33 C
Phnom Penh

អូស្ត្រាលី​ប្រកាស​តាំង​ចិត្ត​ជួយ​អាមេរិក បើ​ចិន​លើក​ទ័ព​ឈ្លានពាន​កោះ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះបី​សង្គ្រាម​ដែល​ចិន​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​តៃវ៉ាន់ នឹង​មិន​អាច​មើល​ឃើញ​ថា​នឹង​កើតឡើង​នៅ​ពេល​ណា តែ​រលក​ទៅ​រក​សង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​រហូត​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ​បាន​សន្យា​ថា នឹង​ជួយ​តៃវ៉ាន់ បើ​ចិន​លើក​ទ័ព​លុកលុយ​ដែន​កោះ​មួយ​នេះ។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​បញ្ជូន​សារ​ដូចនេះ​ទៅ​ទីក្រុង​ប៉េកាំង គឺ​បន្ទាប់ពី​កងទ័ព​ចិន បាន​បញ្ជូន​យន្តហោះ​ចម្បាំង​យ៉ាង​តិច ១៥៣​គ្រឿង​ឱ្យ​ហោះ​ចូល​ដែន​កោះ​តៃវ៉ាន់​យ៉ាង​ងងឹត​មេឃ​កាលពី​ជាង ១០​ថ្ងៃ​មុន​នេះ។ ដោយ​មើល​ឃើញ​ថា​សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ចិត្ត​ជួយ​តៃវ៉ាន់​ដូចនេះ អូស្ត្រាលី​ដែល​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក និង​ជា​សមាជិក​នៃ​ក្រុម​ចតុភាគី អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា ក៏​បាន​ប្រកាស​ថា អូស្ត្រាលី​នឹង​ជួយ​អាមេរិក​ក្នុង​សង្គ្រាម​ដែល​ចិន​លើក​ទ័ព​លុកលុយ​ដែន​កោះ​តៃវ៉ាន់។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Sky News រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក Peter Dutton បាន​បញ្ជាក់​ថា ជំហរ​របស់​អូស្ត្រាលី​នឹង​ឈរ​ជាមួយ​អាមេរិក​ក្នុង​ព្រឹត្តិការណ៍​ដែល​ចិន​បើក​ការ​វាយប្រហារ​ទៅលើ​កោះ​តៃវ៉ាន់។

នៅ​ពេល​ដែល​អ្នកកាសែត​បាន​សួរ​លោក​ថា តើ​អូស្ត្រាលី​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ចិន​នា​ពេល​អនាគត​ឬ​ទេ? លោក Peter Dutton ថា​ចិន​ត្រូវ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​ចេតនា​របស់​ខ្លួន​ទៅលើ​កោះ​តៃវ៉ាន់។ លោក​បន្ត​ថា គ្មាន​នរណា​ចង់​ឃើញ​ជម្លោះ​នោះ​ទេ ប៉ុន្តែ​សំណួរ​នេះ​គឺ​ត្រូវ​សួរ​ចិន ទើប​ដឹង​ថា​ចិន​មាន​មហិច្ឆតា​ដូចម្ដេច។

លោក​បញ្ជាក់​ថា ប្រសិនបើ​ចិន​ប៉ុនប៉ង​វាយប្រហារ​ទៅលើ​តៃវ៉ាន់ គឺ​អូស្ត្រាលី​នឹង​សម្លឹង​មើល​ការ​ឆ្លើយតប​របស់​អាមេរិក និង​ជាមួយ​សម្ពន្ធមិត្ត គឺ​ការពារ​ដែនដី​មួយ​នេះ​ដែល​មាន​អាយុ​ជាង ៧០​ឆ្នាំ​មក​ហើយ​នោះ។

ការ​បញ្ចេញ​មតិ​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី ធ្វើឡើង​ជាមួយ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​របស់​លោក​កាលពី​ខែ​ឧសភា ដែល​ថា​ក្នុង​ព្រឹត្តិការណ៍​មួយ​បើ​ចិន​វាយប្រហារ​តៃវ៉ាន់ គឺ​អូស្ត្រាលី​នឹង​ជួយ​អាមេរិក ហើយ​សម្ពន្ធមិត្ត​ដទៃ​ទៀត​ក៏​នឹង​ជួយ​អាមេរិក​ដែរ។

លោក​រដ្ឋមន្ត្រី​ថា អូស្ត្រាលី​ប្រាកដ​ចិត្ត​រឿង​នេះ​ហើយ។ ដូច្នេះ​អូស្ត្រាលី​ទោះ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ត្រឹម ២៥​លាន​នាក់ ពិត​ណាស់​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ជា​មិត្តភ័ក្ដិ​ល្អ​បំផុត​ក្នុង​ពិភពលោក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ផង និង​សម្ពន្ធមិត្ត​របស់​អូស្ត្រាលី​ផង។

កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស ក៏​បាន​អំពាវនាវ​ឲ្យ​ចិន ស្វែងរក​មធ្យោបាយ​សន្តិភាព​ដោះស្រាយ​ជម្លោះ​របស់​ខ្លួន​ជាមួយ​កោះ​តៃវ៉ាន់ ដោយ​ព្រមាន​ថា ការ​លុកលុយ​របស់​ចិន​ចូល​ក្នុង​តំបន់​កំណត់​ការពារ​ដែនអាកាស​តៃវ៉ាន់ គឺជា​រឿង​គ្រោះថ្នាក់ និង​អាច​បង្ក​ភ្លើង​ជម្លោះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​អង់គ្លេស លោក Ben Wallace ព្រមាន​ចិន​ថា អ្នក​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ពី​ការ​បង្ក​អស្ថិរភាព​ក្នុង​តំបន់ ហើយ​អ្នក​កំពុងតែ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ក្នុង​ការ​បង្ក​ឲ្យ​មាន​ភ្លើង​ជម្លោះ​បន្ថែម​នៅ​ក្នុង​តំបន់។

កាលពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​នឹង​គិតគូរ​ពី​ការ​ការពារ​កោះ​តៃវ៉ាន់ និង​ប្ដេជ្ញា​ចិត្ត​ដើម្បី​ការពារ​ដែន​កោះ​ដែល​ចិន​អះអាង​ថា​ជា​ទឹកដី​របស់​ខ្លួន​មួយ​នេះ។

ទាក់ទិន​នឹង​ករណី​នេះ លោក ចូ បៃដិន ថ្លែង​ថា ពិភពលោក​ពិតជា​បាន​ដឹង​ហើយ​អំពី​កម្លាំង​យោធា​របស់​អាមេរិក។ បើ​តាម​លោក បៃដិន គឺ​លោក​គ្រាន់តែ​ចង់​ឱ្យ​ចិន​យល់​ថា អាមេរិក​នឹង​មិន​ដើរ​ថយក្រោយ​នោះ​ទេ ហើយ​ក៏​នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ​របស់​អាមេរិក​អំពី​កោះ​តៃវ៉ាន់​នោះ​ដែរ។

ភ្ជាប់​នឹង​ព្រឹត្តិការណ៍​ចុងក្រោយ​នេះ គេ​ក៏​បាន​ឃើញ​កាសែត​របស់​រដ្ឋ​ចិន Global Times បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ដោយ​មិន​និយាយ​អំពី​អាមេរិក និង​អង់គ្លេស​ទេ តែ​និយាយ​អំពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ប្រទេស​អូស្ត្រាលី ដែល​ចង់​សាកល្បង​យោធា​ជាមួយ​ចិន។

ដោយ​ផ្ដើម​សរសេរ​ជា​ដំបូង​ថា ស្ថានភាព​ច្រកសមុទ្រ​តៃវ៉ាន់​ដ៏​តានតឹង​ក្នុង​ពេល​បច្ចុប្បន្ន​ដោយសារតែ​សហរដ្ឋ​អាមេរិក​ជា​អ្នក​ដើរ​ហួស​បន្ទាត់​ក្រហម​របស់​ចិន ហើយ​ញុះញង់​ឱ្យ​កម្លាំង​ផ្ដាច់​ខ្លួន​មាន​លើ​ដែន​កោះ​មួយ​នេះ​ប្រឈម​នឹង​ចិន​ដី​គោក ដោយ​រុញ​ឲ្យ​អូស្ត្រាលី​មក​ចូល​ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់ ហើយ​ក្រុង​កង់បេរ៉ា ចង់​យក​ពលរដ្ឋ​ខ្លួនឯង ២៥​លាន​នាក់​ទៅ​ប្រថុយ​នឹង​ជម្លោះ​យោធា​ជាមួយ​ចិន គឺ​ទៅ​មិន​រួច​ទេ។

Global Times ថា​នេះ​ជា​ឥរិយាបថ​ដែល​គ្មាន​ចេះ​គិត​របស់​អ្នក​នយោបាយ​អូស្ត្រាលី និយាយ​ឱ្យ​រួច​តែ​ពី​មាត់ ហើយ​មាន​ចេតនា​ចង់​បង្ក​ជម្លោះ​ជាមួយ​យោធា​ចិន។

កាសែត​ចិន​មួយ​នេះ​បន្ត​វាយប្រហារ​ដោយ​ប្រាប់​ឱ្យ​អូស្ត្រាលី​ត្រៀម​ខ្លួន​ដើម្បី​សង្គ្រាម ប៉ុន្តែ​កាសែត​នេះ​ដាស់តឿន​ថា អូស្ត្រាលី​គ្មាន​តួនាទី​អ្វី​ត្រូវ​លេង​ល្បែង​នេះ​ទេ។

Global Times ចំអក​ថា អូស្ត្រាលី​គ្មាន​សមត្ថភាព​យោធា​គ្រប់គ្រាន់​ដើម្បី​យក​ឈ្នះ​នឹង​ចិន​បាន​ឡើយ គឺ​កុំ​ថា​ឡើយ​យោធា សូម្បីតែ​សេដ្ឋកិច្ច ក៏​អូស្ត្រាលី​ដើរ​មិន​ទាន់​ចិន​ដែរ។

កាសែត​របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​ចាត់ទុក​អូស្ត្រាលី​ជា​ប្រទេស​មើល​ឃើញ​ខ្លួនឯង​ធំ តែ​គ្មាន​អំណាច​ទេ ហើយ​ជា​ប្រទេស​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ដៃ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស