33.3 C
Phnom Penh

ចិន​ស្នើសុំ​ទិញ​វ៉ាក់សាំង Moderna ការពារ​ជំងឺ​កូវីដ-១៩ ពី​ក្រុមហ៊ុន​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុត ប្រទេស​ចិន​ដែល​អួតអាង​ថា​ជា​អ្នក​បាន​រក​ឃើញ និង​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ មុន​គេ​បង្អស់ នៅ​ពេលនេះ​បាន​សម្រេច​សុំ​ចរចា​ទិញ​វ៉ាក់សាំង Moderna ពី​ក្រុមហ៊ុន​សាជីវកម្ម​វ៉ាក់សាំង Moderna របស់​អាមេរិកាំង ដើម្បី​យក​ទៅ​ប្រើប្រាស់​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​ចិន។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ថា ក្រុមហ៊ុន​សាជីវកម្ម​វ៉ាក់សាំង Moderna បាន​ទទួលយក​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​ជួយ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ Moderna លក់​មក​ឲ្យ​ចិន។ តែ​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ បាន​ស្រង់​សម្ដី​លោក Stephane Bancel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម​វ៉ាក់សាំង Moderna បាន​ឲ្យ​ដឹង​ថា ការ​ចរចា​ពិត​ជា​បាន​ធ្វើ​ឡើង តែ​សេចក្ដី​សម្រេច​ណា​មួយ​នៅ​ពុំ​ទាន់​មាន​នៅឡើយ​ទេ។

ចិន​ជា​ប្រភព​ផ្ទុះ​មេរោគ​ជំងឺ​កូវីដ-១៩ មុន​គេ ហើយ​ប្រទេស​នេះ​ក៏​ជា​អ្នក​ផលិត​វ៉ាក់សាំង​មុន​គេ​ដែរ និង​បាន​ចែកចាយ​ទៅ​ដល់​ប្រទេស​ក្រីក្រ និង​ប្រទេស​ណា​ធ្លាក់​ក្នុង​បំណុល​របស់​ខ្លួន​ពាន់​លាន​ដុល្លារ ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ​ដែល​បាន​ប្រើ​វ៉ាក់សាំង​ចិន​ច្រើន​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ក្នុង​សមាគម​អាស៊ាន​ទាំង ១០​ប្រទេស។

ឥឡូវ​នេះ វ៉ាក់សាំង​របស់​ចិន ពីរ​ប្រភេទ គឺ​សីណូវ៉ាក់ និង​ស៊ីណូហ្វាម មាន​ភាព​សម្បូរ​ហូរហៀរ​នៅ​កម្ពុជា ឡាវ និង​ភូមា ដោយ​បាន​ចាក់​ស្ទើរ​គ្រប់​កុមារ ជាពិសេស​នៅ​កម្ពុជា បើ​ទោះជា​វ៉ាក់សាំង​ប្រភេទ​នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព​ក៏ដោយ។ តែ​ចុងក្រោយ ពលរដ្ឋ​កម្ពុជា​ភាគច្រើន​មិន​និយម​ចាក់​វ៉ាក់សាំង​ចិន​ទៀត​ទេ គឺ​គេ​និយម​ចាក់​វ៉ាក់សាំង​អាមេរិក និង​អង់គ្លេស ព្រោះ​ពួកគេ​បារម្ភ​អំពី​ប្រសិទ្ធភាព​របស់​វា និង​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​មុខ។

ចំពោះ​កោះ​តៃវ៉ាន់ ដែល​មាន​សាច់ឈាម​នឹង​ចិន បាន​ប្រកាស​មិន​ទទួល​យក​ជំនួយ​វ៉ាក់សាំង​របស់​ចិន​ជាដាច់ខាត។ អាជ្ញាធរ​តៃវ៉ាន់ មិន​ត្រឹម​ប្រកាន់​ជំហរ​ដូច​នេះ​ទេ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក ឬ​ក្រុមហ៊ុន​ណា​មួយ​នាំចូល​វ៉ាក់សាំង​របស់​ចិន​ទៀត​ផង។

យ៉ាងណា នៅ​ក្នុង​ប្រទេស​ចិន ដែល​ល្បី​ថា​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​សឹង​អស់​មនុស្ស​ទៅ​ហើយ បែរ​ជា​ប្រទេស​នេះ​កំពុង​ផ្ទុះ​រាលដាល​ជំងឺ​ប្រភេទ​នេះ​យ៉ាង​ខ្លាំង​មក​ទល់​នឹង​ពេលនេះ ហើយ​សូម្បី​នៅ​ទីក្រុង​ប៉េកាំង ទីក្រុង​សៀងហៃ និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត គឺ​ជំងឺ​ឆ្លង​ប្រភេទ​នេះ​នៅ​ផ្ទុះ​ជា​ខ្លាំង​ដោយ​បង្ខំ​បិទ​ក្រុង​បិទ​សង្កាត់​ទៀត​ផង។ នៅ​ពេល​ផ្ទុះ​ម្ដងៗ ប្រជាជន​តែងតែ​ផ្ទុះ​កំហឹង​ដោយសារតែ​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​រាំង​ខ្ទប់​មិន​ឱ្យ​ចាកចេញ​ពី​ផ្ទះ។

ចំពោះ​សារព័ត៌មាន​របស់​ចិន តែងតែ​ត្រូវ​អាជ្ញាធរ​ចិន​ហាមឃាត់​ការ​ផ្សាយ​ព័ត៌មាន​ចេញ​ទៅ​ខាង​ក្រៅ អំពី​ការ​បន្ត​ផ្ទុះ​ជំងឺឆ្លង​ប្រភេទ​នេះ ប៉ុន្តែ​នៅតែ​មិន​អាច​បិទបាំង​បាន​ឡើយ។

សារព័ត៌មាន​អន្តរជាតិ​ធំៗ ដូចជា​ទីភ្នាក់ងារ​សារព័ត៌មាន Reuters, AFP និង AP ជាដើម តែងតែ​ទម្លាយ​ព័ត៌មាន​នេះ​ចេញ​មក​ក្រៅ ដោយសារតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងនេះ​ទទួល​បាន​ការ​ផ្ដល់​ព័ត៌មាន​ពី​ពលរដ្ឋ​ចិន​ដែល​រស់នៅ​តំបន់​បិទ​ខ្ទប់។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា រហូត​មក​ដល់​ពេលនេះ ការ​បិទ​ខ្ទប់​នៅតែ​មាន​នៅ​តាម​បណ្ដា​ខេត្ត និង​ក្រុង​ជាច្រើន​នៅ​ចិន ព្រោះ​ការ​ឆ្លង​មេរោគ Omicron នៅតែ​វាយលុក​ប្រទេស​ដែល​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់​នេះ ហើយ​ការ​ធ្វើ​តេស្ដ​រក​ឃើញ​អ្នក​កើត​ជំងឺ​ប្រភេទ​នេះ គឺ​រាប់​ម៉ឺន​រាប់​សែន​នាក់​ឯណោះ។

លោក Stephane Bancel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម​វ៉ាក់សាំង Moderna បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ថា ក្រុមហ៊ុន​របស់​លោក​នឹង​អនុម័ត​តាម​ការ​ស្នើ​ទិញ​របស់​ប្រទេស​ចិន នៅ​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​នឹង​មិន​ចែកចាយ​រូបមន្ត​វ៉ាក់សាំង ឬ​ក៏​លក់​អាជ្ញាប័ណ្ណ​ឱ្យ​ចិន​នោះ​ទេ។

តាម​លោក Stephane Bancel នៅ​រដូវ​ត្រជាក់​ខាងមុខ​នេះ ការ​ប្រែប្រួល​មេរោគ Omicron អាច​ទៅ​ជា​ប្រភេទ​ថ្មី​ទៀត តែ​លោក Stephane Bancel បាន​ថ្លែង​ថា ក្រុមហ៊ុន​សាជីវកម្ម​វ៉ាក់សាំង Moderna អាច​នឹង​អនុញ្ញាត​ឱ្យ​ជប៉ុន ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ផលិត ដើម្បី​ប្រើប្រាស់​ក្នុង​ប្រទេស។ សម្រាប់​ប្រទេស​ជប៉ុន បាន​ទទួល​ការ​នាំចូល​វ៉ាក់សាំង Moderna និង Pfizer នៅ​អំឡុង​ពិភពលោក​ផ្ទុះ​កូវីដ​ប្រភេទ Omicron។

បច្ចុប្បន្ន​នេះ ប្រទេស​ជាច្រើន​លែង​ស្នើ​ទិញ ឬ​ក៏​ទទួល​យក​ជំនួយ​វ៉ាក់សាំង​របស់​ប្រទេស​ចិន គឺ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់។ វ៉ាក់សាំង​ប្រភេទ​នេះ​បើ​និយាយ​ពី​នៅ​អឺរ៉ុប​វិញ គេ​មិន​អនុញ្ញាត​ឱ្យ​នាំចូល ព្រោះតែ​ប្រសិទ្ធភាព​របស់​វា​ទាប​បំផុត បើ​ធៀប​នឹង​វ៉ាក់សាំង​របស់​អាមេរិក គឺ Pfizer, Moderna, Johnson and Johnson និង​វ៉ាក់សាំង​របស់​អង់គ្លេស AstraZeneca។

តាម​ការ​កត់សម្គាល់​របស់​អ្នកជំនាញ ប្រទេស​ច្រើន​ណាស់​នៅ​លើ​ពិភពលោក បាន​កំពុងតែ​ប្រើប្រាស់​វ៉ាក់សាំង​របស់​អាមេរិក ហើយ​បន្ត​ស្នើ​ទិញ​វ៉ាក់សាំង​ប្រភេទ​នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស