ដោយសារ​មួយ​រយៈ​កន្លងមក​នេះ​មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចេញ​ប្លន់​ទ្រព្យសម្បត្តិ ដុត​ផ្ទះ ព្រមទាំង​គំរាម​សម្លាប់​ពលរដ្ឋ​ថែមទៀត​ផង។

ប្រភព​ដដែល​អះអាង​ថា នៅ​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​រស់នៅ គឺ​មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ​វែង កាំបិត ចំពាម​កៅស៊ូ និង​កាំភ្លើង​កែច្នៃ​ជាដើម បាន​ដើរ​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ គំរាម​សម្លាប់ និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់​ជាបន្តបន្ទាប់ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​បាន​ធ្វើ​ការ​ចុះ​ស៊ើប​អង្កេត ឬ​តាម​ចាប់​ជន​សង្ស័យ​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។

ពលរដ្ឋ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​ច្រើន​នាក់ បាន​ចូល​ប្លន់​ទ្រព្យសម្បត្តិ គំរាម​បាញ់​សម្លាប់ និង​បាន​វាយដំ​ទាត់​ធាក់​ពួកគាត់​ឲ្យ​រង​របួស​យ៉ាង​ដំណំ រួច​ក៏​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។

ប្រភព​ដដែល​បន្ត​ថា ក្រុម​ចោរ​ប្លន់​ទាំងនោះ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន ២​ដើម ចំពាម​កៅស៊ូ កាំបិត និង​កាំភ្លើង​ស្នប់ ឬ​កាំភ្លើង​កែច្នៃ​គ្រប់​ដៃ បាន​សម្រុក​ចូល​ធ្វើ​សកម្មភាព​ប្លន់​ពលរដ្ឋ​នៅ​ម្តុំ​ជិត​ភ្នំ​ត្រងោល ស្ថិត​ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អំពើ​ប្លន់ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ក្រុម​ចោរ​ប្លន់​ទាំងនោះ​ក្រៅពី​បាន​ប្រមូល​យក​ទ្រព្យសម្បត្តិ លុយកាក់ ទូរស័ព្ទ​ដៃ​របស់​អ្នកភូមិ​អស់​ជាច្រើន​គ្រឿង​ហើយ ជន​ដៃដល់​ទាំងអស់​នោះ​បាន​ដុត​ម៉ូតូ រថយន្ត និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ពលរដ្ឋ​អស់​ជាច្រើន​ខ្នង​ថែមទៀត។

ក្រុម​អ្នក​ស្រុក​ស្នើ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បញ្ចេញ​កម្លាំង​ជំនាញ​ចុះ​ស៊ើប​អង្កេត​លើ​ករណី​ក្រុម​ប្លន់​ប្រដាប់​អាវុធ​ដែល​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​នេះ​ផង។

លោក មៀច ចាន់ មេឃុំ​បិតត្រាំង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្តី​បារម្ភ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​លើ​ករណី​មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ រូប​លោក​បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​ស្រាវជ្រាវ​រួចហើយ។ ករណី​នេះ លោក​សង្ស័យ​ថា​អាច​ជា​រឿង​ឈ្លោះ​ដណ្ដើម​ដី​គ្នា​រវាង​ភាគី​ម្ខាង​ទៀត​ដែល​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​មាន​បុណ្យស័ក្តិ​ខ្ពស់ ស្ថិត​ក្នុង​ស្ថាប័ន​ប្រដាប់​អាវុធ​ជា​អ្នក​កាង​ការពារ។

ចំណែក​លោក តាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​បិតត្រាំង បាន​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា ករណី​អំពើ​ប្លន់​ខាងលើ​នេះ​នៅ​មិនទាន់​កំណត់​មុខសញ្ញា​បាន​ទេ ព្រោះ​ពេល​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ពលរដ្ឋ​រងគ្រោះ គឺ​មិន​ឃើញ​ភាគី​ម្ខាង​ទៀត​នៅ​កន្លែង​កើតហេតុ​ឡើយ។

ចំពោះ​ករណី​នេះ ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ចោទ​សមត្ថកិច្ច​មូលដ្ឋាន​ថា​ហាក់​មិនសូវ​យកចិត្ត​ទុកដាក់​លើ​ការងារ​ថែរក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​នោះ​ទេ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ឃុំ​បិតត្រាំង លើកឡើង​ថា​មាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មាន​គ្នា​ច្រើន​នាក់​បាន​ប្លន់​ទ្រព្យសម្បត្តិ​ពួកគាត់ និង​បាន​វាយ​សំពង​ធ្វើ​បាប ហើយ​ដុត​ផ្ទះ​ពួកគាត់​បំផ្លាញ​ចោល​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស