32 C
Phnom Penh

ចិន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​លើ​ប្រធានាធិបតី​ថ្មី​កោះ​តៃវ៉ាន់ ដោយ​គំរាម​លើក​ទ័ព​វាយ​កាន់កាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ហៅ​លោក Lai Ching-te ឬ​ហៅ​ឈ្មោះ​មួយ​ទៀត​ថា William Lai ប្រធានាធិបតី​កោះ​តៃវ៉ាន់ ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃទី​២០ ឧសភា នេះ​ថា ជា​មនុស្ស​បង្ក​រឿង​មិន​ចេះ​ខ្មាសអៀន បង្កើន​វោហារ​វាយប្រហារ​លើ​ប្រទេស​ចិន។

យោង​តាម​សារព័ត៌មាន The Straits Times នៃ​ប្រទេស​សិង្ហបុរី សេចក្ដី​ថ្លែងការណ៍​នៃ​ក្រសួង​ការបរទេស​ចិន បាន​ហៅ​លោក Lai Ching-te ថា​ជា​ជន​បំបែក​ខ្លួន​ដោយ​ទាត់​ចោល បើ​មេដឹកនាំ​កោះ​តៃវ៉ាន់​រូប​នេះ សុំ​ចរចា​ជាមួយ​ចិន។

នៅ​ថ្ងៃទី​២១ ឧសភា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​ជាច្រើន បាន​ចេញ​ផ្សាយ​បទ​អត្ថាធិប្បាយ​វាយប្រហារ​លើ​ប្រធានាធិបតី​ថ្មី​កោះ​តៃវ៉ាន់ ដោយ​ព្រមាន​ថា ចិន​កាន់តែ​អត់ធ្មត់​ហើយ​ចំពោះ​លោក Lai Ching-te ដែល​ថា​មេដឹកនាំ​រូប​នេះ​កំពុង​រុញ​ឱ្យ​ចិន លើក​ទ័ព​ចូល​កាន់កាប់​កោះ​តៃវ៉ាន់។

ចិន ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ដែនដី​របស់​ចិន ដែល​មិន​អាច​ប្រកាស​ជា​រដ្ឋ​ឯករាជ្យ​បាន​ឡើយ។

លោក វ៉ាង យី បាន​ថ្លែង​នៅ​ឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អង្គការ​សហប្រតិបត្តិការ Shanghai នៅ​ប្រទេស Kazakhstan លោក​បាន​និយាយ​ថា ដែន​កោះ​តៃវ៉ាន់​កំពុង​ធ្វើ​សកម្មភាព​ទៅ​រក​ការ​ប្រកាស​ឯករាជ្យ​ដែល​នឹង​នាំ​ទៅ​រក​ការ​បំផ្លាញ​ស្ថិរភាព​ច្រក​សមុទ្រ​តៃវ៉ាន់។

លោក​ថា ភាព​គឃ្លើន​របស់​លោក Lai Ching-te ជា​ការ​បង្ហាញ​ថា បុរស​នេះ​ក្បត់​ជាតិ និង​ក្បត់​ប្រវត្តិសាស្ត្រ​ខ្លួនឯង​ទៅ​ហើយ។ ចំពោះ​រឿង​បង្រួបបង្រួម​ជាតិ​ដែល​នឹង​នាំ​កោះ​តៃវ៉ាន់ ទៅ​នៅ​ជាមួយ​ក្រុង​ប៉េកាំង គឺជា​កាតព្វកិច្ច​ត្រូវតែ​ធ្វើ​ឱ្យ​បាន។

ចិន តែងតែ​ធ្វើ​សកម្មភាព​កងទ័ព​គំរាម​កោះ​តៃវ៉ាន់ ដោយ​បញ្ចេញ​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់។ ថ្ងៃ​ខ្លះ កងទ័ព​ចិន បាញ់​គ្រាប់​មីស៊ីល​ចេញពី​នាវាចម្បាំង​ធ្លាក់​ក្បែរ​កោះ​តៃវ៉ាន់ និង​ហោះ​រំលង​ដែន​កោះ​នេះ​ទៀត​ផង។ នៅ​ថ្ងៃ​ដែល​លោក Lai Ching-te ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​កាលពី​ថ្ងៃទី​២០ ឧសភា ចិន​ក៏​បញ្ចេញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ហោះ​ចូល​លំហ​អាកាស​តៃវ៉ាន់​ផង​ដែរ។

ក្រុម​ម៉ាស៊ីន​ឃោសនា​ក្រុង​ប៉េកាំង ថ្លែង​ថា ទោះបីជា​តៃវ៉ាន់ រៀបចំ​ពិធី​ដោះដូរ​ប្រធានាធិបតី​តៃវ៉ាន់ និង​អនុ​ប្រធានាធិបតី​យ៉ាងណា​ក្តី ក៏​ដែន​កោះ​នេះ​មិន​អាច​សម្រេច​បាន​នូវ​គោលដៅ​ទៅ​រក​រដ្ឋ​អធិបតេយ្យ​បាន​ឡើយ។ វា​នៅតែ​ជា​ដែនដី​មួយ​របស់​ចិន គឺ​មិន​អាច​បំបែក​ប្រវត្តិសាស្ត្រ​ជាតិ​សាសន៍​ចិន​បាន​ឡើយ។ ចិន​គំរាម​ជា​ថ្មី​ថា រាល់​សកម្មភាព​ឈាន​ទៅ​រក​ប្រកាស​ឯករាជ្យ​នៅ​តៃវ៉ាន់ គឺ​ត្រូវ​ជួប​រឿង​បរាជ័យ។

នៅ​ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង លោក Lai Ching-te បាន​និយាយ​នៅ​ចំពោះ​មុខ​ឥស្សរជន​បរទេស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នានា​ថា នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​មុខ រដ្ឋបាល​របស់​លោក​នឹង​បន្ត​ប្រើប្រាស់​ភាព​ក្លៀវក្លា​នៃ​ប្រជាធិបតេយ្យ​តៃវ៉ាន់ ជា​កម្លាំង​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ជាតិ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

ចំពោះ​ប្រទេស​ចិន វិញ លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចិន បញ្ឈប់​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​យោធា​ទៅ​លើ​តៃវ៉ាន់ និង​ធ្វើការ​ជាមួយ​នឹង​តៃវ៉ាន់ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

លោក Lai Ching-te បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់ ដោយ​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន ដែល​គាំទ្រ​ឯករាជភាព​របស់​តៃវ៉ាន់ កាន់​អំណាច​នៅ​អាណត្តិ​ទី​៣ ជា​បន្ត​ទៀត។ គណបក្ស​នេះ​តែងតែ​លើកឡើង​ជាប់​ជានិច្ច​នូវ​ភាព​ខ្លាំងក្លា​នៃ​ដែន​កោះ​ក្នុង​ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈពេល ៨​ឆ្នាំ​ចុងក្រោយ​នេះ និង ៤​ឆ្នាំ​ទៅ​មុខ​ទៀត។

ជាមួយ​គ្នា​នេះ លោក Lai Ching-te បាន​បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន តែ​លោក​នៅតែ​លើកឡើង​អំពី​ភាព​ចាំបាច់​សម្រាប់​តៃវ៉ាន់ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​នៅ​ក្នុង​ការ​ប្រឈម​នឹង​សម្ពាធ​យោធា​កើន​ឡើង​ពី​សំណាក់​ប្រទេស​ចិន។

ទោះជា​យ៉ាងណាក៏ដោយ លោក Lai Ching-te សន្យា​មិន​បង្ក​ហេតុ ហើយ​រក្សា​ស្ថានភាព​នៅ​ទ្រឹង​ដដែល ដោយ​មិន​ប្រកាស​ឯករាជ្យ​តៃវ៉ាន់ ភ្លាមៗ តែ​ព្យាយាម​បន្ត​រក្សា​ដែន​អធិបតេយ្យ​របស់​ដែន​កោះ​នេះ។ លោក​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ពី​ការ​បើក​ផ្លូវ​ចរចា​ជាមួយ​ចិន និង​ទាមទារ​ឲ្យ​ចិន ចែករំលែក​ការ​ទទួល​ខុសត្រូវ​លើ​ឆាក​អន្តរជាតិ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​របស់​តៃវ៉ាន់។

លោក Lai Ching-te ឬ William Lai ជា​អតីត​វេជ្ជបណ្ឌិត និង​អតីត​ចៅហ្វាយ​ក្រុង​តៃប៉ិ។

ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​នៃ​កោះ​តៃវ៉ាន់ នេះ អាជ្ញាធរ​កោះ​តៃវ៉ាន់ បាន​អញ្ជើញ​ប្រតិភូ​បរទេស​ចំនួន ៥១​ប្រទេស​មក​ចូលរួម ក្នុង​នោះ​មាន​សម្ពន្ធមិត្ត ១២​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស