ប្រេសិតពិសេសនៃសមាគមអាស៊ាន បានប្រកាសថាលោកបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសរបស់ពួកយោធាភូមា ដោយបានលើកសំណើឱ្យមានបទឈប់បាញ់គ្នារយៈពេលបួនខែ ហើយពួកយោធាក៏បានយល់ស្របតាម។
ជាមួយគ្នានេះ ប្រេសិតពិសេសរបស់អាស៊ាន លោក Erywan Yusof ដែលជាអនុរដ្ឋមន្ត្រីការបរទេសទីពីររបស់ព្រុយណេ ក៏បានប្រាប់មេដឹកនាំយោធាភូមាថា នៅពេលដែលលោកត្រូវទៅកាន់ប្រទេសភូមា ក្នុងពេលឆាប់ៗនេះ គឺត្រូវតែទទួលបានការអនុញ្ញាតឱ្យជួបអ្នកស្រី អ៊ុងសាន ស៊ូជី ដើម្បីឱ្យអ្នកស្រីអំពាវនាវទៅកាន់មន្ត្រីថ្នាក់ក្រោម និងទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ឲ្យទទួលយកបទឈប់បាញ់គ្នា ហើយការបើកការចរចានយោបាយភ្លាមៗតែម្ដង។
នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតជប៉ុនក្យូដូ ប្រេសិតពិសេសរបស់អាស៊ានរូបនេះបានបញ្ជាក់ទៀតថា លោកបានប្រាប់ទៅពួកយោធាភូមាថា លោកនឹងត្រូវទៅកាន់ប្រទេសភូមាឆាប់ៗនេះ គឺដើម្បីបើកការិយាល័យរបស់លោកនៅក្នុងប្រទេសនេះ ហើយឈានទៅដល់ការចរចាទូលំទូលាយដោះលែងអ្នកជាប់ឃុំទាំងអស់ បញ្ចប់អំពើហិង្សា ហើយការធ្វើបាតុកម្មក៏ត្រូវស្ងប់ស្ងាត់។
របបសឹករបស់ភូមាមានអាយុ ៧ខែមកហើយ។ របបនេះបានធ្វើឱ្យមានការផ្ទុះនូវអំពើហិង្សាជាខ្លាំង។ ដោយសារតែការងើបឡើងប្រឆាំងនឹងខ្លួន គឺពួកយោធាក៏បានបង្ក្រាបទៅលើបាតុករ។ បាតុករប្រឆាំងរបបសឹកបានទាមទារឱ្យមានរបបប្រជាធិបតេយ្យឡើងវិញ។ ប៉ុន្តែក្នុងអំឡុង ៧ខែមកនេះ មនុស្សស្លាប់ដោយសារតែការបង្ក្រាប និងការបាញ់ប្រហារពីពួកយោធាកើនឡើងជាង ១ពាន់នាក់ និងចាប់ខ្លួនជាង ៦ពាន់នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ្នកស្រី អ៊ុងសាន ស៊ូជី ជិត ៣០០នាក់ផងដែរ។

ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ ប្រទេសភូមាក៏ចាប់ផ្ដើមធ្លាក់ក្នុងសង្គ្រាមស៊ីវិល។ រដ្ឋជាង១០ ដែលជារដ្ឋជនជាតិដើម បានប្រកាសកាន់អាវុធឡើងវិញដើម្បីប្រឆាំងនឹងរបបសឹក។ ការវាយប្រយុទ្ធគ្នាកើតមានសឹងរាល់ថ្ងៃដែលនាំឱ្យមានជនភៀសខ្លួនរាប់ម៉ឺននាក់។
ទីតាំងជាច្រើនរបស់ពួកយោធានៃរបបសឹកកាន់តែច្រើនៗឡើង បានធ្លាក់ក្រោមការវាយដណ្ដើមកាន់កាប់ដោយកងទ័ពជនជាតិដែលសហការជាមួយកងកម្លាំងនៃរដ្ឋាភិបាលឯកភាពជាតិនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី។
សម្រាប់អ្នកស្រី អ៊ុងសាន ស៊ូជី ក៏កំពុងស្ថិតក្នុងសំណុំរឿងចោទប្រកាន់ ១០ករណី ក្នុងនោះមានអំពើក្បត់ជាតិ និងពុករលួយ ដែលនាំឱ្យអ្នកស្រីប្រឈមមុខនឹងការផ្ដន្ទាទោសយ៉ាងតិច ៧៥ឆ្នាំ ប៉ុន្តែអ្នកសង្កេតការណ៍បានហៅការចោទប្រកាន់ទៅលើអ្នកស្រី គឺដើម្បីបំភ័ន្តមតិសាធារណជនប៉ុណ្ណោះ៕