29 C
Phnom Penh

លោក ទៀ បាញ់៖ មេ​បក្ស​កាន់​អំណាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទកភាព​ខ្លាំង​ចូលរួម​សាមគ្គីភាព​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អះអាង​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទកភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​កសាង​សាមគ្គីភាព​ជា​លក្ខណៈ​អន្តរជាតិ និង​មនុស្សធម៌​នៅ​លើ​ពិភពលោក ខណៈ​អ្នក​ឃ្លាំមើល​អះអាង​ថា ការ​និយាយ​ជា​រឿង​ងាយស្រួល ប៉ុន្តែ​សំខាន់​គឺ​ត្រូវ​ពិនិត្យ​មើល​លទ្ធផល​ជាក់ស្តែង។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថ្មីៗ​នេះ​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង ១៥​ឆ្នាំ​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ជាតិ និង​ពល​រដ្ឋកម្ពុជា​ទាំងមូល ក្នុង​ការ​ចូលរួម​ដើម្បី​បុព្វហេតុ​សន្តិភាព និង​សន្តិសុខ​របស់​ពិភពលោក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ​អះអាង​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កន្លងមក​បាន​បង្ហាញ​ពី​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុង​ការ​រួម​ចំណែក​ថែរក្សា​សន្តិភាព ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព និង​កិច្ចការ​មនុស្សធម៌​នៅ​លើ​ពិភពលោក​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទកភាព​យ៉ាង​ខ្លាំង​លើ​សកម្មភាព​របស់​ខ្លួន​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នេះ​ថា ការ​លើកឡើង​របស់​លោក ទៀ បាញ់ គឺ​ពិតជា​ត្រឹមត្រូវ​ដែល​កម្ពុជា​ត្រូវតែ​ចូលរួម​កសាង​សន្តិភាព​ជាមួយ​បណ្តា​ប្រទេស​នានា ដើម្បី​សន្តិសុខ​ពិភពលោក ប៉ុន្តែ​ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ កម្ពុជា​ត្រូវ​បញ្ចប់​នូវ​ការ​សង្ស័យ​របស់​មហាអំណាច​នានា​លើ​នយោបាយ​អន្តរជាតិ​លើ​ខ្លួន​បន្ត​ទៀត ដូច្នេះ​កម្ពុជា​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​អនុវត្ត​ឱ្យ​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ​ឡើយ។

បណ្ឌិត សេក សុជាតិ ជំរុញ​ឱ្យ​កម្ពុជា​បន្ត​សកម្មភាព​មនុស្សធម៌ និង​ការ​ចូលរួម​ថែរក្សា​សន្តិភាព​របស់​ពិភពលោក​ជាមួយ​សហគមន៍​អន្តរជាតិ​ឱ្យ​បាន​ល្អ​បន្ត​ទៀត ដោយ​ចៀសវាង​នូវ​ការ​កេង​ចំណេញ​ផលប្រយោជន៍​ណា​មួយ​ពី​អន្តរជាតិ ដើម្បី​នយោបាយ​សម្រាប់​បក្ខពួក​ខ្លួន​ជាដាច់ខាត បើ​មិន​ដូច្នោះ​ទេ កម្ពុជា​ច្បាស់​ជា​នឹង​ត្រូវ​ប្រឈម​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​បន្ថែម​ទៀត​ជាក់​ជាមិនខាន។

យ៉ាងណាក៏ដោយ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក​ដទៃ​ទៀត ដូចជា​សហរដ្ឋ​អាមេរិក ជាដើម កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ ថា បើ​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​មហាអំណាច​មួយ​ណា ហើយ​បើ​គ្មាន​មហាយក្ស​កុម្មុយនីស្ត​ចិន​ទេ កម្ពុជា​ក៏​មិន​មាន​ការ​រីក​ចម្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ។

ជាង​នេះ​ទៀត លោក ហ៊ុន សែន កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ បាន​អះអាង​ក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើ​ទៅ​ឱ្យ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ី ជីនពីង ថា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​អាច​កើតឡើង​បាន​ដោយ​អាស្រ័យ​លើ​ការ​គាំទ្រ​ឥត​ឈប់ឈរ​របស់​ចិន ហើយ​លោក ហ៊ុន សែន បាន​ចាត់ទុក​ចិន​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​តែ​មួយ​គត់​របស់​កម្ពុជា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស