42.2 C
Phnom Penh

ក្រុម​តាមដាន៖ លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​វិល​ចូល​ស្រុក​គឺជា​ល្បែង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តាមដាន​សង្គម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​អំពាវនាវ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឱ្យ​អ្នក​ដែល​ធ្លាប់​គាំទ្រ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក វិល​ទៅ​កម្ពុជា​វិញ​ដោយ​គ្មាន​ទោសពៃរ៍ គឺ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ​ចាញ់​ដែល​នឹង​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន មិនមែន​ជា​នយោបាយ​បង្រួបបង្រួម​ជាតិ​ទេ ប៉ុន្តែ​ជា​ការ​រំលេច​ឱ្យ​ឃើញ​នូវ​ល្បែង​នយោបាយ​យក​ឈ្នះ​ចាញ់​ជាមួយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ ដែល​នឹង​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង​ទៅវិញ​ប៉ុណ្ណោះ ត្បិត​ការ​ដឹកនាំ​នយោបាយ​រក​ការ​ឯកភាព​ជាតិ ទាល់​តែ​គូភាគី​នយោបាយ​ទាំងអស់​អាច​បញ្ចប់​ជម្លោះ​ដោយ​ការ​ចរចា​ជាមួយ​គ្នា។

លោក គឹម សុខ អះអាង​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​ទាក់ទាញ​មនុស្ស​ល្បីៗ និង​សកម្មៗ​ដែល​ធ្លាប់​គាំទ្រ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក​កន្លងមក ដោយ​ប្រើ​ចំណុច​ខ្សោយ​របស់​ពួកគេ​ដែល​អាណិត​ស្រឡាញ់ និង​តែងតែ​នឹក​ស្រុក​កំណើត​របស់​ខ្លួន​ធ្វើជា​នុយ​នោះ គឺជា​ផែនការ​កម្ទេច​ប្រភព​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក ឱ្យ​រលាយ​សាបសូន្យ​ប៉ុណ្ណោះ ដើម្បី​កុំ​ឱ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មាន​កម្លាំង​ប្រឆាំង​នឹង​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​របស់​គាត់​ទៅ​ថ្ងៃក្រោយ​បន្ត​ទៀត។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន ពិត​ជា​មាន​ចេតនា​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ស្រុក​អាច​វិលត្រឡប់​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យខ្លាច​ពី​ការ​ដឹកនាំ​របស់​គាត់​មែន អ្វី​ដែល​គាត់​ត្រូវ​ធ្វើ គឺ​ត្រូវតែ​បញ្ចប់​ជម្លោះ​នយោបាយ​ដោយ​ការ​ចរចា​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នោះ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ស្រុក​គ្រប់​រូប ប្រាកដ​ជា​វិល​ទៅ​ស្រុក​កំណើត​វិញ​ដោយ​មិន​ចាំបាច់​ធ្វើការ​អំពាវនាវ​ដូច​ពេលនេះ​ទេ។

លោក​គូស​បញ្ជាក់​ថា ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្រៅ​ស្រុក​វិល​ទៅ​កម្ពុជា​នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​គាត់​កំពុង​ដឹកនាំ​ដោយ​ការ​ចាប់​ខ្លួន ការ​ចោទ​ប្តឹង​អ្នក​តវ៉ា និង​ការ​រំលោភ​ច្បាប់​គ្រប់​បែប​យ៉ាង​ដូច​សព្វថ្ងៃ​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​អំពាវនាវ​របស់​មេដឹកនាំ​ខ្មែរក្រហម ដែល​ប្រកាស​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ស្រុក​វិល​ទៅ​រស់នៅ​ក្នុង​ការ​ដឹកនាំ​ដ៏​ព្រៃផ្សៃ​របស់​ខ្លួន​កាលពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០ ដូច្នោះ​ដែរ។

កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អំពាវនាវ​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស​និទ្ទេស A នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជ្រោយចង្វារ ឱ្យ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ហើយ​លោក​នឹង​មិន​យក​ទោសពៃរ៍​អ្នក​ដែល​ធ្លាប់​គាំទ្រ​បក្ស​ប្រឆាំង​អ្វី​ទាំងអស់ បើ​ទោះបីជា​ពួកគេ​ធ្លាប់​រិះគន់​រដ្ឋាភិបាល​របស់​លោក​កាលពី​ពេល​កន្លងទៅ​ក៏ដោយ។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​កំពុងតែ​ដឹកនាំ​នយោបាយ​រក​ការ​បង្រួបបង្រួម​ជាតិ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​យូរអង្វែង​ទៅ​ថ្ងៃ​មុខ ដូច្នេះ​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក ក៏​នៅតែ​អាច​រួម​រស់​ជាមួយ​គ្នា​បាន​ដែរ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន នៅតែ​ព្រមាន​ថា លោក​នឹង​មិន​បណ្តោយ​ឱ្យ​ប្រទេស​កម្ពុជា​ក្រឡាប់ចាក់​ដោយ​ស្នាដៃ​ក្រុម​ជ្រុល​និយម​ជាដាច់ខាត។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា រិះគន់​ថា ការ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​តែ​ជោគជ័យ​លើ​នយោបាយ​ដឹកនាំ​ចំពោះ​គូប្រជែង​របស់​គាត់​ប៉ុណ្ណោះ មិនមែន​ដើម្បី​សេចក្តី​សុខ​សន្តិភាព​របស់​កម្ពុជា​នោះ​ទេ។

លោក​បន្ថែម​ថា បើ​ទោះបីជា​សព្វថ្ងៃ​នេះ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន អះអាង​ថា​មាន​សន្តិភាព​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ពី​ការ​គំរាមកំហែង​ដដែល។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​ឱ្យ​ប្រាកដ​ថា​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ដើម្បី​តែ​បំបែក​បំបាក់​សាមគ្គី​ជាតិ​ខ្មែរ​មែន ឬ​ក៏​អត់​នោះ គេ​អាច​មើល​ទៅ​លើ​រឿងរ៉ាវ​ខុស​ច្បាប់​ជាច្រើន​ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត ដូចជា​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឱ្យ​ផ្ទៃក្នុង​ជាតិ​ខ្មែរ​ទាំងមូល​បែកបាក់​រហូត​សម្លាប់​គ្នា​ឯង​យ៉ាង​រង្គាល​លើ​កងទ័ព​ជាតិ​រាជា​និយម​ពី​សំណាក់​កងទ័ព​រដ្ឋ​កម្ពុជា ដែល​បញ្ជា​ដោយ​លោក ហ៊ុន សែន នៅ​ពេល​នោះ។

ជាង​នេះ​ទៀត ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កាន់តែ​បង្ហាញ​យ៉ាង​ច្បាស់​ពី​អត្តចរិត​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​នៅតែ​មាន​បំណង​បំផ្លាញ​នូវ​ការ​ឯកភាព​ជាតិ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស