សមាជិកគណបក្សសង្គ្រោះជាតិក្រៅប្រទេសនៅប៉ែកអឺរ៉ុប (CNRP-O) កំពុងបែកបាក់សាមគ្គីយ៉ាងធ្ងន់ធ្ងរ ដោយសារតែខ្វែងគំនិតគ្នាចំពោះការមិនគាំទ្រគណបក្សថ្មី គឺគណបក្សបេះដូងជាតិ ដែលមានការចោទថា គណបក្សថ្មីនេះកាងពីក្រោយដោយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង។
ប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-A) និងជាអនុប្រធាន CNRP-O (CNRP-Oversea) ប្រចាំនៅប៉ែកអឺរ៉ុប លោក ឡោ ឡៃសូ បានចេញលិខិតជូនដំណឹងដល់ប្រធានសាខាប្រចាំសហរដ្ឋអាមេរិកទាំងអស់កាលពីថ្ងៃទី១១ ខែសីហា ថា អគ្គលេខាធិការ CNRP-O លោក ជា គឹមលី កំពុងធ្វើសកម្មភាពបំបែកបំបាក់កម្លាំង CNRP-O ឲ្យទៅគាំទ្របក្សថ្មីដែលទើបបង្កើត គឺគណបក្សបេះដូងជាតិ។
លោកបន្តថា តួនាទីរបស់ក្រុមទីប្រឹក្សា CNRP-O គឺការពារ និងពង្រឹងគណបក្សសង្គ្រោះជាតិតាមស្មារតីសន្និសីទកាលពីថ្ងៃទី២ ធ្នូ ក្នុងទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ប៉ុន្តែស្មារតីនេះនឹងបាត់បង់ទៅវិញនៅពេលមានគេបង្ខំឲ្យសមាជិកគណបក្សសង្គ្រោះជាតិ គាំទ្របក្សតូចៗដែលផ្ទុយពីចរន្តជាតិដែលតែងប្ដេជ្ញាចិត្តថា នឹងរុញគណបក្សសង្គ្រោះជាតិឲ្យមានវត្តមានក្នុងការបោះឆ្នោតឆ្នាំ២០២២ ខាងមុខ។
លោក ឡោ ឡៃសូ អះអាងថា ក្រុមទីប្រឹក្សា CNRP-O មិនចាប់អារម្មណ៍លើគណបក្សថ្មីទាំងអស់ដែលបានកើតចេញពីគណបក្សសង្គ្រោះជាតិនោះទេ បើទោះបីជាបក្សទាំងនោះបានបង្កើតឡើងដោយអនុប្រធានគណបក្សសង្គ្រោះជាតិ ដូចជាគណបក្សបេះដូងជាតិក៏ដោយ ក៏អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ លោក ជា គឹមលី មិនអាចចោទក្រុមទីប្រឹក្សា CNRP-O ថាប្រឆាំងនឹងគោលការណ៍គណបក្សសង្គ្រោះជាតិបានដែរ។
សមាជិកបក្សប្រឆាំងនៅក្រៅស្រុកដដែលនេះ បញ្ជាក់ថា ក្រុមទីប្រឹក្សា CNRP-O មានការសោកស្តាយយ៉ាងខ្លាំង ដោយសារលោក ជា គឹមលី បែរជាឆ្លៀតឱកាសបង្ខំឲ្យព្យួរតួនាទីក្រុមទីប្រឹក្សា CNRP-O ទៅវិញ។
លោកបន្តថា បើទោះបីជាការបង្ខំនេះមិនបានសម្រេចក៏ដោយ ក៏ជាការបង្ហាញនូវទង្វើបំបែកបំបាក់ក្នុងចលនាក្រៅស្រុកយ៉ាងធ្ងន់ធ្ងរដែរ។
លិខិតរបស់ប្រធានសាខា CNRP-A និងជាអនុប្រធាន CNRP-O ប្រចាំប៉ែកអឺរ៉ុប លោក ឡោ ឡៃសូ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ គឺធ្វើឡើងដើម្បីបដិសេធមិនគាំទ្រគណបក្សថ្មីៗទាំងអស់ ទោះបក្សទាំងនោះត្រូវបានបង្កើតឡើងដោយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ក៏ដោយ។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អនុប្រធាន CNRP-A ដែលទើបលាលែងពីតំណែង លោក យ៉ង់ ប្រេឌី ណុយ បានសរសេរលើគណនី Facebook របស់លោកដោយភ្ជាប់ជាមួយលិខិតរបស់លោក ឡោ ឡៃសូ ថា ពួកអាមាត្យចង់យកស្ថាប័ន CNRP-A និង CNRP-O ទៅលក់ឲ្យគណបក្សបេះដូងជាតិរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង តែសំណាងល្អ ក្រុមប្រឹក្សាភិបាល CNRP-O ប្រឆាំងដាច់អហង្ការនូវទង្វើក្បត់បក្សនេះ បើមិនដូច្នោះទេ ស្មារតីគណបក្សសង្គ្រោះជាតិនឹងត្រូវខ្ទេចខ្ទីមិនខាន។
មួយរយៈពេលចុងក្រោយនេះ ចលនាក្រៅស្រុក CNRP-O ភាគីលោក សម រង្ស៊ី ហាក់មានវិបត្តិផ្ទៃក្នុងជាប់ៗគ្នា ក្រោយមន្ត្រីកំពូលៗគណបក្សសង្គ្រោះជាតិព្យាយាមបង្ខំឲ្យសមាជិកបក្សប្រឆាំងទាំងនោះបោះបង់ចោលស្មារតីគណបក្សសង្គ្រោះជាតិ ហើយនាំគ្នាទៅចូលរួមក្នុងគណបក្សដែលពួកគេទើបនឹងបង្កើតថ្មី គឺគណបក្សបេះដូងជាតិ ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ។
ដោយសារតែបញ្ហានេះ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ អនុប្រធានគណបក្សសង្គ្រោះជាតិ CNRP-A លោក យ៉ង់ ប្រេឌី ណុយ បានលាលែងពីតំណែងរបស់ខ្លួនដោយប្រកាសជំហរបន្តស្មារតីសង្គ្រោះជាតិតទៅទៀត ខណៈអ្នកស្រី Nalen Smith ហេរញ្ញិករបស់ CNRP-A ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក៏បានដាក់លិខិតលាលែងពីមុខតំណែងចំនួន៤ របស់អ្នកស្រីផងដែរនោះ។
ជុំវិញការបង្កើតបក្សថ្មីរបស់មន្ត្រីកំពូលបក្សប្រឆាំងនេះ ត្រូវគេរិះគន់ថា ការប្រកាសរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលធ្លាប់និយាយថា មន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាការចាញ់បោក និងលក់ខ្លួនឲ្យលោក ហ៊ុន សែន នោះ គឺគ្រាន់តែជាការអះអាងដែលមិនយកជាការបានតែប៉ុណ្ណោះ។ ក្រុមអ្នករិះគន់ខ្លះនិយាយថា ការបង្កើតគណបក្សបេះដូងជាតិ នេះ គ្មានអ្នកណាផ្សេងក្រៅពីមន្ត្រីកំពូលប្រឆាំងទាំងនោះទេ ជាពិសេសគឺលោក សម រង្ស៊ី ខ្លួនលោកតែម្តង៕