34 C
Phnom Penh

អាមេរិក​និង​ឥណ្ឌា​ព្រួត​គ្នា​វាយប្រហារ​ចិន​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​បេសកកម្ម​ប្រទេស​ចិន នៅ​អង្គការ​សហប្រជាជាតិ បាន​ព្យាយាម​បកស្រាយ​រក​ត្រូវ​របស់​ខ្លួន​នៅ​ក្រោម​ការ​ព្រួត​គ្នា​វាយប្រហារ​ធ្ងន់ៗ​ពី​សំណាក់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា នូវ​អ្វី​ដែល​ចោទ​ចិន​ថា​ជា​រដ្ឋ​ដ៏​ធំ​មួយ​បង្ក​ការ​អុកឡុក​រំលោភ​ច្បាប់​សមុទ្រ​អន្តរជាតិ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​អង្គការ​សហប្រជាជាតិ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៩ សីហា ហាក់​មាន​ភាព​តានតឹង​ជា​ខ្លាំង ដែល​ជា​ការវាយប្រហារ​ទៅលើ​ប្រទេស​ចិន ព្រមៗ​គ្នា​តែម្ដង​ពាក់ព័ន្ធ​នឹង​មហិច្ឆតា​របស់​ចិន​ក្នុង​ការ​វាតទី​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង ដោយ​រំលោភ​ដែនទឹក​ប្រទេស​ជិតខាង និង​បំពាន​ច្បាប់​អន្តរជាតិ​ទៀត ដែល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ញូដែលី ចោទ​ចិន​ថា​ជា​អ្នក​ធ្វើ​ឱ្យ​ពិភពលោក​នឹង​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken បាន​ព្រមាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា ជម្លោះ​នេះ​គឺ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ជួប​ផលវិបាក ទាំង​សន្តិសុខ និង​មុខ​ជំនួញ​ពាណិជ្ជកម្ម​សមុទ្រ បើ​ចិន​មិនព្រម​បញ្ឈប់​មហិច្ឆតា​របស់​ខ្លួន​ទេ​នោះ។

សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ផ្ទៃ​ទឹក ៣​លាន​គីឡូម៉ែត្រ​ក្រឡា និង​មាន ២៥០​កោះ កំពុង​ធ្លាក់​ក្នុង​ជម្លោះ​រវាង​ប្រទេស​ចិន និង​ប្រទេស​ចំនួន​៦ នៅ​ក្នុង​តំបន់។ ប្រទេស​ទាំងនោះ​រួម​មាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ ឥណ្ឌូនេស៊ី និង​កោះ​តៃវ៉ាន់។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយ​ជា​វាល​វាស់​កម្ដៅ​នៃ​ការ​ធ្វើ​តេស្ដ​អំពី​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​មហាយក្ស​ចិន ដែល​មើល​ទៅ​ទីក្រុង​វ៉ាស៊ីនតោន មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការប្រកាស​របស់​ទីក្រុង​ប៉េកាំង ដែល​ថា​ចិន​មាន​កម្មសិទ្ធិ​ដល់ ៩០% នៃ​ផ្ទៃ​សមុទ្រ​ទាំងមូល។ សហរដ្ឋ​អាមេរិក​បាន​ទាត់ចោល​នូវ​ការ​អះអាង​របស់​ចិន​បែប​នេះ ហើយ​មិន​តែប៉ុណ្ណោះ មហាអំណាច​មួយ​នេះ​បាន​សម្រេច​បញ្ជូន​នាវា​ចម្បាំង​ទៅ​ដាក់​ពង្រាយ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​បញ្ចុះបញ្ចូល​សម្ពន្ធមិត្ត​ឱ្យ​ងើប​ឡើង​ប្រឆាំង​ចិន ទៀត​ផង។

ថ្លែង​ទៅកាន់​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken អះអាង​ថា សហរដ្ឋ​អាមេរិក​មិន​អាច​ឈរ​មើល​ប្រទេស​ទន់ខ្សោយ​ដែល​ត្រូវ​បាន​ប្រទេស​ធំៗ​រំលោភ​បំពាន​នោះ​ទេ ដែល​លោក​ថា​មិន​ត្រឹម​រំលោភ​ដែន​អធិបតេយ្យ​ប្រទេស​នោះ​ទេ គឺ​បាន​រំលោភ​ច្បាប់​សមុទ្រ​អន្តរជាតិ​ផង​ដែរ។ ដូច្នេះ វា​នាំ​ឱ្យ​មាន​អស្ថិរភាព​លំហ​សមុទ្រ ហើយ​រាំង​ខ្ទប់​ដល់​សេរីភាព​នៃ​នាវាចរណ៍​អន្តរជាតិ។ លោក​បាន​ប្រាប់​ទៅ​ក្រុង​ប៉េកាំង ថា ត្រូវ​បោះបង់​ចោល​មហិច្ឆតា​បែប​នេះ។

មិន​បាន​មួយ​នាទី​ផង នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ដែល​ជា​ប្រធាន​វេន​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​សម្រាប់​ខែ​សីហា បាន​ឡើង​បន្ទរ​ដោយ​វាយប្រហារ​ប្រទេស​ចិន​តែម្តង។ លោក​បាន​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង ថា ត្រូវ​គោរព​ច្បាប់​អន្តរជាតិ ត្រូវ​ទុក​ឱកាស​ឱ្យ​ប្រទេស​ទន់ខ្សោយ​បាន​រស់នៅ​លើ​លោក​យើង​នេះ​ផង។ លោក​អំពាវនាវ​ឱ្យ​មាន​សន្ធិសញ្ញា​អន្តរជាតិ​មួយ​អំពី​កិច្ចសហប្រតិបត្តិការ និង​ការយោគយល់ ដើម្បី​សន្តិសុខ​លំហ​សមុទ្រ ដោយ​ផ្អែក​លើ​គោលការណ៍​អន្តរជាតិ ក្នុង​នោះ​រួម​មាន​ការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ដោយ​សន្តិវិធី និង​ឲ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ។

លោក​ទទូច​ថា ក្នុង​ក្របខ័ណ្ឌ​នេះ ត្រូវ​រួមគ្នា​បើក​ចំហ​ពាណិជ្ជកម្ម​សមុទ្រ ការ​ថែរក្សា​រួមគ្នា​នូវ​ធនធាន​សមុទ្រ​ដោយ​ទប់ស្កាត់​មហន្តរាយ​នានា ជួយ​ការពារ​បរិស្ថាន​សមុទ្រ និង​នាំគ្នា​ប្រឆាំង​ចោរ​សមុទ្រ។

តែ​បែប​នេះ​ក្ដី តំណាង​ប្រទេស​ចិន ដែល​មាន​តួនាទី​ជា​អនុប្រធាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោក Dai Bing បាន​ប្រតិកម្ម​ដោយ​ចោទ​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​ចាក់រុក​បង្ក​ឱ្យ​មាន​វិបត្តិ​ដែនសមុទ្រ ដោយ​ការ​បញ្ជូន​នាវា​ចម្បាំង និង​យន្តហោះ​ចម្បាំង​ទៅ​បង្ក​អស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង។ លោក​បន្ត​ថា អាមេរិក​ជា​ប្រទេស​បង្ក​រឿង​មិន​ចេះ​ចប់ អស់​ពី​រឿង​នេះ ទៅ​រឿង​នោះ ហើយ​ចោទ​ថា​អាមេរិក​ជា​ប្រទេស​រុញច្រាន​ឱ្យ​មាន​ហានិភ័យ​លំហ​សមុទ្រ ជាពិសេស​តំបន់​អាស៊ី។

លោក Dai Bing បាន​ប្រាប់​ថា ការពិត​សហរដ្ឋ​អាមេរិក​វិញ​ទេ​ដែល​មិន​ត្រូវ​ចូល​ខ្លួន​មក​ពាក់ព័ន្ធ​នឹង​តំបន់​ប្រទេស​ដទៃ។ លោក​អះអាង​ថា ប្រទេស​ក្នុង​តំបន់​គេ​ចេះ​រក​ដំណោះស្រាយ​ដោយ​ខ្លួន​គេ​ហើយ ព្រោះ​វា​ជា​តំបន់ និង​ផលប្រយោជន៍​របស់​ពួកគេ។

តំណាង​ប្រទេស​ចិន​រូប​នេះ បាន​ព្យាយាម​វាយបក​វិញ ដោយ​ចោទ​អាមេរិក​ថា​ជា​អ្នក​រំលោភ​ច្បាប់​សមុទ្រ​អន្តរជាតិ ហើយ​ដើរ​តួនាទី​ជា​ចៅក្រម​កាត់​សេចក្ដី គឺ​ការពិត​មាន​គោលដៅ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ និង​ដែន​អធិបតេយ្យ​នៅ​ក្រៅ​តំបន់​របស់​ខ្លួន។

តែ​បែប​ណា លោក Dai Bing បាន​អះអាង​ថា ប្រទេស​ចិន និង​សមាគម​អាស៊ាន បាន​កំពុង​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ឈរ​លើ​គោលការណ៍​យោគយល់​គ្នា​ជា​ធំ។

នេះ​ជា​លើកដំបូង​ហើយ​ដែល​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និយាយ​ស៊ី​ជម្រៅ​នៃ​របៀបវារៈ​អំពី​សន្តិសុខ​សមុទ្រ ក្រោម​ការ​សម្របសម្រួល​កិច្ចប្រជុំ​ដោយ​ប្រទេស​ឥណ្ឌា និង​ការ​ឡើង​ថ្លែង​ហេតុ​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា ម៉ូឌី ដោយ​បាន​ព្រួត​វាយប្រហារ​រួមគ្នា​លើ​ប្រទេស​ចិន ទោះ​ជា​កិច្ចប្រជុំ​ដ៏​តានតឹង​នេះ​ធ្វើ​តាម​រយៈ Video conference ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស