មជ្ឈដ្ឋានជាច្រើនអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៧ ដោយសារខ្លាចបាត់បង់អំណាចរបស់លោក ព្រោះគណបក្សសង្គ្រោះជាតិអាចឈ្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៨។
ដូច្នេះ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាមធ្យោបាយតែមួយគត់ដើម្បីបន្តអំណាចរបស់លោក ហ៊ុន សែន។ ប៉ុន្តែលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ មិនគ្រាន់តែរងគ្រោះដោយទង្វើរបស់លោក ហ៊ុន សែន ប៉ុណ្ណោះទេ តែក៏រងគ្រោះដោយសកម្មភាពនានារបស់សហការី និងថ្នាក់ដឹកនាំរបស់លោកដទៃទៀតដែរ។
បច្ចុប្បន្ននេះ ភាគីរបស់លោក សម រង្ស៊ី កំពុងរងការចោទថាបាននៅពីក្រោយនៃការបង្កើតគណបក្សនយោបាយថ្មីមួយ ស្របពេលដែលលោក សម រង្ស៊ី តែងប្រកាសថាលោកជាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ ហើយក្រុមរបស់លោកក៏កំពុងដឹកនាំគណបក្សភ្លើងទៀន ថែមទៀត។
គណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានសម្រេចរួបរួមគ្នាបង្កើតគណបក្សតែមួយដែលមានឈ្មោះថា គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ការរួមគ្នានេះ ត្រូវបានគេអះអាងថាគឺជាការបំពេញបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរ។ ការអះអាងបែបនេះ បានបង្ហាញនូវភាពត្រឹមត្រូវតាមរយៈការកើនឡើងប្រជាប្រិយភាពរបស់ក្រុមប្រឆាំង ជាពិសេសលទ្ធផលបោះឆ្នោតសភាក្នុងឆ្នាំ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧។
ការរួបរួមនៃគណបក្សនយោបាយទាំងពីរនេះ អាចជាចំណុចនៃការវាស់ស្ទង់អំពីឯកភាពជាតិរវាងខ្មែរនិងខ្មែរ ហើយដែលមេដឹកនាំនយោបាយទាំងបក្សកាន់អំណាច និងបក្សប្រឆាំងទទួលស្គាល់ចំណុចនេះ។

ជាក់ស្តែងណាស់ លោក ហ៊ុន សែន ចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងរំលាយគណបក្សនេះចោលនាចុងឆ្នាំ២០១៧ គឺដើម្បីលុបបំបាត់ចលនារួបរួមបែបនេះ រីឯមេដឹកនាំគណបក្សប្រឆាំងផ្សេងៗតែងតែប្រកាសខ្លួនជាអ្នកសង្គ្រោះជាតិនិយម និងធ្វើអ្វីៗដើម្បីគណបក្សនេះ ក៏ព្រោះតែយល់ថាពលរដ្ឋគាំទ្រដល់ការរួបរួមបែបនេះ។
ភស្តុតាងទាំងនេះ ក៏អាចបញ្ជាក់យ៉ាងច្បាស់ផងដែរថា ការបែកបាក់គឺផ្ទុយពីឆន្ទៈពលរដ្ឋខ្មែរ និងជាតិ ហើយគណបក្សនឹងចុះខ្សោយ ព្រោះវាជាការបាត់បង់ការគាំទ្រពីពលរដ្ឋតែម្តង។ ប៉ុន្តែការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ អាចជាដំណឹងល្អសម្រាប់លោក ហ៊ុន សែន ទៅវិញ ដោយសារលោកតែងពុះពារគ្រប់បែបយ៉ាងដើម្បីឲ្យគណបក្សប្រឆាំងមានកម្លាំងគាំទ្រដ៏ធំមួយនេះ បែកជាចម្រៀកៗ។
ក្នុងរយៈពេលចុងក្រោយនេះ មានអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានចាកចេញពីលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ដើម្បីទៅសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន និងបានបើកគណបក្សនយោបាយថ្មីៗជាបន្តបន្ទាប់ថែមទៀត។ អ្នកទាំងនោះសុទ្ធតែបានប្រកាសជាចំហ និងតែងតាំងខ្លួនឯងជាមេដឹកនាំបក្សថ្មីរបស់ពួកគេរៀងៗខ្លួនថែមទៀត។
ដោយឡែកគណបក្សបេះដូងជាតិ ដែលជាគណបក្សថ្មីមួយក្នុងចំណោមគណបក្សទាំងនោះពុំទាន់បានប្រកាសជាសាធារណៈអំពីការពាក់ព័ន្ធនឹងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិណាមួយនៅឡើយទេ។ តែទោះជាយ៉ាងនេះក្តី ប្រភពដ៏គួរឲ្យជឿទុកចិត្ត និងមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិជាច្រើនរិះគន់ជាសាធារណៈថា ក្រុមលោក សម រង្ស៊ី ដែលដឹកនាំដោយលោក អេង ឆៃអ៊ាង ជាអ្នកនៅពីក្រោយនៃការបង្កើតគណបក្សបេះដូងជាតិនេះ។

តើការចោទប្រកាន់បែបនេះ អាចជាការពិត និងមានមូលដ្ឋានច្បាស់លាស់ទេ?
កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅនេះ ភាគីលោក សម រង្ស៊ី នៅក្រៅប្រទេសបានចេញលិខិតបដិសេធក្នុងនាមគណបក្សសង្គ្រោះជាតិថា មិនមានជាប់ពាក់ព័ន្ធជាមួយគណបក្សថ្មីខ្លះដែលចាប់ផ្តើម និងគ្រោងធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសនោះទេ។ ប៉ុន្តែលោក គឹម សុខ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានលើកឡើងក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៦ ខែសីហា ថា លិខិតបដិសេធនោះ គឺស្មើនឹងការសារភាព ព្រោះពួកគេមិនហ៊ាននិយាយចំ និងច្បាស់លាស់ថាពួកគេមិនជាប់ពាក់ព័ន្ធនឹងគណបក្សបេះដូងជាតិដូចដែលមានការចោទប្រកាន់ខ្លះនោះទេ។
ដូចការកត់សម្គាល់របស់អ្នករិះគន់មួយចំនួនដែរ លោក គឹម សុខ ក៏បានលើកឡើងថា ចំណុចមួយទៀតនោះ គឺក្រុមលោក សម រង្ស៊ី តែងតែចោទអ្នកណាដែលទៅសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សថ្មីថាជាអ្នកក្បត់គណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រុមរបស់លោកមិនបានចោទក្រុមអ្នកដែលកំពុងបង្កើតគណបក្សបេះដូងជាតិដូច្នោះទេ។ ដូច្នេះ ចំណុចនេះអាចបង្ហាញថា ភាគីលោក សម រង្ស៊ី ទំនងអាចជាប់ពាក់ព័ន្ធនឹងគណបក្សថ្មីនេះ។
ក្រៅពីនេះ ភាគីលោក សម រង្ស៊ី ក៏បានបង្ហាញនូវចំណុចមួយចំនួនទៀតដែលអាចធ្វើឱ្យគេមានការសន្និដ្ឋានអំពីការពាក់ព័ន្ធក្រុមរបស់លោកក្នុងការបង្កើតគណបក្សថ្មីមួយនេះ។ អ្នកស្រី មូរ សុខហួរ ធ្លាប់ត្រូវបានគេចោទសួរអំពីការពាក់ព័ន្ធរបស់អ្នកស្រីជាមួយគណបក្សថ្មីនេះ តែអ្នកស្រីមិនបានសារភាព ហើយក៏មិនបានបដិសេធ ដោយគ្រាន់តែឆ្លើយថា អ្នកស្រីគាំទ្រសិទ្ធិសេរីភាពបុគ្គលទាំងឡាយណាដែលចង់ធ្វើនយោបាយ។

ចំណុចនេះហាក់ផ្ទុយទៅនឹងជំហររបស់អ្នកស្រី និងក្រុមរបស់អ្នកស្រីដែលធ្លាប់ថ្កោលទោសអ្នកសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សថ្មីមុនៗ។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង បានធ្វើដំណើរជួបប្រជុំជាមួយក្រុមអ្នកគាំទ្រតាមក្រុង និងរដ្ឋនានាក្នុងសហរដ្ឋអាមេរិក។ ក្រោយការជួបប្រជុំនោះមក មន្ត្រី ឬសមាជិកនៃក្រុមគាំទ្រខ្លះបានប្រកាសលាលែងពីរចនាសម្ព័ន្ធរបស់លោក ដោយលើកហេតុផលថា ពួកគេមិនអាចគាំទ្រគណបក្សផ្សេងក្រៅតែពីគណបក្សសង្គ្រោះជាតិនោះឡើយ។ ដូច្នេះ សកម្មភាពរបស់លោក អេង ឆៃអ៊ាង ទំនងចង់បង្វែរទស្សនៈរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យមកគាំទ្រគណបក្សផ្សេងមួយដែលមិនមែនជាគណបក្សសង្គ្រោះជាតិ។
ទន្ទឹមនឹងអ្វីដែលកំពុងកើតឡើងនេះ ហ្វេសប៊ុកផេកមួយឈ្មោះ សោ ចាន់ដេត កាណាដា ក៏បានដាក់និមិត្តសញ្ញាគណបក្សបេះដូងជាតិ ជា profile របស់ខ្លួនវិញ។ ប្រសិនបើនោះពិតជាហ្វេសប៊ុកផេករបស់លោក សោ ចាន់ដេត ដែលជាអតីតសមាជិកព្រឹទ្ធសភាពីខាងគណបក្ស សម រង្ស៊ី និងជាមន្ត្រីជំនិតរបស់លោក សម រង្ស៊ី មែន ដូច្នេះវាមានន័យថា មន្ត្រីជាន់ខ្ពស់ និងជំនិតៗរបស់លោក សម រង្ស៊ី កំពុងចូលរួមគាំទ្រការបង្កើតគណបក្សបេះដូងជាតិ។ ប៉ុន្តែបើហ្វេសប៊ុកផេកនោះមិនមែនជារបស់លោក សោ ចាន់ដេត ដែលកំពុងសុំសិទ្ធិជ្រកកោនខាងផ្នែកនយោបាយដើម្បីបានរស់នៅក្នុងប្រទេសកាណាដា ទេនោះ ម៉្លេះគាត់បានធ្វើការបដិសេធជាសាធារណៈទៅហើយ។
ស្រដៀងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ និងជំនិតៗរបស់លោក សម រង្ស៊ី ក្នុងស្រុកដទៃទៀត បានបង្ហាញរូបភាពនៃសកម្មភាពកៀងគរអ្នកគាំទ្រតាមរយៈការជួបប្រជុំជាមួយសកម្មជនតាមមូលដ្ឋាននានា និងបានព្យាយាមដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ នៅមុនពេល និងក្រោយពេលគណបក្សបេះដូងជាតិ បានដាក់ពាក្យសុំបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ មន្ត្រីទាំងនោះរួមមាន លោក ថាច់ ស៊ីថា និងលោក គឹម ញ៉ុល អតីតសមាជិកព្រឹទ្ធសភាពីខាងគណបក្ស សម រង្ស៊ី លោក ជូង ជូងី ជាមេធាវីរបស់លោក សម រង្ស៊ី និងមន្ត្រីមួយចំនួនទៀត។
បើទោះបីគេមានអំណះអំណាងដើម្បីបញ្ជាក់ថាលោក សម រង្ស៊ី និងក្រុមរបស់លោកនៅពីក្រោយនៃការបង្កើតគណបក្សបេះដូងជាតិក្តី ក៏គេនៅតែអាចចោទជាសំណួរថា បើលោក សម រង្ស៊ី ចង់ធ្វើដូច្នោះមែន ចុះហេតុអីក៏លោកមិនប្រកាសយកគណបក្សភ្លើងទៀនរបស់លោកតែម្តងទៅ?
ចម្លើយសម្រាប់សំណួរនេះ គឺលោក សម រង្ស៊ី មិនអាចធ្វើដូច្នោះទេ។ ការដែលគាត់មិនអាចធ្វើដូច្នោះ គឺផ្អែកលើហេតុផលពីរ៖
- ទី១៖ បើលោក សម រង្ស៊ី ហ៊ានប្រកាសគាំទ្រគណបក្សភ្លើងទៀន នោះវាជាការបង្ហាញដល់សាធារណជនខ្មែរថា លោកបានបោះបង់គណបក្សសង្គ្រោះជាតិ ហើយអ្វីដែលលោកតែងអះអាងថាលោកធ្វើអ្វីៗដើម្បីគណបក្សសង្គ្រោះជាតិ ឬពាក្យ កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយនោះ គឺជារឿងភូតកុហក។
- ទី២៖ បើលោក សម រង្ស៊ី ហ៊ានប្រកាសគាំទ្រគណបក្សភ្លើងទៀន នោះមានន័យថា លោកដាក់គណបក្សនេះក្នុងភ្នក់ភ្លើងក្រោមច្បាប់គណបក្សនយោបាយដ៏អាក្រក់របស់លោក ហ៊ុន សែន នាបច្ចុប្បន្ននេះ។
តើគណបក្សភ្លើងទៀន និងគណបក្សបេះដូងជាតិ អាចប្រកាសចងជាសម្ព័ន្ធក្នុងពេលអនាគតដែរទេ?
ដើម្បីរក្សាគណបក្សភ្លើងទៀន លោក សម រង្ស៊ី ត្រូវតែរក្សាគម្លាតខ្លួនលោកឱ្យដាច់ចេញពីគណបក្សនេះ។ ម្យ៉ាងទៀត ដើម្បីរក្សាទឹកចិត្តអ្នកគាំទ្រ លោក សម រង្ស៊ី ត្រូវតែធ្វើយ៉ាងណាឱ្យគេមើលឃើញថា លោកធ្វើអ្វីៗដើម្បីគណបក្សសង្គ្រោះជាតិ ឬលោក កឹម សុខា។ ប៉ុន្តែបើគេពិនិត្យមើលសកម្មភាពរបស់លោក តើជាសកម្មភាពដើម្បីពង្រឹងគណបក្សសង្គ្រោះជាតិដែរឬទេ?
ក្រោយការចាប់ខ្លួនលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងខែកញ្ញា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានហៅថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិសំខាន់ៗដែលស្និទ្ធនឹងលោក ឲ្យបោះបង់ការតតាំងជាមួយលោក ហ៊ុន សែន ដោយការចាកចេញពីកម្ពុជា។ បន្ទាប់មក លោក សម រង្ស៊ី និងក្រុមរបស់គាត់បានបង្កើតចលនាសង្គ្រោះជាតិ ដោយបោះបង់គណបក្សសង្គ្រោះជាតិចោល ហើយក៏ងាកទៅធ្វើសន្និសីទនៅទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក នាខែធ្នូ ឆ្នាំ២០១៨ ដើម្បីតែងតាំងខ្លួនលោកជាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ។

សំណួរសួរថា តើសកម្មភាពទាំងនោះដើម្បីពង្រឹង ឬដើម្បីបំបែកគណបក្សសង្គ្រោះជាតិ?
ដោយសកម្មភាពទាំងនេះជាសកម្មភាពឯកតោភាគីរបស់ក្រុមលោក សម រង្ស៊ី ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្រៅប្រទេស រួមទាំងចលនាយុវជននៅកូរ៉េខាងត្បូងផង បានបែកបាក់គ្នាជាបន្តបន្ទាប់។ ដូច្នេះ គេមិនបាច់ឆ្លើយនឹងសំណួរខាងលើក៏បានដែរ ព្រោះលទ្ធផលជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ គឺជាចម្លើយនៃសំណួរនោះទៅហើយ។
អ្នកឃ្លាំមើលជាច្រើននិយាយថា អ្វីដែលលោក សម រង្ស៊ី កំពុងធ្វើនាពេលបច្ចុប្បន្ននេះ គឺមិនមែនដើម្បីពង្រឹងគណបក្សសង្គ្រោះជាតិ ឬគណបក្សភ្លើងទៀននោះទេ ប៉ុន្តែលោកកំពុងពង្រឹងក្រុមរបស់លោកនៅក្នុងគណបក្សថ្មីមួយ គឺគណបក្សបេះដូងជាតិ។
តើភស្តុតាងនៃសកម្មភាពទាំងនេះអាចបញ្ជាក់បានថាលោក សម រង្ស៊ី កំពុងលួចចាកចេញពីគណបក្សសង្គ្រោះជាតិដែរឬទេ? ទោះជាយ៉ាងណាក៏ដោយ ចម្លើយសម្រាប់សំណួរដ៏រសើបមួយនេះ ទុកឲ្យពេលវេលា និងមហាជនជាអ្នកសម្រេចទៅចុះ៕