ហ្គីណេ ជាប្រទេសមួយនៅអាហ្រ្វិកខាងលិច។ ប្រទេសនេះមានប្រជាជនជិត ១៣លាននាក់ តែជាប្រទេសក្រីក្រមួយនៅក្នុងតំបន់។
ហ្គីណេ បានឆ្លងកាត់ការធ្វើរដ្ឋប្រហារពីរលើកមកហើយ គឺទី១ នៅឆ្នាំ១៩៨៤ ហើយទី២ នៅឆ្នាំ២០០៨។ ប្រទេសដែលទើបស្គាល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងនៅឆ្នាំ២០១០ គឺឥឡូវនេះបានឆ្លងកាត់របបរដ្ឋប្រហារម្ដងទៀតហើយ។
រដ្ឋប្រហារចុងក្រោយជាលើកទី៣ នៅថ្ងៃទី៥ ខែកញ្ញា គឺជាព្រឹត្តិការណ៍បិទបញ្ចប់ការគ្រប់គ្រងមួយរបស់ប្រធានាធិបតី Alpha Conde។ បុរសនេះមានអាយុ ៨៣ឆ្នាំ គឺជាប្រធានាធិបតីជាប់ឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០១០។
បុរសវ័យចំណាស់រូបនេះត្រូវបានមើលឃើញថាជាអ្នកត្រួសត្រាយផ្លូវឱ្យមានរបបប្រជាធិបតេយ្យ គឺក្នុងអំឡុងនៃការកាន់អំណាចរបស់លោកក្នុងរយៈពេល ១០ឆ្នាំមកនេះ។ ប៉ុន្តែក្រោមការគ្រប់គ្រងរបស់បុរសវ័យចំណាស់រូបនេះ ក៏មានការចោទថាជារបបរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែរ។
បុរសរូបនេះបានបញ្ជាឱ្យប៉ូលិសបង្ក្រាបទៅលើបាតុកម្មរបស់ប្រជាជនដែលប្រឆាំងផែនការរបស់លោក ក្នុងការកែប្រែរដ្ឋធម្មនុញ្ញដើម្បីពង្រីកអំណាចរបស់លោកឲ្យបាន ២អាណត្តិថែមទៀត។ មហាជនទូទៅចាត់ទុកថា ការកែប្រែរដ្ឋធម្មនុញ្ញនេះជាការបំពានដល់ច្បាប់កំពូលរបស់ប្រទេសដែលចែងអំពីការកំណត់អាណត្តិប្រធានាធិបតីពីរអាណត្តិរយៈពេល ១០ឆ្នាំប៉ុណ្ណោះ។
បាតុកម្មរបស់មហាជនកាលពីខែមីនា ឆ្នាំ២០២០ ដឹកនាំដោយក្រុមប្រឆាំង ត្រូវបានបង្ក្រាបដោយការសម្លាប់មនុស្សយ៉ាងតិច ៤០នាក់ ហើយសកម្មជនបក្សប្រឆាំងរាប់រយនាក់ត្រូវបានចាប់ខ្លួន។
ទោះបីមានការងើបឡើងប្រឆាំងខ្លាំងក្លាក៏ដោយ ក៏ប្រធានាធិបតីធ្លាក់ពីអំណាចដោយសារតែការធ្វើរដ្ឋប្រហាររូបនេះនៅតែអូសទាញ និងគូសវាសយុទ្ធសាស្ត្ររបស់ខ្លួនបោះឆ្នោតប្រជាមតិឱ្យទាល់តែបាន គឺនៅខែមីនា ឆ្នាំ២០២០ នោះដដែល។
ទោះបីពេលនោះបក្សប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងបាននាំគ្នាធ្វើពហិការមិនចូលរួមបោះឆ្នោតក៏ដោយ ប៉ុន្តែទីបំផុត សមាជិកសភាក្នុងបក្សកាន់អំណាចរបស់លោក រួមទាំងបក្សផ្សេងៗទៀតបានសម្រេចធ្វើវិសោធនកម្មដើម្បីពង្រីកអំណាចប្រធានាធិបតីសម្រាប់បុរសវ័យ ៨៣ឆ្នាំរូបនេះ អាចឡើងកាន់អំណាចបន្តទៀតតាមរយៈការបោះឆ្នោត ដែលក្រុមប្រឆាំងចាត់ទុកថាជាការបោះឆ្នោតដែលមិនប្រព្រឹត្តទៅដោយសេរី តម្លាភាព និងបើកចំហនោះទេ។ ពួកគេចាត់ទុកថា ការបោះឆ្នោតដែលស្ថាប័នរៀបចំការបោះឆ្នោតស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់លោក Alpha Conde។
ក្នុងការគូសវាសយុទ្ធសាស្ត្របែបនេះ ក៏មិនទទួលបានការគាំទ្រពីពួកយោធានោះដែរ។ ពួកយោធាតែងតែព្រមានប្រធានាធិបតីរូបនេះកុំឱ្យប្រើប្រាស់អំណាចរបស់ខ្លួនហួសព្រំដែន។ តែបុរសរូបនេះមិនបានយកចិត្តទុកដាក់ស្ដាប់ការអំពាវនាវរបស់ពួកយោធាឡើយ ហើយទីបំផុត ក៏កើតមានរដ្ឋប្រហារបែបនេះ។ ឥឡូវ រដ្ឋធម្មនុញ្ញក៏ត្រូវបានរំលាយ ហើយពួកយោធាប្រកាសថានឹងរៀបចំរដ្ឋាភិបាលចម្រុះបណ្ដោះអាសន្ន ដើម្បីបង្កើតស្ថាប័នបោះឆ្នោតឯករាជ្យមួយឡើងវិញ និងឆ្ពោះទៅរកការបោះឆ្នោត ហើយតាក់តែងរដ្ឋធម្មនុញ្ញថ្មីឡើងវិញឱ្យស្របនឹងការប្រកាន់របបប្រជាធិបតេយ្យ។
ដោយមើលឃើញជំហររបស់ពួកយោធាបែបនេះ ទាំងប្រជាជន និងក្រុមគណបក្សប្រឆាំង បានប្រកាសគាំទ្រព្រឹត្តិការណ៍ថ្ងៃទី៥ ខែកញ្ញា ដែលឈានទៅដល់ការបញ្ចប់ការគ្រប់គ្រងមួយរបស់ប្រធានាធិបតីដែលមានផែនការដឹកនាំប្រទេសដោយការក្រាញអំណាច គឺប្រធានាធិបតី Alpha Conde ដែលត្រូវបានពួកយោធាចាប់ឃុំខ្លួនហើយនេះ។
នៅថ្ងៃទី៧ កញ្ញា ប្រជាជនហ្គីណេ នៅតែបន្តដើរតាមដងផ្លូវដោយពួកគេរាំច្រៀង ហ៊ោកញ្ជ្រៀវ សប្បាយរីករាយអបអរសាទរពួកយោធាដែលបានដណ្ដើមអំណាចមកវិញពីមេដឹកនាំម្នាក់ដែលប្រជាជនហៅថាជនផ្ដាច់ការ។ នៅរដ្ឋធានី Conakry និងសឹងតែទូទាំងប្រទេស គឺប្រជាជនចេញដើរតាមដងផ្លូវច្រៀងរាំយ៉ាងសប្បាយរីករាយ។

ពួកគេរត់អមក្បួនរថយន្តរបស់ពួកយោធា ហើយចាត់ទុកពួកយោធា គឺជាវីរជនរបស់ខ្លួន ដែលបានជួយផ្ដួលរំលំបុរសម្នាក់ដឹកនាំប្រទេសទៅរករបបផ្ដាច់ការ។
ប្រជាជនស្រែកព្រមៗគ្នាថា «ជយោពួកយោធា ជយោប្រជាធិបតេយ្យហ្គីណេ»។
ស្របពេលជាមួយគ្នានេះដែរ ក្រុមគណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍គាំទ្រភ្លាមៗនូវព្រឹត្តិការណ៍ថ្ងៃទី៥ ខែកញ្ញា ដោយចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ប្រទេស ក្នុងការបញ្ចប់របបរំលោភសិទ្ធិមនុស្ស របបពុករលួយ ផ្ដាច់ការ បក្សពួកនិយម និងគ្រួសារនិយម។ សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងមិនបានហៅព្រឹត្តិការណ៍ថ្ងៃទី៥ កញ្ញា ជារដ្ឋប្រហារនោះទេ។
ក្រុមគណបក្សប្រឆាំងសម្ដែងការសាទរនឹងសេចក្ដីសម្រេចរបស់ពួកយោធា ដែលសន្យាបង្កើតរដ្ឋាភិបាលចម្រុះអន្តរកាល ហើយឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីក្រោមក្រសែភ្នែកនៃអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដោយសង្ឃឹមថាការបោះឆ្នោតនោះធ្វើឡើងប្រកបដោយភាពសេរី និងយុត្តិធម៌ គឺគ្មានការបន្លំសន្លឹកឆ្នោតទៀតនោះទេ។
ដោយសារបុព្វហេតុនេះ មេដឹកនាំរដ្ឋប្រហារវរសេនីយ៍ទោ Mamadi Doumbouya បានប្រកាសឱ្យគណៈរដ្ឋមន្ដ្រីរបស់ប្រធានាធិបតី Alpha Conde ស្ថិតនៅក្នុងប្រទេសទាំងអស់ ហើយត្រូវចូលរួមកសាងរដ្ឋាភិបាលមួយដែលកើតចេញពីការបោះឆ្នោត និងកើតចេញពីឆន្ទៈរបស់ពលរដ្ឋពិតប្រាកដ៕