37 C
Phnom Penh

វៀតណាម​ចុះហត្ថលេខា​ពង្រីក​វិស័យ​ការពារ​ជាតិ​ជាមួយ​ជប៉ុន​នៅ​ចំពោះ​វត្តមាន​ប្រមុខ​ការទូត​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ហាណូយ និង​ប្រទេស​ពីរ​ទៀត​មិនទាន់​បាន​ចាកចេញ​ផុត​ពី​ដែនដី​អាស៊ាន​ផង ស្រាប់តែ​វៀតណាម និង​ជប៉ុន បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​រួម​គ្នា​ក្នុង​ការ​សំដៅ​ពង្រឹង​សន្តិសុខ​តំបន់ ដែល​មើល​ទៅ​ជា​ការ​ទាត់ចោល​នូវ​ការ​ស្នើសុំ​របស់​ចិន សុំ​ឱ្យ​វៀតណាម ជួយ​ទប់ស្កាត់​អ្នក​ខាងក្រៅ​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​តំបន់។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ក្យូដូ គឺ​ជប៉ុន និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១១ កញ្ញា។ កិច្ចព្រមព្រៀង​នេះ​ផ្ដល់​ឱកាស​ឱ្យ​មាន​ការ​បញ្ចេញ​ឧបករណ៍ និង​បច្ចេកវិទ្យា​ការពារ​ជាតិ​ដែល​ផលិត​ដោយ​ជប៉ុន ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ហាណូយ អំឡុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន Nobuo Kishi បន្ទាប់ពី​លោក​កាន់​តំណែង​នេះ​កាលពី​ឆ្នាំ​មុន។

តាម​ប្រភព​ដដែល​នេះ ជប៉ុន​នឹង​ពន្លឿន​ការពិភាក្សា​ជាមួយ​វៀតណាម ដើម្បី​លក់​នាវា​ល្បាត និង​នាវា​ចម្បាំង​របស់​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន មក​ឱ្យ​វៀតណាម។

វៀតណាម​គឺជា​សមាជិក​សំខាន់​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ជា​ប្រទេស​ទី​១១ នៃ​ទ្វីប​អាស៊ី​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បែប​នេះ​ជាមួយ​ប្រទេស​ជប៉ុន នៅ​ពេល​ដែល​ប្រទេស​ចិន កំពុង​វាតទី​កាន់កាប់​លំហសមុទ្រ​ចិន​ខាងកើត និង​ខាងត្បូង។

តាម​មន្ត្រី​ជប៉ុន​ម្នាក់ គឺ​កិច្ចព្រមព្រៀង​នេះ​កើតឡើង​ខណៈ​ដែល​វៀតណាម កំពុង​ធ្វើ​ឱ្យ​ទាន់​សភាពការណ៍​នៃ​ការ​ប្រើប្រាស់​សព្វាវុធ​ការពារ​ប្រទេស។ តែ​យ៉ាងណា កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រឹង​មូលដ្ឋាន​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ជប៉ុន ដែល​រំពឹង​ថា​នឹង​រួមចំណែក​ដល់​សន្តិសុខ​របស់​ប្រទេស​វៀតណាម និង​តំបន់។

វៀតណាម​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន ជុំវិញ​ប្រជុំកោះ​ស្ព្រាតលី និង​ប៉ារ៉ាសែល នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ក្រុង​ប៉េកាំង ចោទ​វៀតណាម​ពី​បទ​ធ្វើ​អាជីវកម្ម​នៃ​តំបន់​ក្នុង​ខ្សែទឹក​របស់​ចិន ហើយ​ទីបំផុត ចិន​បាន​បំពាន​យក​បាន​មក​វិញ​នូវ​កោះ​មួយ​ចំនួន​ពី​វៀតណាម តាំងពី​សង្គ្រាម​សមុទ្រ​ឆ្នាំ​១៩៧៤។

ក្រោយ​ពី​ប្រមុខ​ការទូត​ចិន ដែល​មក​សុំ​ឱ្យ​វៀតណាម កុំ​ទទួលយក​អ្នក​ខាងក្រៅ​មក​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺ​ជំនួប​រវាង​សម​ភាគី​វៀតណាម និង​ជប៉ុន ក៏​បាន​ចាប់ផ្ដើម។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក Nobuo Kishi បាន​ប្រាប់​សម​ភាគី​វៀតណាម Phan Van Giang ថា លោក​ចង់​ផ្ញើ​សារ​ទៅកាន់​សហគមន៍​អន្តរជាតិ​ដើម្បី​សម្ដែង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការប៉ុនប៉ង​ឯកតោភាគី​ណាមួយ​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​នៃ​សមុទ្រ​ចិន​ខាងត្បូង និង​ប្រជុំកោះ​សេនកាគូ នៃ​សមុទ្រ​ចិន​ខាងកើត គឺ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ជប៉ុន ដែល​ចិន​អះអាង​ថា​ស្ថិត​ក្នុង​ខ្សែទឹក​របស់​ចិន។

តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជា​តំបន់​មួយ​ដែល​មាន​មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច និង​សមុទ្រ​ចិន​ខាងត្បូង។

ខណៈ​ទីក្រុង​ប៉េកាំង ទាមទារ​ដែន​អធិបតេយ្យ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល និង​មាន​ការ​ទាមទារ​ដែនទឹក​ត្រួត​ស៊ីគ្នា​ជាមួយ​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​តៃវ៉ាន់ គឺ​ក្រុង​ប៉េកាំង ក៏​បាន​ទាមទារ​យក​កោះ​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ធ្លាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន តាំងពី​សង្គ្រាម​លោក​លើក​ទី​២។

ការ​ទាមទារ​ដែនទឹក​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការ​វាតទី​ដើម្បី​ឈាន​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ត្រូវ​បាន​គេ​មើលឃើញ​ថា ចិន​កំពុង​ក្លាយ​ជា​គូ​ជម្លោះ​ឯកោ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដែល​ជា​ការ​បំពាន​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២។ ដោយ​ជំទាស់​នឹង​ច្បាប់​អន្តរជាតិ​នេះ ក្រុង​ប៉េកាំង ក៏​បាន​បង្កើត​ច្បាប់​ផ្ទាល់ខ្លួន​មួយ​ទប់ស្កាត់​នាវា​បរទេស​ទាំងអស់​មិន​ឱ្យ​ចូល​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ខ្សែទឹក​របស់​ចិន។ ករណី​នេះ គេ​ឃើញ​សហរដ្ឋ​អាមេរិក​ចេញ​មុខ​ភ្លាម​ប្រឆាំង​នឹង​ចិន ដោយ​សម្រេច​បញ្ជូន​កង​នាវា​ទី​៧ ចំនួន​ពីរ​ក្រុម​ឱ្យ​បើក​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង ដោយ​ធ្លាក់​ទៅដល់​ប្រជុំកោះ​ស្ព្រាតលី និង​ប៉ារ៉ាសែន ដែល​ជា​ទីតាំង​មូលដ្ឋាន​កងទ័ព​ចិន​កំពុង​ស្ថិតនៅ​ទីនោះ។ ចិន​ប្រកាស​ថ្កោលទោស​អាមេរិក ដោយ​ហៅ​អាមេរិក​ថា​ជា​អ្នក​បង្ក​ហេតុ​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់។

ក្រុម​អ្នកជំនាញ​យល់​ថា កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ក្រុង​តូក្យូ និង​ក្រុង​ហាណូយ មាន​គោលបំណង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ហើយ​ការ​នាំចេញ​ឧបករណ៍​យោធា​របស់​ជប៉ុន គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយ​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់។

លោក ចាង យ៉ុង អគ្គលេខាធិការ​មជ្ឈមណ្ឌល​ទំនាក់ទំនង​ចិន-ជប៉ុន នៅ​វិទ្យាស្ថាន​សិក្សា​ជប៉ុន បាន​ប្រាប់​សារព័ត៌មាន​ចិន Global Times ថា ជប៉ុន​ស្វែងរក​ការពង្រីក​សំឡេង និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ដោយ​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​វៀតណាម​ផ្នែក​វិស័យ​ការពារ​ជាតិ​ឱ្យ​ដល់​កម្រិត​ខ្ពស់​ជាមួយ​នឹង​វៀតណាម។

លោក ចាង និយាយ​ថា ប្រទេស​ជប៉ុន​បាន​និង​កំពុង​បង្កើន​ការ​ការពារ​ឆ្ពោះ​ទៅ​រក​ប្រទេស​ចិន ខណៈ​ដែល​សហរដ្ឋ​អាមេរិក​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ជប៉ុន ចូល​មក​ក្បែរ​ខ្លួន និង​បន្ត​ពង្រឹង​សម្ពន្ធភាព​ដូចជា​វៀតណាម ជាដើម។

ចំណែង​លោក Zhuang Guotu ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកលវិទ្យាល័យ Xiamen ប្រទេស​ចិន បាន​ក្រើន​រំឭក​ប្រទេស​វៀតណាម ឱ្យ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ជ្រៀតជ្រែក និង​ការ​បង្កហេតុ​របស់​ជប៉ុន និង​កងកម្លាំង​ផ្សេងទៀត​នៅ​ក្រៅ​តំបន់។ លោក​ព្រមាន​ថា ចិន​នឹង​មិន​អនុញ្ញាត​ឱ្យ​កងកម្លាំង​ខាងក្រៅ​បង្កហេតុ​ក្នុង​តំបន់​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស