លោក ហ៊ុន សែន គឺជាមេដឹកនាំផ្ដាច់ការម្នាក់ដែលក្រាញអំណាចយូរជាងគេក្នុងប្រវត្តិសាស្ត្រនយោបាយកម្ពុជា និងជាមេដឹកនាំផ្ដាច់ការស្ថិតក្នុងអំណាចយូរជាងគេក្នុងពិភពលោក។ ក្រោមការដឹកនាំរបស់លោក ប្រទេសបានធ្លាក់ដុនដាបទ្រុឌទ្រោមយ៉ាងដំណំ ហើយនាំឲ្យរាស្រ្តនៅក្នុងនគរក្លាយជារាស្រ្តដែលក្រីក្របំផុតក្នុងពិភពលោក។
តាមពិតទៅ ពលរដ្ឋខ្មែរបានបង្ហាញការមិនពេញចិត្ត និងចង់ផ្លាស់ប្ដូររបបលោក ហ៊ុន សែន ជាខ្លាំង។ ឆន្ទៈនេះបានបញ្ជាក់ច្បាស់តាមរយៈលទ្ធផលបោះឆ្នោតនៅឆ្នាំ១៩៩៣ និងឆ្នាំ២០១៣។ ចំណែកលោក សម រង្ស៊ី វិញគឺជាមេដឹកនាំគណបក្សប្រឆាំងជិត ៣០ឆ្នាំដែលតែងអួតថា ខ្លួនលោកផ្ទាល់គឺជាអ្នកនយោបាយដែលលោក ហ៊ុន សែន ខ្លាចបំផុត។
ដូច្នេះ តើនយោបាយរបស់ លោក សម រង្ស៊ី អាចនឹងផ្លាស់ប្ដូរលោក ហ៊ុន សែន បានដែរឬទេ?
នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ លោក សម រង្ស៊ី បានក្លាយជាអ្នកនយោបាយប្រឆាំងដ៏លេចធ្លោមួយរូបនៅកម្ពុជា។ ភាពលេចធ្លោរបស់លោកនៅពេលនោះ បន្ទាប់ពីលោកក្លាយជាអ្នកនយោបាយប្រឆាំងនៅផ្ទៃក្នុងបក្សរបស់លោក គឺគណបក្សហ៊្វុនស៊ិនប៉ិច និងបានចេញមកបង្កើតគណបក្សប្រឆាំងថ្មីមួយដោយខ្លួនលោកផ្ទាល់នាដើមទសវត្សឆ្នាំ១៩៩០។
ក្នុងចំណោមមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី គឺជាអ្នកនយោបាយប្រឆាំងនឹងលោក ហ៊ុន សែន ដ៏ក្តៅគគុក ហើយក៏ជាអ្នកនយោបាយដ៏ផ្អែមត្រជាក់ និងស្អិតល្មួតជាមួយលោក ហ៊ុន សែន ផងដែរ។
បន្ទាប់ពីបង្កើតគណបក្សជាតិខ្មែរក្នុងឆ្នាំ១៩៩៥ លោក សម រង្ស៊ី បានដឹកនាំបាតុកម្មមហាជនប្រឆាំងនឹងការដឹកនាំរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់។ គណបក្សនេះត្រូវបានដូរឈ្មោះជាបន្តបន្ទាប់ពីគណបក្សជាតិខ្មែរទៅជាគណបក្ស សម រង្ស៊ី ហើយចុងក្រោយជាគណបក្សភ្លើងទៀន រហូតមកទល់ពេលបច្ចុប្បន្ននេះ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លោក សម រង្ស៊ី បានដឹកនាំបាតុកម្មមហាជនមួយក្នុងរាជធានីភ្នំពេញ ហើយបាតុកម្មនោះត្រូវបានបង្ក្រាបដោយការគប់គ្រាប់បែកចំនួនបួនគ្រាប់លើក្រុមបាតុករដែលកំពុងប្រមូលផ្តុំគ្នានៅមុខមន្ទីររដ្ឋសភា។ ព្រឹត្តិការណ៍នោះបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ១៦នាក់ ហើយយ៉ាងហោចណាស់មនុស្សចំនួន ១៥០នាក់ផ្សេងទៀតរបួស រួមទាំងពលរដ្ឋអាមេរិកាំងម្នាក់ គឺលោក Ron Abney ដែលជានាយកវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ប្រចាំនៅកម្ពុជាថែមទៀតផង។
ដោយសារមានជនជាតិអាមេរិកាំងម្នាក់បានរងរបួសដោយអំពើហិង្សានោះ សហរដ្ឋអាមេរិកមានកាតព្វកិច្ចបញ្ជូនប៉ូលិសសហព័ន្ធ (FBI) ដើម្បីបើកការស៊ើបអង្កេតលើរឿងនេះ។ បើយោងតាមរបាយការណ៍របស់ FBI និងក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានរកឃើញថា ក្រុមអង្គរក្សរបស់លោក ហ៊ុន សែន គឺជាអ្នកប្រព្រឹត្តអំពើហិង្សាបង្ហូរឈាមយ៉ាងសាហាវមួយនេះ។
ក្រោយព្រឹត្តិការណ៍ដ៏រន្ធត់នោះ ភ្លាមៗនោះលោក សម រង្ស៊ី ក៏បានប្រកាសដោយកំសួលចិត្ត និងម៉ឺងម៉ាត់ថា លោកនឹងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំងនោះឲ្យទាល់តែបាន។ ការសន្យានោះបានធ្វើឲ្យអ្នកគាំទ្ររបស់លោក និងពលរដ្ឋខ្មែរមានសេចក្តីសង្ឃឹមខ្លាំងណាស់។
អត្ថបទរបស់កាសែត The Cambodia Daily ជាភាសាអង់គ្លេសចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៧ ឲ្យដឹងថា លោក សម រង្ស៊ី បានដាក់ពាក្យបណ្តឹងពីរក្នុងឆ្នាំ២០០៥ គឺមួយទៅតុលាការនៃប្រទេសកម្ពុជា និងមួយទៀតទៅតុលាការសហព័ន្ធក្នុងទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។ តាមរយៈពាក្យបណ្តឹងទាំងពីរនោះ លោក សម រង្ស៊ី បានប្តឹងលោក ហ៊ុន សែន អំពីការជាប់ពាក់ព័ន្ធនឹងអំពើគប់គ្រាប់បែកដៃសម្លាប់ក្រុមបាតុករអហិង្សាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
តុលាការកម្ពុជាបានទាត់ចោលពាក្យបណ្តឹងនោះ ហើយវាក៏មិនមែនជារឿងចម្លែកអ្វីនោះដែរ ពីព្រោះតុលាការខ្មែរស្ថិតក្រោមអំណាចលោក ហ៊ុន សែន។ យ៉ាងណាក៏ដោយ តុលាការអាមេរិកទទួលយក និងដំណើរការរឿងក្តីនេះ ព្រោះវាមានពាក់ព័ន្ធនឹងជនជាតិអាមេរិកាំងម្នាក់ដែលរងរបួសក្នុងអំពើឃោរឃៅនោះ។ ប៉ុន្តែវាមានរឿងដ៏ខកចិត្តបំផុតមួយបានកើតឡើងសម្រាប់អ្នកដាក់ក្តីសង្ឃឹមខ្លាំង និងកំពុងទន្ទឹងរង់ចាំការរកយុត្តិធម៌តាមរយៈតុលាការអាមេរិក។ នោះគឺការសុំទោសរបស់លោក សម រង្ស៊ី ចំពោះលោក ហ៊ុន សែន អំពីរឿងកន្លងមកដែលលោក សម រង្ស៊ី ធ្លាប់ចោទប្រកាន់។
ក្នុងលិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ ដែលផ្ញើជូនលោក ហ៊ុន សែន ពីទីក្រុងប៉ារីស លោក សម រង្ស៊ី បានបង្ហាញនូវអារម្មណ៍ផ្អែមល្ហែមពោរពេញទៅដោយមនោសញ្ចេតនារបស់លោកចំពោះលោក ហ៊ុន សែន ដោយរួមទាំងការទទួលកំហុសកន្លងមកចំពោះមេដឹកនាំផ្ដាច់ការរូបនេះផង។
ចំណុចមួយក្នុងលិខិតនោះ លោក សម រង្ស៊ី បានសរសេរថា «ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្ត្រី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្ត្រីនៅពីក្រោយការគប់គ្រាប់បែកដៃលើហ្វូងបាតុករនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភាជាតិ ការចោទសម្តេចនាយករដ្ឋមន្ត្រីថាប៉ុនប៉ងសម្លាប់ឥស្សរជនប្រាំនាក់ និងការចោទមួយចំនួនទៀតមកលើសម្តេចនាយករដ្ឋមន្ត្រី»។
លោក សម រង្ស៊ី បានសរសេរទៀតថា «ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងផ្លាស់ប្ដូរឥរិយាបថរបស់ខ្ញុំដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយជៀសវាងមិនឱ្យមានបញ្ហាទាំងអស់នេះកើតមានទៀតឡើយ»។

ជាមួយគ្នានេះ ក្នុងខែកុម្ភៈ ឆ្នាំ២០០៦ នោះ លោក សម រង្ស៊ី ក៏បានសម្រេចដកពាក្យបណ្តឹងនៅតុលាការអាមេរិកក្នុងក្រុងញីវយ៉ក ដែលលោកប្តឹងអំពីការពាក់ព័ន្ធរបស់លោក ហ៊ុន សែន ក្នុងការគ្រប់គ្រាប់បែកដៃលើហ្វូងបាតុករនោះថែមទៀត។
អ្នកសង្កេតការណ៍នយោបាយកម្ពុជាបានអះអាងថា លោក សម រង្ស៊ី សរសេរលិខិតសុំទោសលោក ហ៊ុន សែន និងដកពាក្យបណ្តឹងពីតុលាការអាមេរិកនាពេលនោះ គឺដើម្បីជាថ្នូរនៃការវិលចូលស្រុកវិញរបស់លោកប៉ុណ្ណោះ។ មហាជនទូទៅបានចោទជាសំណួរថា អ្វីដែលលោក សម រង្ស៊ី បានធ្វើដូច្នេះ គឺជាការទទួលខុសត្រូវរបស់លោកចំពោះមុខជនរងគ្រោះ ឬជាការជួយលោក ហ៊ុន សែន?
តាមពិតទៅ ការគប់គ្រាប់បែកលើហ្វូងបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះ គឺជាអំពើហិង្សាមួយក្នុងចំណោមអំពើហិង្សាជាច្រើនទៀតដែលបានកើតឡើងលើក្រុមប្រឆាំង អ្នកសារព័ត៌មាន អ្នកវិភាគ និងសកម្មជនសិទ្ធិមនុស្សជាច្រើនរូបទៀត។ អ្វីដែលលោក ហ៊ុន សែន ចង់បាននោះ គឺជនរងគ្រោះមិនអាចទទួលបានយុត្តិធម៌ ហើយជនល្មើសក៏មិនត្រូវបានដាក់ទោសដែរ។ នេះគឺជាវិធីមួយរបស់មេដឹកនាំផ្ដាច់ការដែលចង់ធ្វើឲ្យក្រុមអ្នកតស៊ូមានការភ័យខ្លាច និងអស់សង្ឃឹមលើប្រព័ន្ធយុត្តិធម៌។ ដូច្នេះ អ្វីដែលលោក សម រង្ស៊ី បានធ្វើទំនងដូចជាចង់បំពេញតាមបំណងប្រាថ្នារបស់លោក ហ៊ុន សែន។
បន្ទាប់ពីមានការលើកលែងទោសពីលោក ហ៊ុន សែន និងបានវិលចូលស្រុកវិញដូចបំណងប្រាថ្នាហើយ លោក សម រង្ស៊ី និងសមាជិកសភារបស់លោកបានចូលរួមការបោះឆ្នោតគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញពីពីរភាគបី មកភាគច្រើនដាច់ខាត ដែលជាទូទៅគេហៅថា ៥០%+១ ក្នុងខែកុម្ភៈ ឆ្នាំ២០០៦ នោះដែរ។
អ្នកសង្កេតការណ៍នយោបាយកម្ពុជាបានធ្វើការសន្និដ្ឋានថា ការគាំទ្រឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដោយលោក សម រង្ស៊ី នាពេលនោះ អាចជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាសម្ងាត់របស់លោកបន្ទាប់ពីបានជួបជាមួយលោក ហ៊ុន សែន ដោយផ្ទាល់អស់រយៈពេលជាច្រើនម៉ោងនៅគេហដ្ឋានរបស់អតីតកម្មាភិបាលខ្មែរក្រហមរូបនេះនៅក្រុងតាខ្មៅ នាខេត្តកណ្តាល។
ក្រុមអ្នកសង្កេតការណ៍និយាយថា ការកែប្រែរដ្ឋធម្មនុញ្ញថ្មីនេះហាក់ដូចជាកាដូអំណាចមួយដែលលោក សម រង្ស៊ី ដាក់លើជើងពានប្រគល់ឲ្យលោក ហ៊ុន សែន ឆ្ពោះទៅរកការប្រមូលផ្តុំអំណាចនៅក្នុងដៃយ៉ាងណែនរហូតមកទល់បច្ចុប្បន្ននេះ។ លោក សម រង្ស៊ី ក៏បានទទួលស្គាល់ចំណុចនេះដែរ។ តាមរយៈវិទ្យុ RFA ក្នុងឆ្នាំ២០១៨ លោក សម រង្ស៊ី បានថ្លែងពីក្នុងរដ្ឋធានីវ៉ាស៊ីនតុនថា លោក ហ៊ុន សែន គួរតែអរគុណលោក ពីព្រោះលោកបានជួយផ្តល់អំណាចឲ្យលោក ហ៊ុន សែន បានដឹកនាំប្រទេសរហូតមកទល់សព្វថ្ងៃនេះ។
ទំនាក់ទំនងរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ត្រូវគេមើលឃើញថា ក្តៅត្រជាក់មិនទៀងទាត់ ដែលពេលខ្លះល្វីងពេក ហើយពេលខ្លះក៏ត្រជាក់ជ្រុលពេកដែរ។ បើប្រៀបប្រដូចនឹងគូស្នេហ៍វិញ អ្នកនយោបាយទាំងពីររូបនេះអាចប្រៀបដូចជាប្តីប្រពន្ធមួយគូដែលឈ្លោះគ្នាខ្លាំង តែមានកូនច្រើនអ៊ីចឹងដែរ។
ក្នុងឆ្នាំ២០០៣ លោក សម រង្ស៊ី ប្រកាសយ៉ាងដាច់អហង្ការថា «បើមាន សែន អត់ស៊ី បើមានស៊ី អត់សែន»។ ប៉ុន្តែនៅក្នុងឆ្នាំ២០០៦ លោក សម រង្ស៊ី និងលោក ហ៊ុន សែន បានសាងស្នេហ៍ដ៏ផ្អែមត្រជាក់ល្អូកល្អើនជាមួយគ្នា និងជួបសន្ទនាគ្នាដោយផ្ទាល់មាត់ក្នុងភូមិគ្រឹះរបស់លោក ហ៊ុន សែន នៅក្រុងតាខ្មៅ ដោយផ្ដោះផ្ដងស្នេហាប្រមាណជាបីម៉ោងដែរ។ រាត្រីទឹកឃ្មុំដ៏ផ្អែមល្ហែម ដ៏ត្រជាក់ឆ្ងាញ់នេះ បានកើតឡើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយរាត្រីទឹកខ្មេះ ឬរាត្រីបណ្ដូលពេជ្រក៏ចូលមកដល់។ ពេលនោះ លោក សម រង្ស៊ី ត្រូវរត់យកប្រាសអាយុដោយគេចពីការប៉ុនប៉ងចាប់ខ្លួនដោយលោក ហ៊ុន សែន ហើយបានរស់នៅក្រៅប្រទេសរហូតដល់ខែកក្កដា ឆ្នាំ២០១៣។
ស្រដៀងគ្នានឹងឆ្នាំ២០០៦ លោក សុន ឆ័យ បានផ្ញើសារទៅកាន់លោក សម រង្ស៊ី ដែលកំពុងស្ថិតក្នុងប្រទេសបារាំង តាមរយៈអ៊ីមែលនៅដើមខែកក្កដា ឆ្នាំ២០១៣ ថា លោក ហ៊ុន សែន បានកោះហៅលោក គិត ម៉េង ឱ្យត្រឡប់មកពីប្រទេសចិនវិញជាបន្ទាន់ ដើម្បីដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងនយោបាយមួយដូចអ្វីដែលអ្នកជំនួញរូបនេះធ្លាប់ដើរតួកាលពីឆ្នាំ២០០៨ កន្លងទៅ។
មួយសប្តាហ៍ក្រោយមក លោក សម រង្ស៊ី ក៏បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយមានការបើកផ្លូវពីលោក ហ៊ុន សែន។ អ្នកវិភាគនយោបាយកម្ពុជាសង្កេតឃើញថា ការដែលលោក ហ៊ុន សែន យល់ព្រមឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញនាពេលនោះ ពីព្រោះលោកមិនចង់ឲ្យលោក កឹម សុខា មានឱកាសដឹកនាំគណបក្សសង្គ្រោះជាតិ និងទាញយកប្រជាប្រិយភាពតែម្នាក់ឯង។ គោលដៅរបស់លោក ហ៊ុន សែន នៅពេលនោះ គឺចង់ឃើញប៉ូលនយោបាយរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ប្រជែងគ្នានៅក្នុងគណបក្សតែមួយ។
ភាពស្ងប់ស្ងាត់នៃការប៉ះទង្គិចគ្នារវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន មិនបានយូរប៉ុន្មានផង ក៏វិលទៅរកភាពតានតឹងវិញនៅពេលមានការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្រោយការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣ នោះ។
ភាពតានតឹងលើកនេះបានធូរខ្សាកវិញ នៅគ្រាដែលលោក សម រង្ស៊ី និងលោក ហ៊ុន សែន បានព្រមព្រៀងគ្នាចូលប្រជុំរដ្ឋសភានៅចុងខែកក្កដា ឆ្នាំ២០១៤។
ចាប់តាំងពីពេលនោះមក រាត្រីទឹកឃ្មុំរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន បានចាប់ផ្តើមឡើងវិញយ៉ាងស្រស់បំព្រង និងយ៉ាងល្អូកល្អើនម្តងទៀត។ លោក សម រង្ស៊ី បានប្រកាសបញ្ចប់នយោបាយ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ពោលគឺបញ្ចប់នយោបាយគុំកួនសងសឹកគ្នា។ ក្នុងអំឡុងពេលស្នេហានយោបាយដ៏ផ្អែមត្រជាក់នោះ គូស្នេហ៍ទាំងពីរក៏បានបង្កើតវប្បធម៌សន្ទនា និងរាត្រីទឹកឃ្មុំមួយចំនួនទៀត ដូចជាការពិសាភោជនីយាហាររួមគ្នារវាងគ្រួសារទាំងសងខាង និងការបណ្តើរគ្នាទៅចូលរួមសង្ក្រាន្តឆ្នាំថ្មីលើទឹកដីអង្គរក្នុងខេត្តសៀមរាប ជាដើម។
ជាថ្មីម្តងទៀត កង់ប្រវត្តិសាស្ត្របានវិលមកជាន់ដានចាស់ដដែល នោះគឺរាត្រីទឹកឃ្មុំរបស់គូស្នេហ៍នេះបានក្លាយជារាត្រីទឹកខ្មេះក្នុងឆ្នាំ២០១៥ ម្តងទៀត។ ពេលនោះ លោក សម រង្ស៊ី កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានធ្វើអត្ថាធិប្បាយលើការឈ្នះឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុងប្រទេសភូមា ដោយប្រដូចទៅនឹងស្ថានភាពប្រទេសកម្ពុជា ក្នុងពេលអនាគត។ ការធ្វើអត្ថាធិប្បាយនោះ បានធ្វើឲ្យលោក ហ៊ុន សែន ក្តៅក្រហាយ និងបានប្រើប្រាស់តុលាការរបស់លោកចាត់ការមេបក្សប្រឆាំងរូបនេះថែមទៀត។ លោក សម រង្ស៊ី ក៏បានរស់នៅនិរទេសខ្លួនចាប់តាំងពីពេលនោះមករហូតទល់ពេលបច្ចុប្បន្ននេះ។
ជាយុទ្ធសាស្ត្រនយោបាយ លោក ហ៊ុន សែន តែងតែទាញយកផលប្រយោជន៍អ្វីមួយពីដៃគូប្រជែង ឬសម្ពន្ធមិត្តរបស់លោក។ ជាក់ស្តែង ពេលគណបក្សប្រជាជនកម្ពុជាចងសម្ពន្ធមិត្តជាមួយគណបក្សហ៊្វុនស៊ិនប៉ិច លោក ហ៊ុន សែន តែងតែធ្វើឲ្យគេមើលឃើញថាក្រុមហ៊្វុនស៊ិនប៉ិច គឺជាក្រុមរបស់លោក។ ស្រដៀងគ្នានេះដែរ នៅពេលមានភាពល្អូកល្អើនជាមួយលោក សម រង្ស៊ី ពេលនោះលោក ហ៊ុន សែន ក៏បានទាញយកប្រយោជន៍ដែរ ដូចជាលោក សម រង្ស៊ី ធ្វើតាម ឬឈប់ប្រឆាំងនឹងលោក។
ប៉ុន្តែនៅពេលទើសចិត្តនឹងរឿងអ្វីមួយជាមួយលោក សម រង្ស៊ី ពេលនោះលោក ហ៊ុន សែន ចាត់ការមេបក្សប្រឆាំងរូបនេះតែម្តង។ បន្ទាប់មក ពេលលោក សម រង្ស៊ី រត់ចេញក្រៅស្រុក លោក ហ៊ុន សែន ប្រាប់មហាជនថា លោក សម រង្ស៊ី ជាមេដឹកនាំកំសាកថែមទៀត។
ដូច្នេះ ការលេងល្បែងនយោបាយក្តៅ ក្តៅជ្រុល ហើយត្រជាក់ ត្រជាក់ជ្រុលជាមួយលោក ហ៊ុន សែន ហាក់ដូចជាការជួយលើកតម្កើងមេដឹកនាំផ្ដាច់ការនេះទៅវិញទេ។
ជាការកត់សម្គាល់ លោក ហ៊ុន សែន តែងកម្ចាត់អ្នកប្រឆាំងឲ្យចាកចេញពីប្រទេស ឬចាប់ដាក់គុកចំពោះអ្នកណាដែលមិនព្រម ឬមិនអាចចេញពីប្រទេសបាន។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន បានប្រាប់លោក រ៉ុង ឈុន ឲ្យចេញទៅរស់នៅក្រៅប្រទេសទៅ បើមិនពេញចិត្តនឹងការដឹកនាំរបស់លោក។ លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅពេលដែលគាត់ខឹងលោក រ៉ុង ឈុន ដែលទាមទារឲ្យរដ្ឋាភិបាលរបស់លោកចរចាជាមួយសហគមន៍អឺរ៉ុបយកប្រព័ន្ធ EBA មកវិញ។
ក្រុមអ្នករិះគន់ខ្លះនិយាយថា ការរត់ចេញពីស្រុកដដែលៗរបស់លោក សម រង្ស៊ី ដោយគ្មានភាពក្លាហានប្រឈមជាមួយលោក ហ៊ុន សែន នៅក្នុងសង្វៀននយោបាយផ្ទាល់ គឺជាការបំពេញតាមបំណងរបស់បុរសខ្លាំងដែលក្រាញអំណាចរូបនេះ។ ជាមួយគ្នានេះ ការដែលលោក សម រង្ស៊ី ប្រកាសហៅមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិចាកចេញពីកម្ពុជា នៅពេលដែលលោក កឹម សុខា ត្រូវបានចាប់ខ្លួននោះ ក៏អាចជាអ្វីដែលលោក ហ៊ុន សែន ចង់បានដែរ។
ដូចអ្វីដែលបានលើកឡើងមកហើយនេះ ក្រៅតែពីកម្ចាត់ក្រុមប្រឆាំងឲ្យចាកចេញពីប្រទេស លោក ហ៊ុន សែន ក៏តែងតែប្រើប្រាស់វិធីសាស្ត្រហិង្សាផ្សេងៗទៀតដើម្បីលុបបំបាត់សកម្មភាពប្រឆាំងក្នុងប្រទេស ដូចជាការចាប់ដាក់ពន្ធនាគារ និងការគំរាមកំហែងផ្សេងៗគ្រប់រូបភាព។
ជាទូទៅ គេជឿថាអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានស្គាល់ច្បាស់អំពីចរិតនយោបាយរបស់លោក ហ៊ុន សែន ប៉ុន្តែអ្វីដែលគេពិបាកយល់ គឺយុទ្ធសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី។ លោករស់នៅក្រៅប្រទេស និងបានបញ្ចេញវោហារសាស្ត្រ និងបង្ហាញសកម្មភាពប្រឆាំងស្លាប់រស់ជាមួយលោក ហ៊ុន សែន ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោក សម រង្ស៊ី តែងតែព្យាយាមបង្ហាញសកម្មជន និងផ្សារភ្ជាប់ខ្លួនលោកជាមួយអ្នកកំពុងរស់នៅក្នុងប្រទេសទៅវិញ៕