មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ជំរុញឱ្យ តុលាការប្រើប្រាស់វិធានការអនុគ្រោះមួយចំនួន ជាពិសេសការព្យួរទោសដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ខណៈក្រុមអ្នកតស៊ូមតិរិះគន់ថា គឺជាយុទ្ធសាស្ត្ររបស់មេដឹកនាំកុម្មុយនីស្ត ដើម្បីរកផលចំណេញសម្រាប់នយោបាយពួកគេប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញសេចក្តីណែនាំទៅកាន់តុលាការគ្រប់ខេត្ត-ក្រុងដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៥ វិច្ឆិកា ថា ក្រសួងយុត្តិធម៌បានចេញគោលការណ៍ណែនាំជំរុញ និងលើកទឹកចិត្តឱ្យមានការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់វិធានការអនុគ្រោះមួយចំនួន ជាពិសេសការព្យួរទោសក្នុងការកាត់ក្តីសម្រាប់ជនជាប់ចោទនៅតាមបណ្តាខេត្ត-ក្រុងទាំងអស់។
រដ្ឋមន្ត្រីរូបនេះអះអាងថា ការចេញគោលការណ៍ណែនាំបែបនេះ គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារ បន្ទាប់ពីក្រសួងយុត្តិធម៌បានបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងជាបន្តបន្ទាប់មកនេះ។ ជាងនេះទៅទៀត ក្រសួងក៏បានជំរុញឱ្យមានយន្តការដោះលែងអ្នកទោសដោយមានលក្ខខណ្ឌ និងលើកលែងទោសអ្នកទាំងនោះក្នុងឱកាសនៃពិធីបុណ្យជាតិនានាផងដែរ។

សេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌នេះ ធ្វើឡើងដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារនានានៅតាមបណ្តារាជធានី-ខេត្តរបស់កម្ពុជា។
សេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៥ វិច្ឆិកា ដើម្បីណែនាំដល់សាលាដំបូងរាជធានី-ខេត្តទាំងអស់ ឱ្យពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ វិច្ឆិកា ថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលោក ហ៊ុន សែន អាចបន្ធូរការរឹតត្បិតសេរីភាពពលរដ្ឋបន្តិចមែន ប៉ុន្តែវាគ្រាន់តែជាល្បែងនយោបាយបង្កប់នូវល្បិចបញ្ឆោតភ្នែកប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិប៉ុណ្ណោះ មិនមែនជានយោបាយផ្លូវច្បាប់ក្នុងគោលដៅស្ដារប្រជាធិបតេយ្យនៅកម្ពុជានោះទេ។
លោកអះអាងថា ជាទូទៅការធ្វើបែបនេះ គ្រាន់តែជាផែនការនយោបាយរបស់ពួកមេដឹកនាំកុម្មុយនីស្តដែលតែងចាប់ខ្លួនអ្នករិះគន់ ហើយលែងវិញដដែលៗ ដើម្បីគំរាមកំហែងបំបាក់ស្មារតីសកម្មជនប្រជាធិបតេយ្យ និងប្រជាពលរដ្ឋតាមទំនើងចិត្តរបស់អ្នកមានអំណាច ដែលតែងនាំគ្នារំលោភជាតិខ្លួនឯងតែប៉ុណ្ណោះ។
អ្នកវិភាគរូបនេះលើកឡើងថា បើទោះបីជាគេអាចមើលឃើញរូបភាពធូរស្រាលតិចតួចនៃជ្រុងណាមួយក៏ដោយ ក៏នោះគ្រាន់តែជាផែនការសម្រាប់ឃោសនានយោបាយចិត្តសាស្ត្ររបស់មេដឹកនាំផ្ដាច់ការរបស់កម្ពុជាប៉ុណ្ណោះ ចំណែកផែនការពិតប្រាកដរបស់អតីតមេដឹកនាំខ្មែរក្រហម លោក ហ៊ុន សែន គឺការរឹតបន្តឹងតាមគ្រប់ឧបាយកល ដើម្បីសម្រេចគោលដៅបន្តអំណាចត្រកូល «ហ៊ុន» តទៅមុខទៀត។

លោក គឹម សុខ អះអាងថា ដើម្បីតទល់នឹងនយោបាយផ្ដាច់ការបែបបុរសខ្លាំងនៅកម្ពុជាសព្វថ្ងៃនេះ មានតែវិធីមួយគត់ គឺពួកមេដឹកនាំនយោបាយដែលស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ ចេញធ្វើសកម្មភាពតវ៉ាស្រុះគ្នាជាចំហ នោះទើបអាចទប់ទល់នឹងផែនការនយោបាយរបស់ពួកកុម្មុយនីស្តបានជោគជ័យ ក្នុងការលើកតម្កើងប្រជាធិបតេយ្យនៅកម្ពុជាទៅថ្ងៃមុខ។ បើមិនដូច្នេះទេ ពួកគេនៅតែប្រើល្បិចកលនយោបាយដើម្បីបន្លំភ្នែកពលរដ្ឋខ្មែរជារៀងរហូត។
ជុំវិញបញ្ហានេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ ធ្លាប់បានស្នើនាពេលកន្លងមក ដោយទទូចដល់ក្រសួងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារតាមរយៈការពន្លឿននីតិវិធីដោះលែងអ្នកជាប់ឃុំដោយមានលក្ខខណ្ឌឱ្យបានឆាប់ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកការអំពាវនាវរបស់អង្គការសង្គមស៊ីវិលដែលមិនផ្អែកលើមូលដ្ឋានច្បាប់ នឹងធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីចុងខែឧសភា ឆ្នាំ២០២១ កន្លងទៅ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ ដើម្បីការពារសិទ្ធិសុខុមាលភាពរបស់អ្នកជាប់ឃុំដែលចង្អៀតណែនក្នុងពន្ធនាគារ។
យ៉ាងណាក៏ដោយ កាសែតក្នុងស្រុក ភ្នំពេញប៉ុស្តិ៍ បានស្រង់សម្ដីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះមានជនជាប់ឃុំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេសប្រមាណជាង ៣ម៉ឺន ៧ពាន់នាក់ ក្នុងនោះពន្ធនាគារនៅរាជធានីភ្នំពេញមានជនជាប់ឃុំច្រើនជាងគេ និងមានសំណុំរឿងមួយចំនួននៅមិនទាន់មានសាលក្រមស្ថាពរនៅឡើយ៕