31 C
Phnom Penh

សាលាក្រុង​ភ្នំពេញ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ឡើងវិញ​នូវ​រថយន្តក្រុង​និង​កាណូត​ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ដោយសារ​វិបត្តិ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ឡើងវិញ​នូវ​រថយន្តក្រុង និង​កាណូត ក្រោយពី​ផ្អាក​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​កន្លងទៅ​ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ Covid-19។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា ក្រោយពី​រដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​គ្រប់​វិស័យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស អាច​ធ្វើ​អាជីវកម្ម​បាន​ដូច​មុន​ឆ្នាំ​២០១៩ សាលាក្រុង​ភ្នំពេញ​ក៏​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​កាណូត ចាប់ពី​ពេលនេះ​ទៅ។

ចំពោះ​រថយន្តក្រុង គឺ​ចាប់​បើក​ដំណើរការ​ដែល​សាធារណជន​អាច​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​រដ្ឋាករ​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន ចាប់ពី​ខ្សែ​ទី​១ រហូត​ដល់​ខ្សែ​ទី​៤B។ ដោយឡែក​ចំពោះ​កាណូត​វិញ ចាប់​បម្រើ​សេវា​ចេញពី​ស្ថានីយ​ចំណត​សួន​ឫស្សីកែវ ក្រុង​ភ្នំពេញ ដល់​ស្ថានីយ​ចំណត​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

ព័ត៌មាន​បន្ថែម​ថា៖

  • ខ្សែ​ទី​១ ចេញពី​ស្ថានីយ​ចំណត​រថយន្តក្រុង​ព្រែកព្នៅ ដល់​ស្ថានីយ​ចំណត​រថយន្តក្រុង​វាលស្បូវ។
  • ខ្សែ​ទី​២ ចេញពី​ស្ថានីយ​ចំណត​រថយន្តក្រុង​រង្វង់​មូល​កួច​កាណុង​ក្បែរ​ស្ពាន​ជ្រោយចង្វារ ដល់​ស្ថានីយ​ចំណត​រថយន្តក្រុង​បុរី​សន្តិភាព​២ តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី។
  • ខ្សែ​ទី​៣ ចេញពី​ស្ថានីយ​ចំណត​រថយន្តក្រុង​សួន​ឫស្សីកែវ ដល់​ស្ថានីយ​ចំណត​រថយន្តក្រុង​បុរី​សន្តិភាព​២ តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី។
  • ខ្សែ​ទី​៤A ចេញពី​ស្ថានីយ​ចំណត​រថយន្តក្រុង​សួន​ឫស្សីកែវ ដល់​ស្ថានីយ​ចំណត​រថយន្តក្រុង​បុរី​សន្តិភាព​២ តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី។
  • ខ្សែ​ទី​៤B ចេញពី​ស្ថានីយ​ចំណត​រថយន្តក្រុង​សួន​ឫស្សីកែវ ដល់​ស្ថានីយ​ចំណត​រថយន្តក្រុង​បុរី​សន្តិភាព​២ តាម​មហាវិថី​ចោមចៅ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ទៀត​ថា ចាប់ពី​ថ្ងៃ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​រថយន្តក្រុង និង​កាណូត​ឡើងវិញ​នៅ​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា គឺ​អ្នកដំណើរ​ទាំងអស់​អនុញ្ញាត​ឱ្យ​ជិះ​ដោយ​មិន​បាច់​បង់​ប្រាក់​ក្នុង​រយៈពេល ៦​ថ្ងៃ។ ដោយឡែក​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ទៅ សាលាក្រុង​ភ្នំពេញ​នឹង​គិត​តម្លៃ​សេវា​ធម្មតា​ឡើងវិញ។

បើ​ទោះ​ជា​បែប​ណា អ្នក​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ និង​កាណូត នឹង​លើកលែង​យក​ថ្លៃ​សេវា​សម្រាប់​ព្រះសង្ឃ ចាស់ជរា កុមារ​កម្ពស់​ក្រោម ១​ម៉ែត្រ សិស្ស​និស្សិត កម្មករ​កម្មការិនី កីឡាករ​កីឡាការិនី និង​គ្រូបង្រៀន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ឱ្យ​ដឹង​ទៀត​ថា អ្នក​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​តាម​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ និង​កាណូត ត្រូវ​ប្រកាន់​ភ្ជាប់ និង​គោរព​តាម​វិធាន​សុខាភិបាល ដោយ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ពេញវ័យ ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល វាស់​កម្តៅ ស្កេន QR Code និង​អង្គុយ​ទៅតាម​កៅអី​ដែល​បាន​រៀបចំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស