31 C
Phnom Penh

មន្ត្រី​បក្ស GDP គាំទ្រ​ការ​ជំរុញ​របស់​នាយករដ្ឋមន្ត្រី​ឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល យល់ស្រប​នឹង​លោក ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​មាន​ការ​បើក​គ្រឹះស្ថាន​អប់រំ​សិក្សា​ឡើងវិញ ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​តំបន់ ឬ​ខេត្ត​នីមួយៗ​ដែល​មិន​មាន​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស Covid-19 នៅ​ពេលនេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា កម្ពុជា​អាច​ដំណើរការ​បើក​សាលារៀន​បាន​ជា​បណ្តើរៗ​ឡើងវិញ បើ​ផ្អែក​ទៅលើ​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​ការ​ចាក់​វ៉ាក់សាំង​ដល់​គ្រូបង្រៀន សិស្ស និង​តំបន់​ដែល​មិន​មាន​ការ​ឆ្លង​វីរុស Covid-19 ខ្ពស់ រួម​ជាមួយ​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ថែម​ទៀត​នោះ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា បើ​ទោះ​ជា​ការ​សិក្សា​ត្រូវតែ​បើក​ដំណើរការ​ឡើងវិញ​ក្តី ក៏​គ្រឹះស្ថាន​អប់រំ​នីមួយៗ​ត្រូវតែ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ហ្មត់ចត់​ដដែល ត្បិត​កម្ពុជា​នៅ​ពេល​នេះ​មិន​ត្រឹមតែ​មាន​តែ​វីរុស Covid-19 ចាស់​នោះ​ទេ ប៉ុន្តែ​ក៏​មាន​វីរុស​បំប្លែង​ថ្មី​ប្រភេទ DELTA ដែល​មាន​លក្ខណៈ​ឆ្លង​លឿន និង​ធ្ងន់ធ្ងរ​ជាង​មុន​ថែមទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ជំរុញ​ឲ្យ​បើក​គ្រឹះស្ថាន​សិក្សា​ឡើងវិញ​តាម​ទីតាំង​ជាក់ស្តែង​ដែល​មិន​មាន​ហានិភ័យ​នាំ​ទៅ​ដល់​ការ​ឆ្លង​វីរុស Covid-19 ពីព្រោះ​ជំងឺ Covid-19 នេះ​ឆ្លង​តាម​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ មិនមែន​ឆ្លង​រាលដាល​ពេញ​ផ្ទៃ​ប្រទេស​នោះ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា ជំងឺ​នេះ​បាន​កើតឡើង​ច្រើន​នៅ​ទីក្រុង និង​ទីប្រជុំជន ប៉ុន្តែ​នៅ​តាម​ទី​ជនបទ​មិន​សូវ​មាន​ការ​ឆ្លង​ជំងឺ​នេះ​ទេ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ត្រូវតែ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​មន្ត្រី​តាម​បណ្តា​រាជធានី-ខេត្ត​ទាំងអស់ និង​កំណត់​ទីតាំង​ដែល​មិន​មាន​ហានិភ័យ​នៃ​ឆ្លង​វីរុស​នេះ ដើម្បី​បើក​ដំណើរការ​សាលារៀន​តាម​ដំណាក់កាល​ឡើងវិញ។

កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ជូនដំណឹង​សម្រេច​ប្រកាស​ផ្អាក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​គ្រប់​កម្រិត​ជា​បណ្ដោះអាសន្ន​នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ Covid-19 ចូល​ក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ។

ការ​ផ្អាក​គ្រឹះស្ថាន​អប់រំ​ទូទាំង​ប្រទេស​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ឆ្លង​រាលដាល​វីរុស Covid-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​ឆ្លង​រាលដាល​ពេញ​ផ្ទៃ​ប្រទេស​រហូត​មក​ទល់​នឹង​ពេលនេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​នៅ​មិនទាន់​អាច​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​នេះ​នៅឡើយ​ដែរ ក្រោយ​ការ​ផ្ទុះ​ឡើង​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងទៅ។

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​បង្រៀន និង​រៀន​តាម​បណ្ដុំ​សម្រាប់​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន​នៅ​ភូមិសាស្ត្រ​ដែល​មាន​ហានិភ័យ​ទាប​នៃ​ការ​ឆ្លង​វីរុស Covid-19។

ក្រសួង​បាន​លើកឡើង​ពី​គោលការណ៍​សំខាន់ៗ ៥​ចំណុច​ស្ដីពី​ការ​បង្រៀន​តាម​ភូមិសាស្ត្រ​ដែល​មាន​ហានិភ័យ​ទាប ដូចជា ការ​វាយតម្លៃ​លើ​ទីតាំង​ជាក់ស្តែង​ដោយ​ប្រើ​វិធានការ​សុខាភិបាល ការ​រៀន​តាម​បណ្ដុំ​ដែល​មាន​សិស្ស​តិច​ជាង ១៥​នាក់ និង​វិធានការ​មួយ​ចំនួន​ទៀត​ជាដើម។

កម្ពុជា​មាន​គ្រឹះស្ថាន​សិក្សា​ទាំង​កម្រិត​មត្តេយ្យ​សិក្សា និង​សាលារៀន​ចំណេះដឹង​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​សរុប​ជិត ១​ម៉ឺន ៥​ពាន់​គ្រឹះស្ថាន។ ក្នុង​នោះ សាលា​មត្តេយ្យ​សិក្សា​ចំនួន​ជាង ៤៨០០​កន្លែង សាលា​បឋមសិក្សា​ជាង ៧៧០០​កន្លែង អនុវិទ្យាល័យ​ជាង ១៣០០​កន្លែង និង​វិទ្យាល័យ​ចំនួន ៦៧២​កន្លែង​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស