39 C
Phnom Penh

នៅ​ប្រទេស​នីហ្សេរ មេ​អង្គរក្ស​ប្រកាស​កាត់ទោស​ប្រធានាធិបតី​ខ្លួនឯង​ពី​ទោស​ក្បត់​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​២៦ កក្កដា ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរ លោក Mohamed Bazoum ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា ដែល​អ្នក​ដឹកនាំ​រដ្ឋប្រហារ គឺ​ឧត្តមសេនីយ៍ Abdourahmane Tchiani ជា​មេ​អង្គរក្ស​ប្រធានាធិបតី។

នៅ​ថ្ងៃ​ចន្ទ ទី​១៤ សីហា នេះ មេ​រដ្ឋប្រហារ​រូប​នេះ​បាន​បញ្ជា​ឱ្យ​មាន​ការ​កាត់ទោស​លោក Mohamed Bazoum ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​ថា ក្រុម​រដ្ឋប្រហារ​ជា​ក្រុមប្រឹក្សា​យោធា​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ បាន​ប្រកាស​ពី​ដំណើរការ​នីតិវិធី​ដែល​ឈាន​ដល់​កាត់ទោស​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច។

លោក Mohamed Bazoum ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ​ករណី​ទាក់ទង​ជាមួយ​ក្រុម​មេដឹកនាំ​បរទេស និង​អង្គការ​អន្តរជាតិ​ផ្សេងៗ រួម​ទាំង​ករណី​មាន​ផែនការ​បំផ្លាញ​សន្តិភាព​របស់​ប្រទេស។

លោក Amadou Abdramane ដែល​ជា​អ្នក​នាំពាក្យ​នៃ​របប​យោធា​នីហ្សេរ បាន​និយាយ​ថា អាជ្ញាធរ​យោធា​បាន​ប្រមូល​ភស្តុតាង​ដើម្បី​រៀបចំ​ការ​កាត់ទោស​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នេះ​ពី​ទោស​ក្បត់​ជាតិ និង​ពី​បទ​បំផ្លាញ​សន្តិសុខ​ផ្ទៃក្នុង​នៃ​ប្រទេស​នីហ្សេរ។

លោក Abdramane បន្ត​ថា នា​ពេលនេះ​កំពុងតែ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​បំភ្លៃ​ព័ត៌មាន​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​មាន​ផែនការ​ប្រឆាំង​នឹង​របប​យោធា ក្នុង​គោលដៅ​ព្យាយាម​បំផ្លាញ​ឱកាស​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​តាមរយៈ​ការ​ចរចា​ក្រោម​លេស​ការ​ធ្វើ​អន្តរាគមន៍​យោធា​បរទេស។

នៅ​ខណៈ​នេះ ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​បាន​ឃុំ​ខ្លួន​លោក Bazoum និង​រំលាយ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ស្រប​ច្បាប់ ដែល​សកម្មភាព​នេះ​បាន​ទទួល​រង​នូវ​ការ​ចេញ​មុខ​រិះគន់​ថ្កោលទោស​ពី​ក្រុម​មហាអំណាច​ពិភពលោក និង​ពី​សំណាក់​ក្រុម​ប្រទេស​ជិតខាង​នៅ​តំបន់​អាហ្វ្រិក​ខាងលិច ដែល​បាន​ដាក់​កងកម្លាំង​យោធា​ឱ្យ​ប្រុង​ជើងការ​ក្នុង​ករណី​ត្រូវ​ចូល​ធ្វើ​អន្តរាគមន៍​ដើម្បី​ដណ្ដើម​អំណាច​ឱ្យ​លោក Bazoum វិញ។

ជាមួយ​គ្នា​នេះ ក្រុម​ប្រទេស​អាហ្វ្រិក​ខាងលិច ហៅ​កាត់ ECOWAS នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា​បន្ថែម​ទៀត​ជាមួយ​របប​សឹក​នៅ​នីហ្សេរ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ការទូត​ជុំវិញ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា។

ចំណែក​ក្រុមប្រឹក្សា​សន្តិភាព និង​សន្តិសុខ​របស់​សហភាព​អាហ្វ្រិក​ខាងលិច ដែល​មាន ១៥​ប្រទេស​វិញ ក៏​នឹង​ត្រូវ​ជួប​ប្រជុំ​នៅ​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ ដើម្បី​ជជែក​អំពី​ស្ថានការណ៍​នៅ​នីហ្សេរ ដែល​អាច​ឈាន​ដល់​ការ​កំណត់​ត្រូវ​លើក​ទ័ព​អន្តរាគមន៍​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​ប្រទេស​នេះ​ឡើងវិញ។ ចំពោះ​ស្ថានភាព​នេះ ក្រុម​ប្រទេស​អាហ្វ្រិក​ខាងលិច​បាន​ត្រៀម​បញ្ជូន​ទ័ព​ទៅ​ប្រទេស​នីហ្សេរ​រួច​ហើយ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​សហភាព​អាហ្វ្រិក​ខាងលិច បាន​ឱ្យ​ដឹង​ថា ក្រុម​ឧត្តមសេនីយ៍​នីហ្សេរ មិន​បាន​ទម្លាក់​ចោល​នូវ​ភាព​មានះ​របស់​ខ្លួន​នោះ​ទេ បើ​ទោះជា​មាន​ការ​ព្រមាន​ពី​សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ក៏ដោយ​នោះ។ មិន​តែប៉ុណ្ណោះ ពួក​យោធា​បាន​គំរាម​ថា នឹង​សម្លាប់​ប្រធានាធិបតី Bazoum ទៀត​ផង ប្រសិនបើ​មាន​អន្តរាគមន៍​ណា​មួយ​ដោយ​កងទ័ព​ពី​ប្រទេស​ខាងក្រៅ។

តាម​ដំណឹង​មក​ថា កងទ័ព​មកពី​ប្រទេស​នីហ្សេរីយ៉ា និង​ប្រទេស Ivory coast ជាង ៥​ពាន់​នាក់​បាន​ត្រៀម​រួច​ហើយ។ ទ័ព​ទាំងនោះ​បំពាក់​ដោយ​អាវុធ​រួច​ហើយ​ដែរ ដើម្បី​ចូល​ទៅ​ក្នុង​ប្រទេស​នីហ្សេរ។ ប្រធានាធិបតី​នៃ​ប្រទេស Ivory coast អាឡាហ្សង់ គូតារ៉ា បាន​និយាយ​ថា ប្រទេស​របស់​លោក​បាន​សម្រេច​ជា​ផ្លូវការ​ហើយ​ក្នុង​ការ​បញ្ជូន​ទ័ព​ដើម្បី​អន្តរាគមន៍​ដោយ​សហការ​ជាមួយ​នឹង​ប្រទេស​នីហ្សេរីយ៉ា និង​ប្រទេស​ទាំងឡាយ​ណា​ដែល​ជា​សមាជិក​នៃ​សហភាព​អាហ្វ្រិក​ខាងលិច។

ប្រធានាធិបតី​ប្រទេស Ivory coast បាន​បញ្ជាក់​ថា ប្រធានាធិបតី​ដែល​រង​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​ត្រូវតែ​រស់រាន​មាន​ជីវិត គឺ​រហូត​ទាល់​តែ​មាន​ការ​ស្ដារ​សន្តិភាព ស្ថិរភាព និង​ប្រជាធិបតេយ្យ​របស់​ប្រទេស​នីហ្សេរ ឡើងវិញ ជាមួយ​នឹង​ពួក​យោធា​យល់ព្រម​ផ្ទេរ​អំណាច។

ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក និង​បារាំង ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​កងទ័ព​របស់​ពួកគេ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ទឹកដី​ប្រទេស​នីហ្សេរ​រួច​ទៅ​ហើយ គឺ​ចំនួន​ជាង ២៥០០​នាក់ ដែល​ពួកគេ​ចូល​ទៅ​ក្នុង​ប្រទេស​នេះ​តាំង​ពី​មុន​ប្រទេស​នេះ​ធ្លាក់​ក្នុង​អស្ថិរភាព​ដំបូង​នៃ​រដ្ឋប្រហារ​កាលពី​ចុង​ខែ​កក្កដា។

ទ័ព​ប្រទេស​ពីរ​នេះ​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ប្រជាជន​នីហ្សេរ ដែល​រត់​ភៀស​ខ្លួន​ដោយសារតែ​អំពើ​បះបោរ​រដ្ឋប្រហារ។ រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី Bazoum ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ Abdourahmane Tchiani ដែល​បុរស​នេះ​ជា​មេ​អង្គរក្ស​របស់​ប្រធានាធិបតី Mohamed Bazoum។

ក្រុម​ប្រទេស​សហភាព​អាហ្វ្រិក​ខាងលិច បាន​សម្ដែង​ការ​គាំទ្រ​ជា​ខ្លាំង​នូវ​សេចក្ដី​សម្រេច​របស់​ខ្លួន​ដោយ​អំពាវនាវ​ទៅ​កាន់​ពួក​យោធា​នីហ្សេរ​ជា​ថ្មី​ម្ដង​ទៀត ឲ្យ​បញ្ឈប់​ជាបន្ទាន់​ការ​ច្បាម​យក​អំណាច​ដោយ​រដ្ឋប្រហារ គឺ​ត្រូវ​ផ្ទេរ​អំណាច​ទៅ​ដល់​រដ្ឋាភិបាល​ប្រធានាធិបតី Bazoum ឡើងវិញ​ជាមួយ​នឹង​ការ​ដោះលែង​ប្រធានាធិបតី​រូប​នេះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​នេះ អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ម្នាក់ គឺ​អ្នកស្រី វ៉ិចតូរីយ៉ា នូឡេន ដែល​បាន​ទៅ​ដល់​ប្រទេស​នីហ្សេរ ហើយ​បាន​ជួប​នឹង​មេ​រដ្ឋប្រហារ​ផង​ដែរ​នោះ អ្នកស្រី​ព្រមាន​ថា ពួក​យោធា​ប្រទេស​នីហ្សេរ ត្រូវតែ​សង​តម្លៃ​ខូចខាត​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ បើ​ពុំ​នោះ​ទេ ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ។

ក្នុង​ជំនួប​រយៈពេល ២​ម៉ោង​នោះ អ្នកស្រី​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ព្យាយាម​សុំ​ជួប​ប្រធានាធិបតី Bazoum ប៉ុន្ដែ​ត្រូវ​បាន​ពួក​ឧត្តមសេនីយ៍​មិន​អនុញ្ញាត​ឲ្យ​ជួប​ដាច់ខាត។ អ្នកស្រី​ក៏​ត្រឡប់​ឡើង​យន្តហោះ​មក​សហរដ្ឋ​អាមេរិក​វិញ ហើយ​ព្រមាន​ថា ពួក​យោធា​នីហ្សេរ នឹង​ប្រឈមមុខ​យ៉ាង​ពិតប្រាកដ​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស