29 C
Phnom Penh

តុលាការ​ថា​ការ​ផ្ដន្ទាទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ដែល​មាន​ជំងឺ​អូទីហ្សឹម​ជា​ការ​សម្រេច​ដ៏​ត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា ករណី​ជន​ជាប់ចោទ កាក់ សុវណ្ណច្ឆ័យ ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨​ខែ​កាលពី​ពេល​ថ្មីៗ​នេះ គឺ​ធ្វើឡើង​ក្រោម​ការ​វិនិច្ឆ័យ​ដោយ​មាន​ការ​គិតគូរ​ពិចារណា​យ៉ាង​ហ្មត់ចត់​លើ​ផលប្រយោជន៍​អនីតិជន ខណៈ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា តុលាការ​គួរតែ​ពិនិត្យ​លើ​ជំងឺ​ខ្សោយ​បញ្ញា​ស្មារតី​របស់​កុមារ​ម្នាក់​នេះ​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ឈាន​ដល់​ការ​ផ្ដន្ទាទោស​លើ​រូបគេ។

អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ជន​ជាប់ចោទ​ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ជេរប្រមាថ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ប្រភព​ដដែល​អះអាង​ថា ពិរុទ្ធជន​រូប​នេះ​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ និង​ត្រូវ​ប្រគល់​ជូន​អាណាព្យាបាល​ធ្វើ​ការ​អប់រំ ណែនាំ និង​មើល​ការ​ខុសត្រូវ​ឱ្យ​បាន​ល្អ បន្ទាប់ពី​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល ៤​ខែ ១៥​ថ្ងៃ​កន្លងទៅ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​បញ្ជាក់​ថា ការ​លើកឡើង​ថា​ជន​ជាប់ចោទ​រូប​នេះ​មាន​ជំងឺ​អូទីហ្សឹម ឬ​ជំងឺ​ខ្សោយ​បញ្ញា​ស្មារតី គ្រាន់តែ​ជា​ការ​អះអាង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​ភស្តុតាង​បញ្ជាក់ និង​គ្មាន​សំបុត្រ​ពេទ្យ ឬ​ឯកសារ​ធ្លាប់​ព្យាបាល ឬ​លិខិត​បញ្ជាក់​កោសល្យវិច័យ​នោះ​ទេ ព្រោះ​តុលាការ​បាន​ពិនិត្យ​អំពី​ការ​យល់ដឹង​ទូទៅ​របស់​ពិរុទ្ធជន​រូប​នេះ​រួច​ហើយ បាន​បង្ហាញ​ថា គេ​មាន​ស្មារតី​ដូច​ក្មេង​ទូទៅ​ដែរ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ក្រោយ​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​លើ​កុមារ​ដែល​មាន​ជំងឺ​អូទីហ្សឹម​កាលពី​ពេល​ថ្មីៗ​នេះ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ កាត់ទោស​កុមារា​ដែល​មាន​ជំងឺ​អូទីហ្សឹម កាក់ សុវណ្ណច្ឆ័យ ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​ចំពោះ​អ្នក​រាជការ​សាធារណៈ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ​នេះ។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ​ថា ប្រសិនបើ​ការ​ពិនិត្យ​លើ​ជំងឺ​អូទីហ្សឹម​របស់​កុមារ កាក់ សុវណ្ណច្ឆ័យ ធ្វើឡើង​ដោយ​ពេទ្យ​ជំនាញ​នោះ គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ សង្គម​ស៊ីវិល​នៅ​មិនទាន់​ឃើញ​ការ​បញ្ជាក់​ណា​មួយ​គួរ​ឱ្យ​ទុកចិត្ត​បាន​របស់​តុលាការ​នៅឡើយ​ទេ ថា​ការ​ពិនិត្យ​រក​រោគ​វិនិច្ឆ័យ​នេះ​ធ្វើឡើង​ដោយ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ ត្រឹមត្រូវ ឬ​យ៉ាង​ណា​នោះ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា ការ​ស្នើ​ឱ្យ​ធ្វើ​កោសល្យវិច័យ​ដើម្បី​បញ្ជាក់​ពី​ជំងឺ​របស់​កុមារា កាក់ សុវណ្ណច្ឆ័យ តាមរយៈ​មេធាវី​ការពារ​ក្តី​កន្លងមក តុលាការ​ហាក់​ពុំ​មាន​ការ​ចាប់អារម្មណ៍​លើ​ការ​ស្រាវជ្រាវ​អំពី​រោគ​វិនិច្ឆ័យ​របស់​កុមារ​រូប​នេះ​ឡើយ ប៉ុន្តែ​ក្រោយ​ការ​កាត់ទោស និង​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តជាតិ ទើប​តុលាការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ពេលនេះ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ជា​គោលការណ៍​អនុវត្ត​ច្បាប់​ដើម្បី​រក្សា​នូវ​ភាព​យុត្តិធម៌​ជូន​ជនរងគ្រោះ តុលាការ​គួរតែ​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ បន្ទាប់ពី​មាន​សំណើ​របស់​ជនរងគ្រោះ​មក​ម្ល៉េះ ដើម្បី​បញ្ជាក់​ថា រូបគេ​ពិតជា​មាន​ជំងឺ​អូទីហ្សឹម​មែន​ឬ​ក៏​អត់ ខណៈ​អាណាព្យាបាល​កុមារ​នេះ​ក៏​បាន​បញ្ជាក់​ថា រូបគេ​ពិតជា​ធ្លាប់​ទទួល​ការ​ព្យាបាល​លើ​ជំងឺ​នេះ​ប្រាកដ​មែន ដូច្នេះ​តុលាការ​អាច​ទៅ​ស្រាវជ្រាវ​ពី​ក្រុម​គ្រូពេទ្យ​ដែល​ធ្លាប់​ទទួល​ការ​ព្យាបាល​ជំងឺ​របស់​កុមារ​នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទីត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នកស្រី អាយរីន ខាន់ (Irene Khan) និង​អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​បង្ហាញ​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់ទោស​លើ​អនីតិជន កាក់ សុវណ្ណច្ឆ័យ ដែល​ជា​ក្មេង​មាន​ជំងឺ​ខ្សោយ​បញ្ញា​រូប​នេះ ថា​ជា​ការ​សម្រេច​ដែល​គ្មាន​មូលដ្ឋាន។

មកទល់​ពេលនេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជាង ៨០​នាក់​ហើយ​ដាក់​ក្នុង​ពន្ធនាគារ ដោយ​ភាគច្រើន​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់​តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​រង​ការ​រិះគន់​ថា​ជា​មាត្រា​នៃ​ច្បាប់​ដែល​ផ្ទុយពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស