38 C
Phnom Penh

ក្រុង​សៀងហៃ​បន្ត​បិទ​ខ្ទប់ ខណៈ​ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្រោម​ផែនការ​សូន្យ​កូវីដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​កុម្មុយនីស្ត​ក្រុង​សៀងហៃ បាន​ចាប់​ឃុំ​ខ្លួន និង​ផាកពិន័យ​ប្រជាជន​ក្នុង​ទីក្រុង​នេះ​រាប់​ពាន់​ករណី ដោយសារ​ការ​រំលោភ​បម្រាម​វិធានការ​បិទ​ក្រុង ដែល​ទីក្រុង​មួយ​នេះ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ជាង ៦​សប្ដាហ៍​មក​ហើយ។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ដែល​បាន​ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ។

រហូត​មក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​មាន​តួលេខ​ជាក់លាក់​ណា​មួយ​ត្រូវ​បាន​កត់ត្រា​ទុក​ថា មនុស្ស​ប៉ុន្មាន​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ករណី​រំលោភ​ច្បាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅឡើយ​ទេ ប៉ុន្តែ​នៅ​តាម​មហាវិថី​របស់​ទីក្រុង​ដែល​មាន​ប្រជាជន​ជាង ២៥​លាន​នាក់​នេះ ឃើញ​ថា​ស្ងាត់​ជ្រងំ ខណៈ​ប្រជាជន​ត្រូវ​ហាម​ចាកចេញ​ពី​ផ្ទះ ហើយ​វិធានការ​នេះ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ដែល​ជា​យុទ្ធសាស្ត្រ​សូន្យ​កូវីដ។

តែ​ជាមួយ​គ្នា គេ​បាន​ឃើញ​ការ​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម Youtube មួយ​នៃ Channel Wion នៃ​ប្រទេស​ឥណ្ឌា ដោយ​បាន​ឃើញ​ប្រជាជន និង​សមត្ថកិច្ច​របស់​ទីក្រុង​ប៉ះទង្គិច​គ្នា ហើយ​ក្នុង​នោះ សមត្ថកិច្ច​ពេទ្យ​ចាប់​បង្ខំ​ពលរដ្ឋ​ឲ្យ​ធ្វើ​តេស្ដ។ ស្រប​ពេល​នោះ គេ​ក៏​ឃើញ​ប្រជាជន​លួច​រត់​ចេញពី​ផ្ទះ​ដើម្បី​ស្វែងរក​ស្បៀងអាហារ ខណៈ​ពួកគេ​រង​ការ​បិទ​ខ្ទប់​ដោយ​ពុំ​មាន​ស្បៀង​គ្រប់គ្រាន់​ក្នុង​ផ្ទះ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន គឺ​ពួកគេ​ត្រូវ​ដឹក​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​មជ្ឈមណ្ឌល​របស់​អាជ្ញាធរ។

ដោយ​អនុវត្ត​តាម​ផែនការ​សូន្យ​កូវីដ គេ​ឃើញ​សមត្ថកិច្ច​ប៉ូលិស​ដើរ​ល្បាត​គ្រប់​មហាវិថី ហើយ​បើ​ពលរដ្ឋ​ណា​រំលោភ​បម្រាម ត្រូវ​ឃាត់​ខ្លួន​ភ្លាម។ មិន​តែប៉ុណ្ណោះ សមត្ថកិច្ច​បង្ខំ​ឲ្យ​ម្ចាស់​ផ្ទះ​ត្រូវ​ស្ថិតនៅ​ក្នុង​ផ្ទះ ហើយ​អាជ្ញាធរ​បាន​ចាក់​សោ​របង​ជាប់​មិន​ឲ្យ​ចេញ​ឡើយ ប៉ុន្តែ​កំហឹង​សាធារណជន គឺ​ដោយសារតែ​ពួកគេ​ខ្វះ​ស្បៀងអាហារ​គ្រប់គ្រាន់​នៅពេល​ពួកគេ​ហាម​ចាកចេញ​ពី​ផ្ទះ។

យុទ្ធសាស្ត្រ​សូន្យ​កូវីដ​មាន​ការ​បញ្ចូល​វិធានការ​ច្រើន​យ៉ាង ដូចជា បិទ​ខ្ទប់​សង្កាត់ ឬ​ក្រុង​នៅ​ពេល​មាន​លេច​ករណី​វិជ្ជមាន​កូវីដ​ដំបូង​ភ្លាម ត្រូវ​ធ្វើ​ចត្តាឡីស័ក​អ្នក​វិជ្ជមាន​កូវីដ​ទោះ​គ្មាន​រោគសញ្ញា​ក៏ដោយ ឬ​ធ្វើ​តេស្ដ​កូវីដ​ទ្រង់ទ្រាយ​ធំ។ តាម​ដំណឹង​មក​ថា មួយ​ថ្ងៃៗ​មនុស្ស​ឆ្លង​កូវីដ​ថ្មី Omicron អាច​មាន​ជិត ៤​ពាន់​នាក់ ហើយ​ចាប់តាំង​ពី​ជាង​មួយ​ខែ​មក​ហើយ មនុស្ស​ស្លាប់​មាន​ចំនួន ៥៤៧​នាក់។

មិន​ថា​ឡើយ​ក្រុង​សៀងហៃ ត្រូវ​បាន​ប្រកាស​ថា​មាន​ការ​ឆ្លង​កូវីដ​ថ្មី Omicron គឺ​ជំងឺ​នេះ​ក៏​បាន​រីក​រាលដាល​ដល់​ទីក្រុង​ប៉េកាំង ដែរ។ ក្នុង​ទីក្រុង​នេះ សង្កាត់​ខ្លះ​ក៏​ត្រូវ​បិទ​ខ្ទប់​ផង​ដែរ។ បន្ថែម​លើស​ពី​នេះ បណ្ដា​ខេត្ត​ជាច្រើន​ទៀត​ក៏​កំពុងតែ​ឆ្លង​ជំងឺ​ប្រភេទ​នេះ ដែល​អាច​ប៉ះពាល់​មនុស្ស​រាប់​សិប​លាន​នាក់។ ដោយសារ​ស្ថានភាព​បិទ​ខ្ទប់​នេះ បាន​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​ចិន រង​ផល​ប៉ះពាល់​ខ្លាំង។

ការិយាល័យ​ស្ថិតិ​ជាតិ​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ផ្ទុះ​ករណី​ឆ្លង​កូវីដ-១៩​ជាង ១​ខែ​មក​នេះ អត្រា​អ្នក​អត់​ការងារ​ធ្វើ​បាន​ហក់​ឡើង​ខ្ពស់។ ការិយាល័យ​ស្ថិតិ​ជាតិ​ឲ្យ​ដឹង​ថា ទំនិញ​លើ​ទីផ្សារ​បាន​ធ្លាក់​ចុះ ៣,៥% ក្នុង​ខែ​មីនា និង​បន្ត​ធ្លាក់​ចុះ ១១,១% ក្នុង​ខែ​មេសា។ ចំណែក​អត្រា​អ្នក​អត់​ការងារ​ធ្វើ​បាន​កើន​ពី ៥,៨% ក្នុង​ខែ​មីនា ហើយ​បន្ត​កើនឡើង​ដល់​ទៅ ៦,១% ក្នុង​ខែ​មេសា។

ដោយ​ប្រឈម​នឹង​បាត់បង់​ការងារ របប​ក្រុង​ប៉េកាំង បាន​សម្រេច​ផ្ដល់​ការងារ​ចំនួន ១១​លាន​ការងារ​សម្រាប់​ឆ្នាំ​២០២២។ ចិន​ជា​ប្រភព​សាយភាយ​មុន​គេ​ដែល​បង្ក​ឲ្យ​មាន​មេរោគ​ជំងឺ​ផ្លូវ​ដង្ហើម​នៃ​វីរុស​កូរ៉ូណា។

ប្រភព​ដំបូង​របស់​វា​ចេញពី​ក្រុង Wuhan នៃ​ខេត្ត​អូបីយ ប្រទេស​ចិន ហើយ​ប៉ុន្មាន​ខែ​ក្រោយ​មក វា​រីក​រាលដាល​ពាសពេញ​ពិភពលោក។ លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​មុខ​រិះគន់​ជា​សាធារណៈ​លើ​នយោបាយ​សូន្យ​កូវីដ​របស់​ចិន។ លោក​ថា ស្ថានភាព​ជំងឺឆ្លង Omicron គេ​អាច​ទប់ស្កាត់​បាន​ច្រើន​ដោយ​មធ្យោបាយ​ធូរស្រាល​ជាង​នេះ។ តាម​ការ​ពន្យល់​របស់​អ្នកជំនាញ​រូប​នេះ មនុស្ស​គ្រប់​គ្នា​បាន​សម្រប​ខ្លួន​ទៅ​នឹង​កូវីដ-១៩ ដោយ​រៀន​រស់នៅ​ជាមួយ​កូវីដ-១៩ ដោយ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ដូចជា​ពាក់​ម៉ាស់ លាង​ដៃ​ញឹកញាប់ ឬ​មួយ​ក៏​រក្សា​គម្លាត​សុវត្ថិភាព ជាដើម។

អង្គការ​សុខភាព​ពិភពលោក​យល់​ថា ជាមួយ​នឹង​អូមីក្រុង​សព្វថ្ងៃ គេ​អាច​កាត់បន្ថយ​អត្រា​ឆ្លង​បាន តែ​គេ​មិន​អាច​បិទ​ខ្ទប់​ការ​ឆ្លង​ទាំងស្រុង​បាន​ទេ។

ប៉ុន្តែ​អ្វី​ដែល​ចិន​ធ្វើ​រឿង​នេះ ដូច​ចម្លែក​ជាងគេ គឺ​អាច​មកពី​កត្តា​វ៉ាក់សាំង ព្រោះ​វ៉ាក់សាំង​ចិន ពុំ​មាន​ប្រសិទ្ធភាព​ច្រើន​ទេ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ផ្លូវ​ដង្ហើម​សាកល​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស