28.4 C
Phnom Penh

អាមេរិក​ប្រាប់​ចិន​ថា​កុំ​ប្រៀបធៀប​តៃវ៉ាន់​ទៅ​នឹង​អាហ្វហ្គានីស្ថាន គឺ​ចិន​មើល​អាមេរិក​និង​តៃវ៉ាន់​ខុស​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នាំ​ឱ្យ​ប្រទេស​ឥស្លាម​មួយ​នេះ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ចិន លើក​មក​ធ្វើ​ការ​វិភាគ និង​វាយ​បន្ថោក​អាមេរិក ដោយ​ចំអក​ដាក់​កោះ​តៃវ៉ាន់​ថា​កុំ​ទុក​ចិត្ត​អាមេរិក​ខ្លាំង​ពេក ប្រយ័ត្ន​ដូច​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​ចាញ់​សង្គ្រាម​ពួក​តាលីបង់។

កាសែត​របស់​បក្ស​កុម្មុយនីស្ត​ចិន Global Times បាន​ចំអក​តៃវ៉ាន់​ថា ដល់​ពេល​ទាល់ច្រក គឺ​អាមេរិក​រត់​ចោល​សម្ពន្ធមិត្ត គឺ​មើល​អាហ្វហ្គានីស្ថាន​ទៅ។

ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​កាប៊ុល ដែល​អាមេរិក​គាំទ្រ ត្រូវ​បាន​កងទ័ព​តាលីបង់​វាយ​ដួល​រលំ​កាលពី​ថ្ងៃ​ទី​១៥ សីហា ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​រង​ការ​រិះគន់​ជា​ខ្លាំង​ដែល​នាំ​ឱ្យ​លោក​ប្រធានាធិបតី ចូ បៃដិន ប្រតិកម្ម​ជាហូរហែ​ទៅ​នឹង​មជ្ឈដ្ឋាន​ទាំងនោះ ដោយ​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​សម្ពន្ធមិត្ត​ឯទៀត ជាពិសេស​តៃវ៉ាន់​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​គំរាម​កាន់តែ​ខ្លាំង​ពី​សំណាក់​ប្រទេស​ចិន។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ផ្ដល់​បទសម្ភាសន៍​ខ្លី​មួយ​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​លើ​សម្ពន្ធមិត្ត​ដូចជា​កោះ​តៃវ៉ាន់ កូរ៉េ​ខាងត្បូង ជប៉ុន គឺ​មិន​ដូច​ករណី​អាហ្វហ្គានីស្ថាន ឡើយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា លោក​ប្រធានាធិបតី​អាមេរិក បៃដិន បាន​ប្រាប់​ពិភពលោក​ថា បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ពិតជា​ទទួល​បាន​ជោគជ័យ គឺ​អាមេរិក​សម្រេច​បាន​ទាំង​ការ​បោស​សម្អាត​មេ​ភេរវកម្ម​អាល់កៃដា ផង និង​ធ្វើ​ឱ្យ​ប្រជាជន​អាហ្វហ្គានីស្ថាន​បាន​ស្គាល់​ពិភព​ខាងក្រៅ​យ៉ាងតិច ២០​ឆ្នាំ​ដែរ។ តែ​បែប​ណា លោក​សម្ដែង​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ពួក​តាលីបង់​ដើរ​ចូល​រដ្ឋធានី​កាប៊ុល ដោយ​ពុំ​មាន​ការ​វាយ​ការពារ​ទីតាំង​ដោយ​កងទ័ព​អាហ្វហ្គានីស្ថាន។

សេចក្ដី​ថ្លែងការណ៍​របស់​លោក បៃដិន បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា​នឹកស្មាន​មិន​ដល់​ការ​ដែល​ពួក​តាលីបង់​បាន​វាយ​ចូល​កាន់កាប់​ក្រុង​កាប៊ុល​បាន​យ៉ាង​ងាយ និង​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​បាច់​ចំណាយ​ពេល​យូរ​ដោយ​មិន​បាច់​ប្រយុទ្ធ និង​គ្មាន​ការ​បង្ហូរ​ឈាម​ឡើយ។

លោក ចូ បៃដិន បាន​ហៅ​ការ​ដួល​រលំ​រដ្ឋាភិបាល​ក្រុង​កាប៊ុល ដែល​អាមេរិក​គាំទ្រ គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រធានាធិបតី អាស្រាហ្វ ហ្កានី ដែល​រត់​ចោល​សមរភូមិ​មុន​ការ​មកដល់​របស់​កងទ័ព​តាលីបង់។

ការ​បង្ហាញ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ជា​ថ្មី​ចំពោះ​សម្ពន្ធមិត្ត​របស់​ខ្លួន បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​បកស្រាយ​ថា​ការ​ដក​ទ័ព​នេះ គឺជា​ការផ្លាស់ប្ដូរ​ជំហរ​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ការពារ​សម្ពន្ធមិត្ត​របស់​ខ្លួន​ក្នុង​ពេល​មាន​បញ្ហា​កើតឡើង។

សារព័ត៌មាន Taiwan News ដែល​បាន​ស្រង់​ខ្លឹមសារ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC លោក​ប្រធានាធិបតី ចូ បៃដិន អះអាង​ថា ករណី​អាហ្វហ្គានីស្ថាន មិន​ដូច​ស្ថានភាព​តៃវ៉ាន់ កូរ៉េ​ខាងត្បូង ជប៉ុន និង​សម្ពន្ធមិត្ត​ណាតូ ឡើយ។ លោក​បកស្រាយ​ទៀត​ថា ប្រទេស និង​តំបន់​ទាំងនេះ​មាន​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​ដោយ​ផ្អែកលើ​គោលការណ៍​រដ្ឋាភិបាល​តែ​មួយ គឺ​ជួយ​ការពារ​គ្នា​ទៅវិញ​ទៅមក។

លោក បៃដិន បាន​បញ្ជាក់​ដូចនេះ​ថា អាមេរិក​មាន​ការ​ប្ដេជ្ញា​ចិត្ត ហើយ​រក្សា​ការ​ប្ដេជ្ញា​ចិត្ត​នេះ​ជានិច្ច។ សហរដ្ឋ​អាមេរិក​មាន​ការ​ប្ដេជ្ញា​ចិត្ត គឺ​ដូច​មាត្រា​៥ នៃ​លក្ខន្តិកៈ​យោធា​ណាតូ ដែល​ចែង​ថា ប្រសិន​មាន​ការ​ឈ្លានពាន​លើ​សម្ពន្ធមិត្ត​ណាតូ គឺ​នឹង​មាន​ការ​ឆ្លើយតប។

លោក បៃដិន ពន្យល់​ថា បើ​មាត្រា​នេះ​គឺ​ចែង​ពី​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​របស់​សមាជិក​ណាតូ ឬ​ដៃគូ​ពាក់ព័ន្ធ ដូចជា​ជប៉ុន កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់ ដែរ។

ក្រោយ​ព្រឹត្តិការណ៍​នៅ​អាហ្វហ្គានីស្ថាន ទីក្រុង​វ៉ាស៊ីនតោន​ប្រញាប់​ប្រកាស​រក្សា​ជំហរ​របស់​ខ្លួន​ទៅកាន់​សម្ពន្ធមិត្ត​ជុំវិញ​ពិភពលោក​ទាំងអស់។ ចំពោះ​ការ​ការពារ​តៃវ៉ាន់ គឺ​ប្រាកដ​ណាស់ លោក បៃដិន ពិតជា​និយាយ​យោង​ទៅ​ចិន ហើយ​ពិត​ណាស់​ជា​ការ​លើក​ទឹកចិត្ត​តៃវ៉ាន់​ដែល​កំពុង​រង​ការ​លើក​ទ័ព​លុកលុយ​ពី​ប្រទេស​ចិន។

ដោយ​ឆ្លើយតប​នឹង​ការ​ប្ដេជ្ញា​របស់​លោក បៃដិន រដ្ឋការ​របស់​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​សម្ដែង​ការ​ដឹងគុណ​ដោយ​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​ពិតជា​មិន​បោះបង់​តៃវ៉ាន់​នោះ​ទេ។

អ្នក​នាំពាក្យ Xavier Chang បាន​ប្រាប់​សារព័ត៌មាន Taiwan News ថា ដែន​កោះ​តៃវ៉ាន់ សម្ដែង​ការ​គាំទ្រ​ចំពោះ​ការប្រកាស​របស់​លោក បៃដិន។ អ្នក​នាំពាក្យ​រូប​នេះ​ថា យោង​តាម​កិច្ចព្រមព្រៀង​អាមេរិក និង​តៃវ៉ាន់ បាន​បង្ហាញ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក គឺ​រឹង​ដូច​ថ្ម។

តាមរយៈ​នេះ តៃវ៉ាន់​សន្យា​បន្ត​ថែម​ទៀត​នូវ​ការ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​លើ​គ្រប់​វិស័យ។ ចំណែក​តៃវ៉ាន់ ត្រូវ​បន្ត​ពង្រឹង​កាន់តែ​រឹងមាំ​នូវ​តម្លៃ​សេរីភាព និង​ប្រជាធិបតេយ្យ​សម្រាប់​ដែន​កោះ​តៃវ៉ាន់ សំដៅ​ធ្វើ​ឱ្យ​ច្រកសមុទ្រ​តៃវ៉ាន់​មាន​ស្ថិរភាព និង​សន្តិភាព​យូរ​អង្វែង។

សម្រាប់​អ្នកស្រី សាយ អឹងវិន (Tsai Ing-wen) យល់ថា ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់ពី​ការ​ដក​កងទ័ព​អាមេរិក​ចេញ គឺជា​ការ​រុញ​ឱ្យ​កោះ​តៃវ៉ាន់​ត្រូវ​បង្កើន​ភាព​រឹងមាំ និង​សាមគ្គីភាព​សន្តិសុខ​ផ្ទៃក្នុង និង​កម្លាំង​កងទ័ព​ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​ខ្លួន។

តាម​អ្នកស្រី​ប្រធានាធិបតី ការ​ផ្លាស់ប្ដូរ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន បាន​នាំ​ឱ្យ​មាន​ការ​ពិភាក្សា​ជាច្រើន​នៅ​កោះ​តៃវ៉ាន់។ តែ​អ្នកស្រី​ថា ជម្រើស​តែ​មួយ​គត់​របស់​កោះ​តៃវ៉ាន់ គឺ​ត្រូវ​ធ្វើ​ឱ្យ​តៃវ៉ាន់​កាន់តែ​រឹងមាំ បង្កើន​ការ​សាមគ្គីភាព និង​ភាព​ម៉ឺងម៉ាត់​ជាង​មុន​ក្នុង​ការ​ប្ដេជ្ញា​ការពារ​ខ្លួន​ទប់ទល់​ការ​បង្ក​ហេតុ​ណាមួយ។

តៃវ៉ាន់​ដែល​ជា​ដែន​កោះ​មួយ​មាន​ប្រជាជន​ជាង ២៣​លាន​នាក់ គឺជា​អាជ្ញាធរ​មួយ​ដែល​ពុំ​មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ទេ ប៉ុន្តែ​ដែន​កោះ​នេះ​យ៉ាងតិច​ណាស់​មាន​ជិត ២០​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ។

ប្រទេស​ចិន តែងតែ​ប្រឆាំង​ដាច់ខាត​ប្រទេស​ណាមួយ​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ ខណៈ​ប្រទេស​មហាអំណាច​នេះ​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន ដោយ​គំរាម​លើក​ទ័ព​ចូល​លុកលុយ បើ​តៃវ៉ាន់​ត្រូវ​បាន​ប្រកាស​ជា​រដ្ឋ​ឯករាជ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស