មន្ត្រីគណបក្សកៅរដ្ឋាភិបាល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្រាយបំភ្លឺចំពោះករណីដែលខ្លួនមិនបានចូលរួមចុះហត្ថលេខាជាមួយប្រទេសចំនួន១៣១ នៅលើពិភពលោក «ស្ដីពីការរួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើ ដើម្បីទប់ទល់ការផ្លាស់ប្ដូរអាកាសធាតុ»។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ វិច្ឆិកា នេះថា កម្ពុជាត្រូវតែចូលរួមជាមួយប្រទេសទាំងនោះ ដើម្បីទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីរួមចំណែកនៃការកាត់បន្ថយឡើងកម្ដៅរបស់ផែនដី ក៏ដូចជាស្ដារព្រៃឈើខ្មែរឡើងវិញ បន្ទាប់ពីរងការបំផ្លាញជាច្រើនឆ្នាំកន្លងមកនេះ។
ប្រទេសចំនួន១៣១ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុង Glasgow ស្ដីពីការរួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើ បានធ្វើឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានផ្សាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី៥ វិច្ឆិកា គឺសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់ និងអាស្រ័យគ្នាទៅវិញទៅមកនៃព្រៃឈើគ្រប់ប្រភេទ ជីវចម្រុះ និងការប្រើប្រាស់ដីប្រកបដោយនិរន្តរភាពក្នុងការធ្វើឱ្យពិភពលោកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រភពដដែលអះអាងថា ពួកគេបានប្ដេជ្ញាធ្វើការរួមគ្នាដើម្បីបញ្ឈប់នូវការធ្វើឱ្យបាត់បង់ព្រៃឈើ និងការរេចរឹលផែនដីត្រឹមឆ្នាំ២០៣០ ដើម្បីផ្តល់នូវការអភិវឌ្ឍប្រកបដោយចីរភាព។ ជាងនេះទៀត ក៏ដើម្បីជួយសម្រេចបាននូវតុល្យភាពរវាងការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលអាកាសធាតុ និងថែរក្សាសេវាកម្មប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតផងដែរ។
សេចក្តីប្រកាសនេះ ធ្វើឡើងដោយស្របតាមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្ដីពីបម្រែបម្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អនុសញ្ញាស្ដីពីភាពចម្រុះជីវសាស្ត្រ អនុសញ្ញាអង្គការសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់ ដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រទេសទាំង១៣១ ខាងលើ បញ្ជាក់ថា នេះគឺជាកិច្ចការដែលត្រូវសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមទាំងការកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងរក្សាការកើនឡើងនៃសីតុណ្ហភាពជាមធ្យមរបស់ពិភពលោក ឱ្យនៅខាងក្រោម ២អង្សា និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ឱ្យបាននៅត្រឹមតែ ១,៥អង្សាទៅថ្ងៃអនាគត។
ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មក ប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុង Glasgow COP26 ស្ដីពីការរួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើដើម្បីទប់ទល់ការផ្លាស់ប្ដូរអាកាសធាតុមានចំនួន ១៣១ប្រទេសហើយ ក្នុងនោះរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសវៀតណាម ជាដើម ប៉ុន្តែមកទល់នឹងពេលនេះ កម្ពុជាមិនទាន់បានចុះហត្ថលេខាលើសេចក្តីប្រកាសនេះជាមួយប្រទេសទាំងនោះនៅឡើយទេ។
បណ្ឌិត យ៉ង សាំងកុមារ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដាក់ផែនការរយៈពេល ១០ឆ្នាំទៅថ្ងៃអនាគត ដាំដើមឈើឡើងវិញឱ្យបាន ១ពាន់លានដើម ព្រោះថាព្រៃឈើមានតួនាទីសំខាន់ណាស់ មិនត្រឹមតែជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ វាក៏អាចជួយកាត់បន្ថយគ្រោះទឹកជំនន់ ការទាក់ទាញឱ្យមានទឹកភ្លៀងទៀងទាត់ និងមានតួនាទីសំខាន់ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
បណ្ឌិត យ៉ង សាំងកុមារ អះអាងថា ប្រសិនបើលោកជាអ្នកដឹកនាំប្រទេស លោកនឹងជំរុញឱ្យថែរក្សាព្រៃឈើខ្មែរឱ្យបានលើសពីពាក់កណ្តាលនៃផ្ទៃដីរបស់កម្ពុជា ត្បិតព្រៃឈើមិនត្រឹមតែជួយការពារបម្រែបម្រួលអាកាសធាតុ និងបម្រើជីវភាពពលរដ្ឋប៉ុណ្ណោះ ថែមទាំងអាចបម្រើវិស័យទេសចរណ៍ធម្មជាតិសម្រាប់កម្ពុជាទៀតផង។
របាយការណ៍របស់អង្គការឃ្លាំមើលព្រៃឈើពិភពលោក (The Global Initiative Against Transnational Organized Crime) ដែលមានកម្រាស់ជិត ៤០ទំព័រ បានចេញផ្សាយកាលពីចុងខែមីនា ឆ្នាំ២០២១ កន្លងទៅ ស្ដីពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា ថា បើទោះបីកម្ពុជាមានច្បាប់សម្រាប់ការពារព្រៃឈើក៏ដោយ ក៏កម្ពុជាបានទទួលរងនូវអត្រានៃការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតក្នុងចំណោមប្រទេសមួយចំនួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក ដែលអត្រានេះបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយនេះ៕