ពលរដ្ឋរស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រាប់សារព័ត៌មាន The Cambodia Daily នៅរសៀលថ្ងៃចន្ទ ទី១៦ ខែសីហា ថា រាល់ថ្ងៃនេះមានរថយន្តដឹកដី និងថ្មរាប់សិបគ្រឿង បានដឹកចេញពីបឹងតាមោក ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបង្កផលវិបាកដល់ការរស់នៅរបស់ពលរដ្ឋ។
ប្រភពដដែលបានឲ្យដឹងថា មិនត្រឹមតែពលរដ្ឋរស់នៅអមសងខាងផ្លូវនោះទេ អ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះក៏រងផលប៉ះពាល់ដែរ ដោយមានធូលីដីហុយ និងពំនូកដី និងថ្មដែលជ្រុះចេញពីទ្រុងរថយន្តទាំងនោះ។
ពួកគាត់អះអាងថា ចំណុចដែលរថយន្តទាំងនោះបើកឆ្លងកាត់ គឺផ្ដើមចេញពីមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវបេតុងមួយខ្សែទើបសង់ថ្មីចាប់ពីភូមិស្វាយចេក ខណ្ឌព្រែកព្នៅ រួចបន្តដំណើរទៅតាមបណ្ដាផ្លូវផ្សេងទៀតក្នុងភូមិសាស្ត្រមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរស្ថាប័នពាក់ព័ន្ធរវល់អើពើនោះទេ។
លោក សាន សីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ករណីនេះ ទាំងអ្នកសារព័ត៌មាន និងពលរដ្ឋ គួររាយការណ៍ផ្ទាល់ទៅលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដើម្បីជួយរកដំណោះស្រាយ ព្រោះរឿងនេះវាមិនមែនជារឿងនគរបាលចរាចរណ៍ត្រូវដោះស្រាយទេ គឺត្រូវតែមានការចូលរួមទាំងអស់គ្នា ដោយមិនអាចដាក់បន្ទុកតែទៅលើនគរបាលចរាចរណ៍ឡើយ។
ទោះយ៉ាងណា សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដើម្បីឆ្លើយតបការលើកឡើងរបស់ពលរដ្ឋបានទេនៅល្ងាចថ្ងៃចន្ទ ទី១៦ ខែសីហា។ ចំណែកម្ចាស់អាជីវកម្មឈ្មោះ លោក ញឹក ផន ហៅ កៅ ក៏មិនទាន់ធ្វើអត្ថាធិប្បាយដែរចំពោះកង្វល់ពលរដ្ឋរស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកំពុងរងផលប៉ះពាល់ពីធូលីដីហុយពេញផ្លូវសាធារណៈនេះ។
ឯកសារច្បាប់ បញ្ជាក់ថា តាមបទដ្ឋានបច្ចេកទេសច្បាប់ និងសារាចរណែនាំរបស់អន្តរក្រសួងក្នុងការដឹកជញ្ជូនធនធានរ៉ែ (ដី ថ្ម ខ្សាច់) បានកំណត់ដល់អ្នកដឹកជញ្ជូន និងម្ចាស់ទីតាំងអាជីវកម្មថា រាល់ការអនុញ្ញាតឱ្យដឹកជញ្ជូនមិនត្រូវផ្ទុកលើសទ្រុងរថយន្ត មិនឱ្យលើសទម្ងន់ ហើយពេលដឹកដី ឬខ្សាច់ស្ងួតគ្របឱ្យជិតដែលមិនបង្កឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិសាធារណៈ។
ប៉ុន្តែចំពោះសកម្មភាពរថយន្តដឹកដីរាប់សិបគ្រឿងដែលបានដឹកដី ខ្សាច់ និងថ្មីធ្លាក់ជ្រុះពេញផ្លូវកៅស៊ូនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃនេះ ពលរដ្ឋមានចម្ងល់ថា ហេតុអ្វីបែរជាទាំងនគរបាលចរាចរណ៍ដែលជាអ្នកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមើលមិនឃើញ៕