38.3 C
Phnom Penh

CNRP ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​និង​រដ្ឋាភិបាល​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​ជា​ឆាកល្ខោន​នយោបាយ​រៀបចំ​ឡើង​ដោយ​មេដឹកនាំ​ក្រាញ​អំណាច​លោក ហ៊ុន សែន ដើម្បី​បោក​បញ្ឆោត​ភ្នែក​ជាតិ និង​អន្តរជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ស្រុក ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៥ កក្កដា នេះ ដោយ​ទាត់​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ ដែល​គេ​ចាត់ទុក​ថា​ការ​បោះឆ្នោត​នេះ​គឺជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​មេដឹកនាំ​រំលោភ​ច្បាប់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត ដោយសារ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម និង​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រួម​ទាំង​បាន​ធ្វើ​ទុក្ខបុកម្នេញ​តាម​ទំនើងចិត្ត​គ្រប់​រូបភាព​លើ​ថ្នាក់​ដឹកនាំ សកម្មជន​គណបក្ស​ប្រឆាំង ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ធ្ងន់ធ្ងរ។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា អំឡុង​ពេល​បោះឆ្នោត និង​ពេល​រាប់​សន្លឹកឆ្នោត លោក ហ៊ុន សែន បាន​ចាប់ចង និង​គំរាមកំហែង​ប្រជាពលរដ្ឋ​ដែល​សម្ដែង​មតិ​មិន​ពេញចិត្ត​ដោយ​ការ​គូស​ខ្វែង​លើ​សន្លឹកឆ្នោត​ជា​បន្តបន្ទាប់ ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ក៏​បាន​បិទ​ទ្វារ និង​បិទ​បង្អួច​រាប់​សន្លឹកឆ្នោត ដើម្បី​បន្លំ​ចំនួន​សន្លឹកឆ្នោត​ដែល​ប្រជាពលរដ្ឋ​បាន​គូសសញ្ញា​ខ្វែង​ផង​ដែរ។

ការ​ច្រានចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ត្រូវ​បាន​បិទ​បញ្ចប់​ក្រោម​រូបភាព​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដែល​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​បាន​ចែង។

កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​សរុប​ព្រឹត្តិការណ៍​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ នេះ​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ មាន​សន្តិសុខ សុវត្ថិភាព គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាគម​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី នូវែលហ្សេឡង់ និង​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​មក​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នេះ តាម​ការ​អញ្ជើញ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា នេះ​ដែរ​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ប្រកប​ដោយ​យុត្តិធម៌ សន្តិភាព និង​តម្លាភាព។

យ៉ាងណា​ក៏ដោយ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៤ កក្កដា នេះ​ថា បន្ទាប់ពី​លោក​សង្កេតការណ៍​ដោយ​យកចិត្ត​ទុកដាក់​ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ លោក​អាច​វាយតម្លៃ​បាន​ថា ស្ថានភាព​ជាក់ស្តែង​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​មិន​ដូច​ការ​លើកឡើង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​របាយការណ៍​ផ្សេងៗ​ដែល​អះអាង​ថា​ការ​បោះឆ្នោត​នេះ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។

លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច​ពី​ការ​គំរាមកំហែង​នានា​នៅ​ពេល​ដែល​ពួកគាត់​បាន​សម្ដែង​ឆន្ទៈ​ទៅតាម​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​ភស្តុតាង​ទាំងនេះ​អាច​បញ្ជាក់​បាន​ថា ប្រជាពលរដ្ឋ​បាន​រង​នូវ​ការ​គាបសង្កត់​សិទ្ធិ និង​សេរីភាព​របស់​គាត់​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្ដែង​ឆន្ទៈ​មិន​ពេញចិត្ត​ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ អំឡុង​ពេល​ដែល​ការ​បោះឆ្នោត​កំពុង​ដំណើរការ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជិត ៥០​នាក់ ដោយ​ចោទប្រកាន់​ថា​ពួកគេ​បាន​ញុះញង់​ឱ្យ​មាន​ការ​បំផ្លាញ​ការ​បោះឆ្នោត បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​ជជែក​គ្នា​នៅ​ក្នុង​គ្រុប​តេឡេក្រាម​មួយ​ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ ជាដើម ប៉ុន្តែ​សិទ្ធិ​នានា​របស់​ប្រជាពលរដ្ឋ​ក្រោម​ការ​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រង​នូវ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ចោទ​ប្តឹង ការ​ចាប់​ឃុំ​ខ្លួន និង​ការ​គំរាមកំហែង​តាម​រូបភាព​ផ្សេងៗ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស