37 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​មាន​គោលជំហរ​ច្បាស់លាស់​ដូច​នៅ​ប្រទេស​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា ពិតជា​ក្បាលម៉ាស៊ីន​ប្រជាធិបតេយ្យ​ខ្លាំង​ដែល​គួរ​យក​ជា​គំរូ ក្នុង​ការ​តស៊ូ​នយោបាយ​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​សម័យ​ទំនើប​ចុងក្រោយ​នេះ ខណៈ​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រង​ការ​រិះគន់​ជាបន្តបន្ទាប់​ចំពោះ​ការ​ដឹកនាំ​នយោបាយ​ដែល​គ្មាន​គោលជំហរ​ច្បាស់លាស់។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ តុលា នេះ​ថា មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា បាន​ធ្វើ​សកម្មភាព​នយោបាយ​របស់​ពួកគេ​ដល់​កម្រិត​ដែល​អាច​រុញច្រាន​ពួក​មេ​យោធា​ផ្ដាច់ការ​ភូមា ចេញពី​កិច្ចប្រជុំ​អាស៊ាន ដែល​ជា​អង្គការ​ដ៏​ធំ​ក្នុង​តំបន់​សម្រាប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នេះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ជាទូទៅ​ក្នុង​សង្គម​ជាតិ​ណា​ដែល​មាន​មេដឹកនាំ​នយោបាយ​ប្រជាធិបតេយ្យ​ខ្លាំង នោះ​ប្រាកដ​ជា​ឃើញ​សកម្មភាព​ពលរដ្ឋ​ខ្លាំង​កើតឡើង ហើយ​នៅ​ពេល​នោះ គឺជា​ពេល​ដែល​មេដឹកនាំ​អំណាច​យោធា​និយម នឹង​បាក់​ស្រុត​ចុះ​ចំពោះ​ការ​គ្រប់គ្រង​អំណាច​របស់​ពួកគេ។

លោក គឹម សុខ អះអាង​ថា មុន​ដំបូង មេដឹកនាំ​ផ្ដាច់ការ​នឹង​រង​នូវ​ការ​ព្រមាន​ពី​សហគមន៍​អន្តរជាតិ បន្ទាប់​មក ពួកគេ​នឹង​ជួប​ទណ្ឌកម្ម​នយោបាយ ទណ្ឌកម្ម​ការទូត និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាបន្តបន្ទាប់ ក្រោយ​មក​ទៀត ប្រទេស​ធំៗ​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម ខណៈ​ប្រទេស​ដែល​ជា​មិត្ត​ក៏​លែង​ហ៊ាន​បង្ហាញ​ជំហរ​គាំទ្រ​ផង​ដែរ។

លោក​បន្ថែម​ថា បន្ទាប់ពី​ប្រទេស​ជា​មិត្ត​ឈប់​គាំទ្រ ប្រទេស​ជិតខាង​ក៏​មិន​ហ៊ាន​រាប់អាន​ជា​ចំហ​នោះ ចុងក្រោយ​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​ឯកោ។ ចំណែក​មេដឹកនាំ​នយោបាយ​ប្រជាធិបតេយ្យ​នៅតែ​ធ្វើ​ពលិកម្ម​ដឹកនាំ​ពលរដ្ឋ​តវ៉ា​នៅ​លើ​សមរភូមិ​នយោបាយ​ជាក់ស្ដែង ដែល​នាំ​ឲ្យ​ពួក​មេ​យោធា​ផ្ដាច់ការ​នឹង​ត្រូវ​រលាយ​វិនាស​សាបសូន្យ​តែម្តង។

ការ​អះអាង​របស់​លោក គឹម សុខ ដើម្បី​បង្ហាញ​ពី​គំរូ​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា ក្នុង​ការ​ដឹកនាំ​ពលរដ្ឋ​តវ៉ា​ទៅ​នឹង​រដ្ឋាភិបាល​ផ្ដាច់ការ​ភូមា​បច្ចុប្បន្ន ខណៈ​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​រង​ការ​រិះគន់​ពី​ការ​ដឹកនាំ​មិន​ច្បាស់លាស់​របស់​ខ្លួន ដើម្បី​ផ្លាស់ប្ដូរ​ទម្រង់​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៨ និង​លើក​ទី​៣៩ តាម​ប្រព័ន្ធ​ វីដេអូ​អនឡាញ ក្រោម​ប្រធានបទ យើង​យកចិត្ត​ទុកដាក់ យើង​រៀបចំ​ត្រៀម​លក្ខណៈ យើង​រីកចម្រើន​ទៅមុខ ដែល​កំពុង​ធ្វើឡើង​ក្នុង​ខែ​តុលា ឆ្នាំ​២០២១ នេះ គឺ​មាន​វត្តមាន​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់ លើកលែងតែ​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​ភូមា លោក មីន អ៊ុងឡាំង ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ តុលា នេះ​ថា មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ត្រូវតែ​ចាប់​ឧក្រិដ្ឋជន​នេះ​ទៅ​ផ្ដន្ទាទោស​ជាដាច់ខាត។ ជាង​នេះ​ទៀង កម្ពុជា​ត្រូវតែ​បរិហារ និង​ថ្កោលទោស​ប្រទេស​មហាអំណាច​ដែល​គាំទ្រ​លោក មីន អ៊ុងឡាំង និង​របប​យោធា​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ថែម​ទៀត។

ជុំវិញ​ការ​រិះគន់​របប​ផ្ដាច់ការ​នេះ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា បាន​ប្រើ​អំណាច​យោធា​ដឹកនាំ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​មិន​ខុស​ពី​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា​នោះ​ទេ ចាប់តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​ខ្លួន​មក ដូចជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​ច្បាប់​អន្តរជាតិ រំលោភ​សិទ្ធិមនុស្ស សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជាពិសេស​ការ​បង្កើត​ឱ្យ​មាន​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ឆ្នាំ​១៩៩៧ ជាដើម។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំ​ដែល​តែង​គំរាម​លើ​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​រូប​នេះ នៅតែ​បន្ត​កាន់​អំណាច​ទាំង​បំពាន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ដោយសារតែ​ការ​តស៊ូ​របស់​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចេះ​តែ​អន់ថយ​ទៅៗ ដែល​គេ​មើលឃើញ​ថា ដោយសារតែ​មេដឹកនាំ​ទាំងនោះ​គ្មាន​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​ដឹក​នយោបាយ​របស់​ពួកគេ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ធ្លាប់​បាន​ប្តឹង​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ​ក្នុង​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ផង​ដែរ អំពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​គប់​គ្រាប់បែកដៃ​សម្លាប់​ក្រុម​បាតុករ​អហិង្សា​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លងទៅ ប៉ុន្តែ​ការ​ចោទ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ផ្តល់​ក្តី​សង្ឃឹម​លើ​លោក សម រង្ស៊ី បែរជា​ខកចិត្ត​ទៅវិញ ក្រោយ​មេដឹកនាំ​ប្រជាធិបតេយ្យ​រូប​នេះ​ចេញ​លិខិត​សុំទោស​លោក ហ៊ុន សែន នៅ​ពេល​ដែល​ខ្លួន​បាន​ដឹកនាំ​នយោបាយ​ដល់​ផ្លូវ​ទាល់ច្រក។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ចំណោម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា លោក សម រង្ស៊ី ត្រូវ​គេ​មើលឃើញ​ថា​ជា​អ្នកនយោបាយ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដ៏​ក្តៅ​គគុក ប៉ុន្តែ​ក៏​ជា​អ្នកនយោបាយ​ដ៏​ផ្អែម​ត្រជាក់ និង​ស្អិតល្មួត​ជាមួយ​លោក ហ៊ុន សែន ផង​ដែរ ដូច្នេះ​ហើយ​បាន​ជា​លោក ហ៊ុន សែន អាច​បន្ត​កាន់កាប់​អំណាច​នៅ​កម្ពុជា​បាន​យូរអង្វែង​បែប​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស