32 C
Phnom Penh

ក្រសួង​ធនធាន​ទឹក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១-៧ ខែ​កញ្ញា

បទវិភាគ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ និង​បាតុភូត​ធម្មជាតិ​ដែល​អាច​នឹង​កើត​មាន និង​បង្ក​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង​ជា​យថាហេតុ។

សេចក្តី​ជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា នៅ​សប្តាហ៍​ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុង​កម្រិត​ខ្លាំង​ជាមួយ​នឹង​ប្រព័ន្ធ​សម្ពាធ​ទាប ហើយ​នៅ​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ និង​ថ្ងៃ​ទី​០៧ ខែ​កញ្ញា មាន​ឥទ្ធិពល​បន្ថែម គឺ​ខ្យល់​សមុទ្រ Breeze។

ក្រសួង​ថា ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល និង​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​តំបន់​ខ្លះ​អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង​ថែមទៀត។

សម្រាប់​ខេត្ត​ជាប់​មាត់សមុទ្រ​វិញ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ទៅ​ច្រើន លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់។ រីឯ​ក្នុង​ផ្ទៃ​សមុទ្រ ពិសេស​ក្បែរ​បណ្តា​កោះ រលក​សមុទ្រ​នឹង​អាច​កើតមាន​ឡើង​ក្នុង​កម្រិត​មធ្យម។ ដូច្នេះ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក និង​អ្នក​នេសាទ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ចៀសវាង​គ្រោះថ្នាក់​ចៃដន្យ​ណាមួយ។

ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ ឯណោះ​វិញ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ដេក​ស្លាប់​លើ​ឆ្នេរសមុទ្រ​នៃ​ឆ្នេរ​អូរឈើទាល ក្នុង​ភូមិ​៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ដោយ​មិន​ដឹង​មូលហេតុ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ XIE QIYING ភេទ​ស្រី ជនជាតិ​ចិន អាយុ ២១​ឆ្នាំ កាន់​លិខិត​ឆ្លងដែន​លេខ EG 2190261 មាន​សុពលភាព​ដល់​ថ្ងៃ​ទី​០៧ ខែ​០៥ ឆ្នាំ​២០២៩ ស្នាក់នៅ​សណ្ឋាគារ «ឆាង​ឆឹង»។ បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​កំពុង​ស្រាវជ្រាវ និង​រង់ចាំ​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ និង​ស្វែងរក​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ស្ត្រី​ជនជាតិ​ចិន​រូប​នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស