26 C
Phnom Penh

អ្នក​វិភាគ៖ ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក កាលពី​អតីតកាល​នោះ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​លើ​កម្ពុជា​បន្ត​ទៀត​ហើយ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ថា សន្ធិសញ្ញា​ដែល​បាន​ធានា​ដោយ​អន្តរជាតិ​ទាំង ១៩​ប្រទេស​លើ​ពិភពលោក​នៅតែ​មាន​សុពលភាព​សម្រាប់​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ ដូច្នេះ​ការ​បដិសេធ​ចំពោះ​ច្បាប់​អន្តរជាតិ​មួយ​នេះ​របស់​កម្ពុជា គឺ​មាន​ន័យ​ថា ជា​ការ​បដិសេធ​ទៅ​នឹង​ប្រទេស​ហត្ថលេខី​ទាំងអស់​ដែល​បាន​សន្យា​គោរព​អធិបតេយ្យភាព ឯករាជភាព បូរណភាព អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​ខ្មែរ​ដូច្នោះ​ដែរ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា បើ​គ្មាន​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ទេ ក៏​គ្មាន​សង្គ្រាម​រវាង​វៀតណាម និង​កម្ពុជា​ដែរ ហើយ​បើ​គ្មាន​សង្គ្រាម​ឈ្លានពាន​នេះ​ទេ ក៏​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នេះ​ដែរ ដូច្នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា កិច្ចព្រមព្រៀង​នេះ​មាន​ឥទ្ធិពល​ធំធេង​ណាស់​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្មែរ។

ការ​លើកឡើង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ គឺ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា កម្ពុជា​មិន​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ បន្ត​ទៀត​នោះ​ទេ ក្រោយ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់​កាលពី​ឆ្នាំ​១៩៩៣ ទៅ​នោះ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ ឯកអគ្គរាជទូត​វិសាមញ្ញ​ពេញ​សមត្ថភាព​របស់​កម្ពុជា លោក ជុំ សុន្ទរី បាន​អះអាង​ក្នុង​ព្រឹត្តិការណ៍​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ដែល​បាន​ចែង​ថា កម្ពុជា​បន្ទាប់ពី​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់ នឹង​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អន្តរជាតិ​នោះ​ឡើយ។

លោក​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​អធិបតេយ្យភាព ឯករាជភាព បូរណភាព​ទឹកដី និង​ភាព​មិន​អាច​រំលោភបំពាន​បាន ភាព​អព្យាក្រឹត និង​ឯកភាព​ជាតិ​របស់​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​នឹង​រក្សា​អធិបតេយ្យភាព និង​ឯករាជភាព​របស់​ខ្លួន​នៅ​ពេល​ដែល​គោលការណ៍​ទាំងនេះ​ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើឡើង​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន​១៩ លើ​សកលលោក រួម​ទាំង​កម្ពុជា​ផង​ដែរ។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ថា ការ​ច្រានចោល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​ការ​គិត​ខ្លី​បំផុត​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ព្រោះថា​ច្បាប់​អន្តរជាតិ​នេះ​ពិតជា​មាន​អានុភាព​ជួយ​ខ្មែរ​បាន​ច្រើន​ណាស់ ទាំង​ការ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា ការ​រក្សា​អធិបតេយ្យ បូរណភាព​ទឹកដី និង​ការ​កសាង​កម្ពុជា​ឡើងវិញ​ផង​ដែរ។

លោក​អះអាង​ថា សម្រាប់​កម្ពុជា​មាន​តែ​ផល​ល្អ​ប៉ុណ្ណោះ បើ​រដ្ឋាភិបាល​នៅតែ​រក្សា​កិច្ចព្រមព្រៀង​នេះ ហើយ​សន្ធិសញ្ញា​នេះ​ក៏​មិន​បាន​ចែង​ពី​ការ​អស់​ទៅ​នៃ​សុពលភាព​របស់​ខ្លួន​ដែរ។ ជាង​នេះ​ទៀត តាមរយៈ​កិច្ចសន្យា​អន្តរជាតិ​នេះ កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន ទាំង​សេដ្ឋកិច្ច​ដែល​ផ្តល់​ឱ្យ​ពី​សហគមន៍​អឺរ៉ុប និង​ភាព​ជា​ម្ចាស់​លើ​ដែនដី​របស់​ខ្លួន​ដោយ​មិន​ខ្លាច​ពី​ការ​រំលោភបំពាន​របស់​បរទេស​ជិតខាង។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ដើម្បី​ឲ្យ​ខ្មែរ​អាច​រក្សា​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​បាន កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​លិខិតុបករណ៍​អន្តរជាតិ​ដែល​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​កន្លងមក ដើម្បី​ចៀសវាង​ធ្វើ​ខ្លួន​ជា​ស្មៅ​ដែល​រេ​តាម​ខ្យល់​ដូច​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​បាន​បោះបង់​អព្យាក្រឹតភាព​របស់​ខ្លួន​លួច​សហការ​ជាមួយ​កងទ័ព​កុម្មុយនីស្ត​វៀតណាម ដែល​នាំ​ឲ្យ​វិនាស​ខ្លួនឯង​រហូត​មក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស