អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ (CENTRAL) ស្នើដល់រដ្ឋាភិបាលកម្ពុជារៀបចំវិធានការដើម្បីធានាសុវត្ថិភាពស្បៀងអាហារ ការស្នាក់នៅ និងសុវត្ថិភាពសុខមាលភាពដល់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ វិញក្នុងពេលនេះ។
អង្គការសង់ត្រាល់ បានលើកឡើងក្នុងបណ្ដាញសង្គមរបស់ខ្លួនថា អ្នកឃ្លាំមើលរបស់ខ្លួនតាមព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា តាមព័ត៌មានដែលទទួលបានក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣ និងទី១៤ ខែសីហា ឆ្នាំ២០២១ មានពលករជាង ១ពាន់នាក់ក្នុងមួយថ្ងៃៗបានឆ្លងដែនពីថៃ ចូលមកកម្ពុជាវិញ។
ក្រុមការងារអង្គការសង់ត្រាល់ បានចុះតាមខេត្តមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានសម្គាល់ឃើញថា ក្នុងចំណោមច្រកតូចធំតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួនប្រមាណ ១១ច្រក មានតែ ៥ច្រកប៉ុណ្ណោះដែលមានការរៀបចំទទួល និងដឹកជញ្ជូនពលករទៅកាន់មណ្ឌលចត្តាឡីស័កក្រោមការរៀបចំដោយអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមគ្រូពេទ្យ។
ច្រកទាំងនោះរួមមាន៖
- ច្រកអូស្មាច់ ស្ថិតនៅមូលដ្ឋានក្រុងសំរោង ខេត្តឧត្តរមានជ័យ
- ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
- ច្រកអូរបីជាន់ និងច្រកអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
- និងច្រកអូរអន្លក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ការសម្រុកវិលមកកម្ពុជាវិញរបស់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ គឺបន្ទាប់ពីស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសថៃ កាន់តែធ្ងន់ធ្ងរឡើងៗ។
ប្រភពពីពលករកម្ពុជាកំពុងធ្វើការនៅប្រទេសថៃ បានឲ្យដឹងថា នៅអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីពលករកម្ពុជាកំពុងធ្វើការនៅរោងចក្រ GFN ដ៏ធំដែលស្ថិតនៅស្រុកណងយ៉ៃ ខេត្តឈុនបុរី បានស្លាប់ចំនួន ៣នាក់ និងដួលសន្លប់បន្តបន្ទាប់ដោយមិនដឹងមូលហេតុពិតប្រាកដ។ ប្រភពដដែលថា ពលករបរទេសដែលនៅកំពុងធ្វើការនៅក្នុងរោងចក្រ GFN មានរហូតដល់ជាង ៤ពាន់នាក់ ក្នុងនោះមានពលករកម្ពុជាជាង ៣ពាន់នាក់។ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើតេស្ដរកឃើញវិជ្ជមានជំងឺ Covid-19 លើពលករកម្ពុជាជាង ១ពាន់នាក់ហើយ ស្របពេលពលករជាង ២ពាន់នាក់ទៀតកំពុងតែជាប់ពាក់ព័ន្ធក្នុងពេលរាលដាលនៃជំងឺ Covid-19 ផងដែរ។

អង្គការសង់ត្រាល់ ថាហេតុការណ៍នេះបានបង្កឲ្យពលករកម្ពុជាជាច្រើនពាន់នាក់មានក្តីបារម្ភកាន់តែខ្លាំងឡើង និងចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
ទោះយ៉ាងណា អង្គការសង់ត្រាល់ស្នើដល់រដ្ឋាភិបាលកម្ពុជាត្រូវរៀបចំវិធានការដើម្បីធានាសុវត្ថិភាពស្បៀងអាហារ ការស្នាក់នៅ និងសុវត្ថិភាពសុខមាលភាពដល់ពលករកម្ពុជាដែលបានវិលត្រឡប់មកពីប្រទេសថៃ វិញក្នុងពេលនេះ។
អង្គការដែលធ្វើការទាក់ទងនឹងសិទ្ធិកម្មករ និងពលករដដែលនេះ បានសម្គាល់ឃើញថា ការរៀបចំចាត់ចែងក្នុងមណ្ឌលចត្តាឡីស័កនៅមានការខ្វះខាតផ្សេងៗ ដូចជាបន្ទប់ទឹកនៅមានកម្រិត ការស្នាក់នៅរបស់ពលករមានចំនួនច្រើនលើសលប់ និងមិនអាចធានាបាននូវសុវត្ថិភាពពេញលេញស្របតាមនិយាមសុវត្ថិភាពសកល។

ចំណែកឯវិធានការទទួលពលករ និងដឹកជញ្ជូនពលករតាមជាយដែនទៅកាន់មណ្ឌលចត្តាឡីស័កនានា ក៏នៅមានចំណុចខ្វះចន្លោះ ដោយពលករមានចំនួនច្រើនកកកុញមិនបានរក្សាគម្លាតសុវត្ថិភាពនៅពេលពួកគេជិះលើរថយន្ត ហើយម្យ៉ាងវិញទៀត នៅពេលពលករមកដល់ច្រកព្រំដែនដើម្បីរង់ចាំមធ្យោបាយដឹកជញ្ជូន ក៏មានលក្ខណៈចង្អៀតណែនណាន់តាន់តាប់ដែលអាចធ្វើឲ្យហានិភ័យឆ្លងមេរោគ Covid-19 ក្នុងកម្រិតខ្ពស់៕