ថ្ងៃទី២៥ តុលា គឺជាខួប ៥០ឆ្នាំដែលរបបប្រជាមានិតចិន បានដណ្ដើមកាន់កាប់អាសនៈរបស់សាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលប្រជាធិបតេយ្យ។
ថ្ងៃទី២៥ ខែតុលា កាលពី ៥០ឆ្នាំមុន គឺនៅឯអង្គការសហប្រជាជាតិ ដែលមហាសន្និបាតរបស់ស្ថាប័នពិភពលោកមួយនេះបានបោះឆ្នោតលើដំណោះស្រាយមួយលេខ២៧-៥៨។ ដំណោះស្រាយនោះបានផ្ដល់សិទ្ធិឱ្យរបបសាធារណរដ្ឋប្រជាមានិតចិន ដែលប្រកាន់របបកុម្មុយនីស្តមានអាសនៈនៅអង្គការសហប្រជាជាតិ។
អង្គការមួយនេះសម្រេចក្នុងការស្ដារសិទ្ធិទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលស្គាល់តំណាងរដ្ឋាភិបាលក្រុងប៉េកាំងសព្វថ្ងៃនេះថាជាតំណាងស្របច្បាប់តែមួយគត់នៃចិន នៅអង្គការសហប្រជាជាតិ។ ដំណោះស្រាយដូចគ្នានេះ គឺជាការបណ្ដេញតំណាងរបស់សាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលប្រជាធិបតេយ្យចាញ់សង្គ្រាម ឱ្យចាកចេញពីបេសកកម្មរបស់ខ្លួននៅអង្គការសហប្រជាជាតិ។
សង្គ្រាមស៊ីវិលបិទបញ្ចប់នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលនៃរបបសាធារណរដ្ឋចិន ដែលរត់ទៅនៅលើកោះតៃវ៉ាន់ ក៏បានបាត់បង់សិទ្ធិតំណាងរបស់ខ្លួននៅអង្គការសហប្រជាជាតិមកទល់នឹងសព្វថ្ងៃនេះ។
នៅថ្ងៃនេះ បក្សកុម្មុយនីស្តចិន បានប្រារព្ធខួប ៥០ឆ្នាំ ដែលក្រុងប៉េកាំង បានដណ្ដើមកាន់កាប់ពីរបបសាធារណរដ្ឋចិន ដែលរត់ទៅនៅលើកោះតៃវ៉ាន់។ តែយ៉ាងណា មុនរបបប្រជាមានិតចិនយកអាសនៈបានពីសាធារណរដ្ឋចិននៃអាជ្ញាធរកោះតៃវ៉ាន់ គឺប្រើពេលដល់ ២២ឆ្នាំ ទើបយកបាន គឺនៅឆ្នាំ១៩៧១។
កាលនោះ នៅថ្ងៃទី២៥ តុលា ឆ្នាំ១៩៧១ គឺលោកឯកអគ្គរដ្ឋទូតតៃវ៉ាន់ ប្រចាំអង្គការសហប្រជាជាតិ មានឈ្មោះថា Liu Chieh។ លោកបានត្រឹមតែគិតថា តើអ្វីទៅដែលបានកើតឡើងនៅពេលនោះ ការពិភាក្សាក្នុងមហាសន្និបាត ហើយប្រកាសថារដ្ឋាភិបាលរបស់លោកអស់សិទ្ធិចូលទៅអង្គុយលើអាសនៈរបស់ខ្លួនទៀតឡើយ។
ការបោះឆ្នោតសម្រាប់ដំណោះស្រាយនោះមាន ៧៦ប្រទេសគាំទ្រ ៣៥ប្រទេសជំទាស់ និង ១៧ប្រទេសអនុប្បវាទ បានធ្វើឱ្យប្រតិភូរបស់ចិនកុម្មុយនីស្តសម្រេចបាននូវការដណ្ដើមអាសនៈរបស់កោះតៃវ៉ាន់។
គេប្រើពាក្យថាការបោះឆ្នោតស្ដារអាសនៈនៃរបបសាធារណរដ្ឋប្រជាមានិតចិន គឺត្រូវដឹងថា ដំបូងឡើយ តំណាងបក្សកុម្មុយនីស្តចិន គឺជាអ្នកចុះហត្ថលេខាធម្មនុញ្ញអង្គការសហប្រជាជាតិ ប៉ុន្តែអាសនៈនោះមានការប្រទាញប្រទង់គ្នាបន្ទាប់ពីការបង្កើតចិនថ្មីត្រូវបានកាន់កាប់ដោយក្រុមរដ្ឋាភិបាលតៃវ៉ាន់ ដែលមានលោក ចាង កៃជៀក ជាប្រធានាធិបតីរហូតទាល់តែរដ្ឋាភិបាលប្រជាមានិតចិន ខំតស៊ូយកអាសនៈនៅអង្គការសហប្រជាជាតិវិញតាមរយៈកិច្ចខំប្រឹងប្រែងការទូតរបស់នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសចិនពេលនោះ គឺលោក ជូ អេនឡាយ ឱ្យដកតំណាងខុសច្បាប់នៃរបបសាធារណរដ្ឋចិន ដែលចិនកុម្មុយនីស្តថាមិនតំណាងឱ្យចិននោះទេ។
តែដំបូងឡើយ កិច្ចប្រឹងប្រែងនោះរងការបរាជ័យជាខ្លាំងដោយឧបសគ្គធំ គឺសហរដ្ឋអាមេរិក និងកម្លាំងអ្នកប្រជាធិបតេយ្យមិនព្រមឱ្យមានរបៀបវារៈណាមួយរបស់មហាសន្និបាត និយាយយោងដល់បក្សកុម្មុយនិស្តចិន តវ៉ាសុំយកអាសនៈពីកោះតៃវ៉ាន់។ ជាការពិត សហភាពសូវៀតជាអ្នកសាកល្បងឱ្យមហាសន្និបាតយកបញ្ហាអាសនៈតៃវ៉ាន់មកពិភាក្សា គឺឆ្នាំ១៩៥០ ម្ដង ហើយឆ្នាំ១៩៥១ ម្ដងទៀត តែមិនបានសម្រេចឡើយ។
អស់រយៈពេល ១០ឆ្នាំនៃការខំប្រឹងស្ដារអាសនៈរបស់ក្រុមកុម្មុយនីស្តចិនតំណាងឱ្យប្រទេសចិនមួយមិនបានសម្រេចឡើយ។
ចិនបានថ្កោលទោសជាខ្លាំងទៅលើទង្វើរបស់សហរដ្ឋអាមេរិកនៅពេលនោះ ហើយតាំងចិត្តថាគ្មានកម្លាំងណាក្នុងផែនដីនេះអាចផ្លាស់ប្ដូរការអភិវឌ្ឍ និងភាពរស់រានរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវតែមានសិទ្ធិស្របច្បាប់នៅអង្គការសហប្រជាជាតិ។ ក្នុងអំឡុងទសវត្សនោះ កំណើតប្រទេសទទួលបានឯករាជ្យថ្មីនៅអាស៊ី និងអាហ្រ្វិក ក៏ចូលមកអង្គការសហប្រជាជាតិដែលធ្វើឱ្យអាមេរិកពិបាកក្នុងការរារាំង និងស្ទើរតែដឹងថា ខ្លួនលែងទប់បាននូវការរារាំងចិនកុម្មុយនីស្តមិនឱ្យមានភាពតំណាង ហើយនិងប្រើប្រាស់ស្នៀតនៃដំណោះស្រាយនៃការប្រើសំឡេងភាគច្រើនពីរភាគបី ក៏ប៉ុន្ដែចំនួនប្រទេសដែលប៉ុនប៉ងស្ដារអាសនៈចិននៅអង្គការសហប្រជាជាតិចេះតែកើនឡើងរហូតដល់ឆ្នាំ១៩៧០ ដែលមានចំនួនគាំទ្រលើសលប់នឹងសំឡេងប្រឆាំងចិនដឹកនាំដោយអាមេរិក។
ទីបំផុត សហរដ្ឋអាមេរិកដែលទប់ជំហររបស់ខ្លួនមិនបាន ព្រមទាំងសម្ព័ន្ធរបស់ខ្លួនកាន់តែទន់ជ្រាយចំពេលសន្ទុះកុម្មុយនិស្តកាន់តែមានឥទ្ធិពល និងកាន់តែរីកមាឌធំឡើងៗ ស្រាប់តែមានរបៀបវារៈអំពីអាសនៈរបស់តៃវ៉ាន់ គឺបានទៅឱ្យរបបសាធារណរដ្ឋប្រជាមានិតចិន។ ទីបំផុត ចិនបានសំឡេងគ្រប់គ្រាន់ក្នុងមហាសន្និបាតនោះ គឺមាន ៧៦ប្រទេសគាំទ្រចិន ៣៥ប្រទេសជំទាស់ និង ១៧ប្រទេសអនុប្បវាទ។ យោងតាមលទ្ធផលនេះ បានធ្វើឱ្យរបបចិនកុម្មុយនីស្តសម្រេចបាននូវការដណ្ដើមអាសនៈរបស់កោះតៃវ៉ាន់។
កៀកបំផុតនឹងពេលដែលចិនសម្រេចបានជោគជ័យដ៏ធំ សហរដ្ឋអាមេរិកនៅតែបានប្រើការបន្តការរារាំងតំណាងចិនដោយសំណើបង្កើតចិនចំនួនពីរក្នុងអង្គការសហប្រជាជាតិ ដែលធ្វើឱ្យរដ្ឋមន្ត្រីការបរទេសចិន បានដាក់ការតវ៉ាការទូតមួយនៅថ្ងៃទី២៩ ខែសីហា ថាមានតែការស្ដារសិទ្ធិស្របច្បាប់សាធារណរដ្ឋប្រជាមានិតចិន នៅអង្គការសហប្រជាជាតិ និងការបណ្ដេញក្រុម ចាង កៃជៀក ពីអង្គការសហប្រជាជាតិប៉ុណ្ណោះ។
កុម្មុយនីស្តចិន បានហៅដំណោះស្រាយរបស់មហាសន្និបាតទី២៦ របស់អង្គការសហប្រជាជាតិថាជាយុត្តិធម៌មួយ ហើយថាជាជ័យជម្នះរបស់ក្រុមប្រទេសតតិយលោកជួយឱ្យនយោបាយការទូតចិន បានសម្រេច ក៏ដូចជាបរាជ័យនៃកម្លាំងដែលប្រឆាំងចិន។
ចំណែកឯតៃវ៉ាន់ ដែលចាញ់សង្គ្រាមទៅហើយ បែរចាញ់លើវេទិកាការទូតទៀត ចាត់ទុកព្រឹត្តិការណ៍ឆ្នាំ១៩៧១ គឺជាចំណុចកំពូលមួយនៃសោកនាដកម្មដ៏ឈឺចាប់នៃនយោបាយជាតិ ធ្លាក់ក្នុងភាពអាម៉ាស់ជាខ្លាំង។
តែយ៉ាងណា នៅថ្ងៃទី២៥ តុលា ឆ្នាំ២០២១ នេះ ដែលជាខួបទី៥០ នៃកម្លាំងអ្នកប្រជាធិបតេយ្យចាញ់សង្គ្រាមការទូត សហរដ្ឋអាមេរិកកំពុងតែរិះរកមធ្យោបាយមួយ គឺរុញឱ្យតៃវ៉ាន់ កាន់តែមានតំណាងនៅរាល់អង្គការទាំងឡាយចំណុះឱ្យអង្គការសហប្រជាជាតិ។ នេះគឺជាការបង្ហាញជំហរមួយទៀតរបស់រដ្ឋបាលលោក ចូ បៃដិន ក្នុងការជួយគាំទ្រតៃវ៉ាន់ បន្ទាប់ពីលោក ចូ បៃដិន បានអះអាងថា អាមេរិកសន្យាលើកទ័ពទៅជួយតៃវ៉ាន់ បើចិនប៉េកាំងលើកទ័ពចូលកាន់កាប់កោះតៃវ៉ាន់ ដែលជាសម្ពន្ធមិត្តរបស់អាមេរិក។
យោងតាមការប្រកាសមួយរបស់ក្រសួងការបរទេសអាមេរិក ចុះថ្ងៃទី២៣ ខែតុលា មន្ត្រីការទូតសហរដ្ឋអាមេរិក និងតៃវ៉ាន់ បានជួបនិយាយគ្នាកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីពិភាក្សាគ្នារកវិធីជួយឲ្យតៃវ៉ាន់ ឱ្យចូលរួមកាន់តែសកម្មនៅក្នុងក្របខ័ណ្ឌការងារនៃអង្គការសហប្រជាជាតិ។
គេពុំដឹងថា ចិនប្រតិកម្មយ៉ាងណាទេដែលមិនចង់ឱ្យតៃវ៉ាន់មានតំណាងរបស់ខ្លួននៅវេទិកាអន្តរជាតិ ខណៈក្រុងប៉េកាំង គំរាមលើកទ័ពកាន់កាប់ក្រុងតៃប៉ិ គឺកាន់តែគំរាមធ្ងន់ឡើងៗ ដោយបញ្ជូនទ័ពធ្វើសមយុទ្ធនាវាចម្បាំង និងបង្ហោះយន្តហោះចម្បាំងរាប់សិបគ្រឿងហោះចូលដែនអាកាសតៃវ៉ាន់។ សហរដ្ឋអាមេរិកប្រាប់តៃវ៉ាន់កុំឱ្យបាញ់យន្តហោះចិន ឱ្យសោះ លើកលែងយន្តហោះចិនទម្លាក់គ្រាប់បែកលើតៃវ៉ាន់៕