លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា បានរំឭកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ខណៈក្រុមអ្នកឃ្លាំមើលអះអាងថា ថ្ងៃវិសេសវិសាលនេះ កម្ពុជាគួរតែបោសសម្អាតនយោបាយពុករលួយកុំឱ្យមាននៅកម្ពុជាបន្តទៀត។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៩ វិច្ឆិកា នេះថា សម្តេចព្រះនរោត្តម សីហនុ បានធ្វើការតស៊ូយ៉ាងខ្លាំងក្លាដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដសម្រាប់ជាតិខ្មែរ ដែលធ្វើឱ្យកម្ពុជាមានឯករាជ្យពេញលេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ គឺជាថ្ងៃប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងជាថ្ងៃខួប ៦៨ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទដែលជាកងទ័ពជាតិរបស់កម្ពុជាផងដែរ។
ជុំវិញព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ បណ្ឌិត បញ្ញវន្ត អ្នកវិភាគ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គម ជាដើម បាននាំគ្នាបញ្ចេញមតិយោបល់ក្នុងថ្ងៃប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា នេះលើបណ្ដាញសង្គមព្រោងព្រាត។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោក ដើម្បីចូលរួមអបអរសាទរទិវាឯករាជ្យជាតិលើកទី៦៨ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ឯកភាពជាតិនាំមកនូវឯករាជ្យជាតិ។
ចំណែកអ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ អះអាងនៅថ្ងៃទី៩ វិច្ឆិកា នេះផងដែរថា ថ្ងៃនេះជាថ្ងៃវិសេសវិសាលណាស់ដែលគួរតែធ្វើឲ្យអ្នកនយោបាយមានចិត្តគំនិតវិសេសវិសាល សម្រាប់ពង្រឹងឯករាជ្យជាតិឲ្យបានរឹងមាំថែមទៀត គឺនាំគ្នារក្សាភាពស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសគោរពអនុវត្តឱ្យត្រឹមត្រូវ និងសុំឲ្យប្រទេសហត្ថលេខីគោរពអនុវត្តកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ដើម្បីរំឭកខួបទិវាឯករាជ្យជាតិដែលជាការខិតខំប្រឹងប្រែងរបស់អតីតព្រះមហាក្សត្រខ្មែរ អ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាលទាំងអស់ គួរតែនាំគ្នាបោសសម្អាតវប្បធម៌ពុករលួយ និងបោសសម្អាតនយោបាយពុករលួយឱ្យអស់ចេញពីសង្គមខ្មែរ ដើម្បីកម្ពុជាទទួលបាននូវភាពរុងរឿងថ្កុំថ្កើងទៅថ្ងៃមុខ។
ជុំវិញថ្ងៃទិវាឯករាជ្យជាតិនេះ គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៩ វិច្ឆិកា នេះថា ការរំឭកដល់ថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ និងថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ ២៣ តុលា ១៩៩១ បានរំលេចឱ្យឃើញនូវបុព្វហេតុរបស់ពលរដ្ឋកម្ពុជាដែលចង់បាននូវអធិបតេយ្យជាតិ ឯករាជភាព បូរណភាពទឹកដី និងបញ្ឈប់ការឈ្លានពានរបស់បរទេសមកលើទឹកដីរបស់ខ្លួនជាបន្តទៀត។
ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលនេះផងដែរថា ឯកភាពជាតិ និងសេរីភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះនៃឯករាជ្យជាតិ។ ប្រភពដដែលបន្ថែមថា ក្រោយឯករាជ្យជាតិឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន បទពិសោធន៍ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ភាពស្ថិតស្ថេររឹងមាំនៃឯករាជ្យ និងអធិបតេយ្យជាតិ គឺអាស្រ័យលើឯកភាពជាតិ និងសាមគ្គីជាតិទាំងស្រុង។
គណបក្សក្រៅរដ្ឋាភិបាលមួយនេះអះអាងថា មានតែការកសាងឱ្យមានឯកភាពជាតិតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះ ទើបនាំមកនូវឯករាជ្យជាតិ និងសន្តិភាពយូរអង្វែងជូនពលរដ្ឋកម្ពុជា។
ជុំវិញខួប ៦៨ឆ្នាំនៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនថូនី ប្ល៊ីនខេន (Antony Blinken) បានអះអាងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ក្នុងនាមសហរដ្ឋអាមេរិក លោកសូមផ្ញើក្តីនឹករឭកដល់ពលរដ្ឋខ្មែរក្នុងឱកាសរំឭកខួបលើកទី៦៨ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា នេះ។ លោកបន្ថែមថា សហរដ្ឋអាមេរិកនឹងនៅតែបន្តរក្សាជំហរជាមួយពលរដ្ឋខ្មែរ ដើម្បីឱ្យកម្ពុជាទទួលបាននូវអនាគតមួយប្រកបដោយវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យជាតិពិតប្រាកដ។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបញ្ជាក់ថា សហរដ្ឋអាមេរិករំពឹងថានឹងធ្វើការជាមួយកម្ពុជានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខ តាមរយៈភាពជាអ្នកដឹកនាំរឹងមាំជុំវិញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)៕