35 C
Phnom Penh

ក្រុម​ប្រទេស​អាហ្វ្រិក​ខាងលិច​ត្រៀម​បញ្ជូន​ទ័ព​ទៅ​ប្រទេស​នីហ្សេរ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពី​ទីក្រុង​ណាយម៉េ នៃ​ប្រទេស​នីហ្សេរ បាន​ឲ្យ​ដឹង​ថា កងទ័ព​នៃ​ក្រុម​រដ្ឋប្រហារ​ផ្ដួល​រំលំ​ប្រធានាធិបតី មហាម៉ាត បាហ្សូម កំពុងតែ​ទប់ទល់​ជាមួយ​នឹង​ក្រុម​ប្រទេស​សហភាព​អាហ្វ្រិក​ខាងលិច ត្រូវ​លើក​ទ័ព​ចូល​អន្តរាគមន៍​ដើម្បី​រំដោះ​ប្រធានាធិបតី​ដែល​រង​ការ​ធ្វើ​រដ្ឋប្រហារ​នេះ ហើយ​សំដៅ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

ទីភ្នាក់ងារ​សារព័ត៌មាន AP ចុះផ្សាយ​នៅ​ថ្ងៃទី​១១ សីហា ថា ភាព​តានតឹង និង​ចលាចល​ក្នុង​ប្រទេស​នីហ្សេរ ក៏​ចាប់ផ្ដើម​ផង​ដែរ​នៅ​ពេល​មាន​ដំណឹង​ថា សហភាព​អាហ្វ្រិក​ខាងលិច​មាន ១៥​ប្រទេស​នេះ បាន​សម្រេច​រួចរាល់​ហើយ​ថា​ត្រូវ​លើក​ទ័ព​ចូល​ទៅ​កាន់​ប្រទេស​នីហ្សេរ។ កងទ័ព​ដែល​ត្រូវ​បញ្ជូន​នោះ​មាន​ចំនួន​ជាង ៥​ពាន់​នាក់​ដែល​ជា​វគ្គ​ដំបូង​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​ខ្លួន។

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​សហភាព​អាហ្វ្រិក​អះអាង​ថា ក្រុម​ឧត្តមសេនីយ៍​នីហ្សេរ មិន​បា​ន​ទម្លាក់​ចោល​នូវ​ភាព​មានះ​របស់​ខ្លួន​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​សហរដ្ឋ​អាមេរិក​ក៏ដោយ​នោះ។ មិន​តែប៉ុណ្ណោះ ពួកគេ​បាន​គំរាម​ថា​នឹង​សម្លាប់​ប្រធានាធិបតី បាហ្សូម ទៀត​ផង ប្រសិនបើ​មាន​អន្តរាគមន៍​ណា​មួយ​ដោយ​កងទ័ព​ពី​ប្រទេស​ខាងក្រៅ។

តាម​ដំណឹង​មក​ថា កងទ័ព​មកពី​ប្រទេស​នីហ្សេរីយ៉ា និង​ប្រទេស Ivory coast ជាង ៥​ពាន់​នាក់​បាន​ត្រៀម​រួច​ហើយ។ ទ័ព​ទាំងនោះ​ក៏​បាន​បំពាក់​អាវុធ​រួច​ហើយ​ដែរ ដើម្បី​ចូល​ទៅ​ក្នុង​ប្រទេស​នីហ្សេរ។ ប្រធានាធិបតី​នៃ​ប្រទេស Ivory coast អាឡាហ្សង់ គូតារ៉ា បាន​និយាយ​ថា ប្រទេស​របស់​លោក​បាន​សម្រេច​ជា​ផ្លូវការ​ហើយ​ថា នឹង​បញ្ជូន​ទ័ព​ដើម្បី​អន្តរាគមន៍​ដោយ​សហការ​ជាមួយ​នឹង​ប្រទេស​នីហ្សេរីយ៉ា និង​ប្រទេស​ទាំងឡាយ​ណា​ដែល​ជា​សមាជិក​អាហ្វ្រិក​ខាងលិច​នេះ។

ប្រធានាធិបតី​នៃ​ប្រទេស Ivory coast រូប​នេះ​បាន​បញ្ជាក់​ថា ប្រធានាធិបតី​ដែល​រង​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​ត្រូវតែ​រស់រាន​មាន​ជីវិត គឺ​រហូត​ទាល់តែ​ការ​ស្ដារ​សន្តិភាព ស្ថិរភាព និង​ប្រជាធិបតេយ្យ​របស់​ប្រទេស​នីហ្សេរ ឡើងវិញ ជាមួយ​នឹង​ពួក​យោធា​យល់ព្រម​ផ្ទេរ​អំណាច។

ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក និង​បារាំង ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​មាន​កងទ័ព​របស់​ពួកគេ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ទឹកដី​ប្រទេស​នីហ្សេរ រួច​ទៅ​ហើយ គឺ​ចំនួន​ជាង ២៥០០​នាក់ ដែល​ពួកគេ​ចូល​ទៅ​កាន់​ក្នុង​ប្រទេស​នេះ​តាំង​ពី​មុន​ប្រទេស​នេះ​ធ្លាក់​ក្នុង​អស្ថិរភាព​ដំបូង​នៃ​រដ្ឋប្រហារ​កាលពី​ពីរ​សប្ដាហ៍​មុន។ ទ័ព​ប្រទេស​ពីរ​នេះ​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ប្រជាជន​នីហ្សេរ ដែល​រត់​ភៀស​ខ្លួន​ដោយសារតែ​អំពើ​បះបោរ​ដោយ​រដ្ឋប្រហារ។

រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី មហាម៉ាត បាហ្សូម ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ អាដុល រ៉ាម៉ានទីឆានី ដែល​បុរស​រូប​នេះ​ជា​មេ​អង្គរក្ស​របស់​ប្រធានាធិបតី មហាម៉ាត បាហ្សូម។

មក​ដល់​ពេលនេះ ប្រជាជន​នីហ្សេរ នៅ​រដ្ឋធានី​ណាយម៉េ បាន​និយាយ​ថា ការ​ធ្វើ​អន្តរាគមន៍​របស់​កងទ័ព​ក្រុម​សហភាព​អាហ្វ្រិក​ខាងលិច​នេះ អាច​នឹង​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​ចលាចល តែ​ពួកគេ​បារម្ភ​ថា​វា​អាច​នឹង​នាំ​ទៅ​រក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ក៏​ថា​បាន ប្រសិនបើ​ពួក​យោធា​មិន​ព្រម​ទម្លាក់​អំណាច​ចោល​នោះ។

មិន​តែប៉ុណ្ណោះ ពួកគេ​និយាយ​ថា មុខជំនួញ​របស់​ពួកគេ​នៅ​ពេលនេះ គឺ​គ្រោះថ្នាក់​ហើយ ព្រោះ​ប្រទេស​របស់​ពួកគេ​មិន​ត្រឹមតែ​ឈាន​ទៅ​រក​សង្គ្រាម​ផ្ទៃក្នុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ទៀត​ផង។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​ប្រទេស​សហភាព​អាហ្វ្រិក​ខាងលិច​បាន​សម្ដែង​ការ​គាំទ្រ​ជា​ខ្លាំង​នូវ​សេចក្ដី​សម្រេច​របស់​ខ្លួន ដោយ​អំពាវនាវ​ទៅ​កាន់​ពួក​យោធា​នីហ្សេរ ឲ្យ​បញ្ឈប់​ជាបន្ទាន់​ការ​ច្បាម​យក​អំណាច​ដោយ​រដ្ឋប្រហារ គឺ​ត្រូវ​ផ្ទេរ​អំណាច​ទៅ​ដល់​រដ្ឋាភិបាល​ប្រធានាធិបតី មហាម៉ាត បាហ្សូម ជាមួយ​នឹង​ការ​ដោះលែង​ប្រធានាធិបតី​រូប​នេះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

បើ​តាម​ដំណឹង​មក​ថា ប្រទេស​នៃ​សហភាព​អាហ្វ្រិក​ខាងលិច មេដឹកនាំ​ប្រទេស​ទាំងអស់​នោះ​នឹង​ជួបជុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​សៅរ៍​ក្នុង​សប្ដាហ៍​នេះ ដើម្បី​កំណត់​ថា តើ​ត្រូវ​ប្រើប្រាស់​កងទ័ព​ប៉ុន្មាន​ពាន់​នាក់ និង​សព្វាវុធ​អ្វី​ខ្លះ​ត្រូវ​បំពាក់​ឲ្យ​ទ័ព។ ប៉ុន្តែ​អាមេរិក បាន​ឲ្យ​ដឹង​ថា បើ​ទោះ​អាមេរិក​មិន​សម្រេច​ដោយ​ផ្ទាល់​ក៏ដោយ ក៏​អាមេរិក​មិនទាន់​បាន​ប្រកាស​ចូលរួម​ជាមួយ​នឹង​ទ័ព​អាហ្វ្រិក​ខាងលិច​នៅឡើយ​ទេ។

កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មក​នេះ អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ម្នាក់ គឺ​អ្នកស្រី វ៉ិចតូរីយ៉ានូឡេន ដែល​បាន​ទៅ​ដល់​ប្រទេស​នីហ្សេរ ហើយ​បាន​ជួប​នឹង​មេ​រដ្ឋប្រហារ​ផង​ដែរ​នោះ ព្រមាន​ថា​ពួក​យោធា​ប្រទេស​នីហ្សេរ ត្រូវតែ​សង​តម្លៃ​ខូចខាត​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ បើ​ពុំ​នោះ​ទេ ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ។

ក្នុង​ជំនួប​រយៈពេល ២​ម៉ោង​នោះ អ្នកស្រី​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ព្យាយាម​សុំ​ជួប​ប្រធានាធិបតី មហាម៉ាត បាហ្សូម ប៉ុន្តែ​ត្រូវ​បាន​ពួក​ឧត្តមសេនីយ៍​មិន​អនុញ្ញាត​ឲ្យ​ជួប​ដាច់ខាត។ អ្នកស្រី​ក៏​ត្រឡប់​ឡើង​យន្តហោះ​មក​សហរដ្ឋ​អាមេរិក​វិញ ហើយ​ព្រមាន​ថា ពួក​យោធា​នីហ្សេរ នឹង​ប្រឈមមុខ​យ៉ាង​ពិតប្រាកដ​នូវ​ផលវិបាក​របស់​សហគមន៍​អន្តរជាតិ។

សូម​ជម្រាប​ថា ប្រទេស​នីហ្សេរ ស្ថិត​នៅ​អាហ្វ្រិក​ខាងលិច។ ប្រទេស​នេះ​មាន​ប្រជាជន ២៥​លាន​នាក់ ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់។ ពួក​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​កំពុងតែ​ស្វែងរក​ជំនួយ​ពី​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ឲ្យ​ប្រទេស​រុស្ស៊ី ដើម្បី​ឲ្យ​ក្រុម​នេះ​ជួយ​ការពារ​អំណាច​របស់​ពួកគេ។

ក្រុម​អ្នកវិភាគ​ព្រមាន​ថា បើ​ក្រុម Wagner ចូល​ទៅ​ក្នុង​ប្រទេស​នីហ្សេរ នោះ​វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​បែប​ភេរវកម្ម ហើយ​ចង់​មិន​ចង់ ក្រុម​រក្សា​សន្តិភាព​នៃ​សហភាព​អាហ្វ្រិក​ខាងលិច​អាច​នឹង​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក បារាំង ជួយ​កម្លាំង​ទ័ព​របស់​ពួកគេ​ថែម​ទៀត ដើម្បី​ចូល​ទៅ​ប្រទេស​នីហ្សេរ ដើម្បី​ផ្ដួល​រំលំ​ពួក​យោធា​របស់​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស