32 C
Phnom Penh

ប្រធានាធិបតី​ហ្វីលីពីន​បញ្ជា​ឱ្យ​ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr បាន​ចេញ​បញ្ជា​ឱ្យ​រដ្ឋាភិបាល​របស់​លោក ពង្រឹង​កិច្ចសហការ​បន្ថែម​ទៀត​ទៅ​លើ​សន្តិសុខ​ដែនសមុទ្រ ដើម្បី​ប្រឈម​បញ្ហា​ធំៗ​ជាច្រើន​ចំពោះ​បូរណភាព​ទឹកដី និង​សុខ​សន្តិភាព​ចំ​ពេល​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន កំពុង​បន្ត​កើន​ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា បាន​ឱ្យ​ដឹង​ថា បទបញ្ជា​របស់​លោក Marcos Jr ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​មុន និង​ទើប​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា មិន​បាន​លើកឡើង​ឈ្មោះ​ប្រទេស​ចិន ចំៗ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ហេតុការណ៍​ប្រឈមមុខ និង​ការ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ជា​បន្តបន្ទាប់ ជុំវិញ​បញ្ហា​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​ហ្វីលីពីន។

ប្រទេស​ពីរ​នេះ​បាន​បន្ត​ប៉ះទង្គិច​គ្នា​ចុងក្រោយ​ជា​ថ្មី​ទៀត​កាលពី​សប្តាហ៍​កន្លង​ទៅ នៅ​ពេល​ចិន​ប្រើប្រាស់​កាណុង​បាញ់​ទឹក​ទៅ​លើ​ទូក​ផ្គត់ផ្គង់​របស់​ហ្វីលីពីន នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal ដែល​ទីក្រុង​ប៉េកាំង ហៅថា Ren’ai។

លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្ដេជ្ញា​អនុវត្ត​វិធានការ​ឆ្លើយតប​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅថា​ជា​សកម្មភាព​ខុស​ច្បាប់ គំរាមកំហែង បំពាន និង​គ្រោះថ្នាក់​ដោយ​នាវា​ឆ្មាំ​សមុទ្រ​ចិន​នៅ​បង្ក​រឿង។

បទបញ្ជា​របស់​លោក Marcos Jr សំដៅ​ពង្រីក និង​កែសម្រួល​រចនាសម្ព័ន្ធ​ឡើងវិញ​ចំពោះ​ក្រុមប្រឹក្សា​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល ដោយ​បន្ថែម​នូវ​ទីប្រឹក្សា​សន្តិសុខ អគ្គ​រដ្ឋអាជ្ញា ប្រធាន​ទីភ្នាក់ងារ​ជាតិ​សម្របសម្រួល​ការណ៍​សម្ងាត់ ហើយ​និង​ក្រុម​ការងារ​ពិសេស​សមុទ្រ​ចិន​ខាងត្បូង។

បទបញ្ជា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ពង្រីក​តួនាទី​របស់​កងទ័ព​ហ្វីលីពីន ក្រោម​ការ​ចាត់តាំង​កងកម្លាំង​ប្រដាប់​អាវុធ​ហ្វីលីពីន ឱ្យ​ស្ថិត​ក្នុង​ចំណោម​ស្ថាប័ន និង​ទីភ្នាក់ងារ​ដែល​គាំទ្រ​ក្រុមប្រឹក្សា​ដែនសមុទ្រ​នោះ។

លោក Marcos Jr បាន​បង្កើន​ចំនួន​ស្ថាប័ន និង​ទីភ្នាក់ងារ​គាំទ្រ​ក្រុម​ប្រឹក្សា​ជាតិ​ដែនសមុទ្រ​របស់​ហ្វីលីពីន ពី ៩ ឡើង​ដល់ ១៣​ស្ថាប័ន ដែល​រួម​មាន​ទាំង​ទីភ្នាក់ងារ​ផ្នែក​អវកាស និង​វិទ្យាស្ថាន​ឯកទេស​កិច្ចការ​ដែនសមុទ្រ និង​ច្បាប់​សមុទ្រ។

ក្រៅពី​នេះ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា វិធានការ​តបត​របស់​ហ្វីលីពីន ចំពោះ​សកម្មភាព​របស់​ចិន នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង នឹង​រួម​បញ្ចូល​នូវ​ការ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន​ជាមួយ​សម្ព័ន្ធមិត្ត ហើយ​ប្រើប្រាស់​ឱ្យ​អស់​ពី​លទ្ធភាព​នូវ​មធ្យោបាយ​ការទូត ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​ស្រប​ពេល​លោក Marcos Jr ចេញ​បទបញ្ជា​ការពារ​សន្តិសុខ​ដែនទឹក​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ លោក Jonathan Malaya ថ្លែង​ថា ការ​ឆ្លើយតប​ដែល​លោក​ប្រធានាធិបតី​លើកឡើង​នោះ គឺ​មិន​ត្រឹមតែ​គ្របដណ្ដប់​ទៅ​លើ​ផ្នែក​នៃ​ការ​ពង្រឹង​សមត្ថភាព​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ឱ្យ​អស់​ពី​លទ្ធភាព​ផង​ដែរ។

ក្នុង​អំឡុង​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ នៅ​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ចិន និង​ហ្វីលីពីន បាន​បញ្ចេញ​នាវាចម្បាំង​ទៅ​ប្រឈមមុខ​ដាក់​គ្នា​ជា​ញឹកញាប់ ដែល​នាំ​ឱ្យ​មាន​ការ​ព្រមាន​ថា សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ពីរ​នេះ ទំនង​នឹង​អាច​ផ្ទុះ​ឡើង បើ​ពួកគេ​មិន​រក​ឃើញ​ដំណោះស្រាយ​នៃ​ការ​ចែក​ផល​ប្រយោជន៍​រួម​គ្នា​ដែល​អាច​ទទួល​យក​បាន​រៀងៗ​ខ្លួន។

ហ្វីលីពីន ដែល​អាង​ខ្លួន​ជា​អ្នក​ឈ្នះ​ក្ដី​ព្រោះ​តែ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ បាន​សម្រេច​កាលពី​ឆ្នាំ​២០១៦ ឃើញ​ថា​ប្រទេស​ធំ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មិន​ដែល​ទម្លាក់​ការ​ចុះ​ញ៉ម​នឹង​ការ​គំរាម​នៃ​សកម្មភាព​កង​នាវាចម្បាំង​ចិន ម្ដង​ណា​ឡើយ ជាពិសេស​ក្នុង​អន្តរកាល​របស់​លោក Marcos Jr។

អ្វី​ដែល​សំខាន់​ទៀត​នោះ ក្រុង​ម៉ានីល ហ៊ាន​ជល់​ជាមួយ​មហា​យក្ស​ចិន ក៏​ព្រោះ​តែ​មាន​សហរដ្ឋ​អាមេរិក​កាង​នៅ​ពីក្រោយ។

សមុទ្រ​ចិន​ខាងត្បូង​មាន​ទំហំ ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។ ចិន​អះអាង​ថា​ចិន មាន​កម្មសិទ្ធិ​កាន់កាប់​ដល់ ៩០​ភាគរយ។ ចំណែក​អាមេរិក​ថ្កោលទោស​ចិន ដែល​បាន​ប្រកាស​កាន់កាប់​ផ្ដាច់មុខ​លើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ប្រកាស​ថា​ទីក្រុង​វ៉ាស៊ីនតោន និង​ប្រទេស​ទាំងអស់​ត្រូវតែ​មាន​សិទ្ធិ​ធ្វើ​នាវាចរ​នៅ​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​ជា​លំហ​សមុទ្រ​អន្តរជាតិ។

បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​មាន​កងទ័ព​នៅ​លើ​ទឹកដី និង​ដែន​កោះ​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង។ សហរដ្ឋ​អាមេរិក​សច្ចា​លើក​ទ័ព​ជួយ​ក្រុង​ម៉ានីល បើ​ចិន​វាយប្រហារ​លើ​នាវាចម្បាំង​ប្រទេស​ហ្វីលីពីន ដែល​នៅ​សមុទ្រ​ចិន​ខាងត្បូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស