30 C
Phnom Penh

លោក ហ៊ុន សែន បង្ហាញ​ភាព​សោកសៅ​ចំពោះ​មរណភាព​កូនប្រុស​ក្នុង​របប​ប្រល័យ​ពូជសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ថ្ងៃ​ខួប ៤៥​ឆ្នាំ​នៃ​ការ​ស្លាប់​កូន​របស់​លោក​ក្នុង​របប​ខ្មែរក្រហម​ថា ក្នុង​នាម​ជា​ឪពុក លោក​មិន​អាច​សុំ​មេបញ្ជាការ​របស់​ខ្លួន​យក​សាកសព​កូន​ខ្លួនឯង​ទៅ​បញ្ចុះ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ ដែល​ករណី​នេះ​ជា​សោកនាដកម្ម​មួយ​ធ្វើ​ឱ្យ​លោក​មិន​អាច​បំភ្លេច​បាន ខណៈ​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា លោក​មិន​ត្រូវ​ដឹកនាំ​ប្រទេស​ឲ្យ​ដូច​ទៅ​នឹង​ការ​ឈឺចាប់​របស់​ខ្លួន​នោះ​ឡើយ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា នេះ​ថា ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប្រជាជន​ទូទាំង​ប្រទេស​មាន​សិទ្ធិ​តិច​ជាង​សត្វ​ឆ្កែ ឬ​ឆ្មា​ទៅទៀត ដែល​សត្វ​ទាំងនោះ​មាន​សិទ្ធិ​ការពារ​កូន​ខ្លួនឯង​ច្រើន​ជាង​មនុស្ស ប៉ុន្តែ​លោក​ត្រូវតែ​ទ្រាំ​អត់ធ្មត់​ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចេញពី​របប​ឃោរឃៅ​នេះ។

លោក​អះអាង​ថា ដើម្បី​ទឹកដី និង​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​មាន​ជីវិត​រស់ លោក​ត្រូវតែ​អត់ធ្មត់​ធ្វើ​តាម​បញ្ជា​របស់​ពួក​ឃាតក ហើយ​ការ​អត់ធ្មត់​នេះ​បាន​ជួយ​ឱ្យ​លោក​អាច​រួមចំណែក​ដឹកនាំ​ចលនា​តស៊ូ​រំដោះ​ជាតិ និង​ប្រជាជន​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​កសាង​ប្រទេស​បាន​រីកចម្រើន​រហូត​ដល់​សព្វថ្ងៃ​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ត្អូញត្អែរ​ពី​ទុក្ខសោក​ខ្លួនឯង​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ស្រប​ពេល​នៃ​ខួប ៤៥​ឆ្នាំ​នៃ​ការ​ស្លាប់​កូនប្រុស​របស់​លោក​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត កាលពី​ឆ្នាំ​១៩៧៦ ដែល​លោក​បាន​ចាត់ទុក​ថា​ជា​របប​សាហាវ​ឃោរឃៅ​បំផុត​នៅ​កម្ពុជា។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ជ្រោមជ្រែង​ដោយ​វៀតណាម​ខុស​ពី​ការ​ដឹកនាំ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត តែ​រូបភាព​ប៉ុណ្ណោះ ប៉ុន្តែ​របៀប​ដឹកនាំ និង​ការ​គ្រប់គ្រង គឺ​ដូច​គ្នា​ទាំងស្រុង ដូចជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​លើ​ការ​បញ្ចេញ​មតិ ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​តាម​អំពើ​ចិត្ត ការ​បណ្តោយ​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព និង​អំពើពុករលួយ​តាំងពី​ថ្នាក់លើ​រហូត​ដល់​ថ្នាក់ក្រោម។

កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ថា លោក​ស្តាយ​ណាស់​ដែល​មិន​បាន​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បាន​រៀប​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

រហូត​មក​ទល់​ពេលនេះ សមត្ថកិច្ច​នៅតែ​មិនព្រម​រក​យុត្តិធម៌​ដល់​សកម្មជន​សង្គម​ល្បីៗ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សម្លាប់ ដូចជា​អ្នកស្រី ពិសិដ្ឋ ពិលីកា លោក ឈុត វុទ្ធី លោក ជា វិជ្ជា បណ្ឌិត កែម ឡី ការ​សម្លាប់​កម្លាំង​ទ័ព​របស់​គណបក្ស​រាជា​និយម​ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ឆ្នាំ​១៩៩៧ រាប់​រយ​នាក់ ដែល​បាន​សារភាព​ចុះចាញ់ និង​មនុស្ស​ជាច្រើន​ទៀត។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា នេះ​ថា កាយវិការ​ដែល​លោក ហ៊ុន សែន ធ្វើ​បុណ្យ​សែនព្រេន​រាល់​ឆ្នាំ ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កូន​របស់​គាត់ គឺជា​គុណធម៌​ក្នុង​នាម​ជា​ឪពុក។

លោក គឹម សុខ បញ្ជាក់​ថា អំពើ​ដែល​មេដឹកនាំ​ឧស្សាហ៍​គំរាម​សម្លាប់​ពលរដ្ឋ​ខ្លួន​រូប​នេះ បាន​ប្រព្រឹត្ត​បាបកម្ម​នយោបាយ​កម្ទេច​ប្រជាជាតិ​ខ្មែរ គឺជា​អំពើ​អគុណធម៌​ក្នុង​នាម​ជា​មេដឹកនាំ​ខ្មែរ ហើយ​ពួក​កូនៗ​ដែល​នៅ​មាន​ជីវិត​របស់​លោក ហ៊ុន សែន ដែល​បាន​ចូលរួម​ប្រព្រឹត្ត​បាបកម្ម​ទាំងនេះ នឹង​ទទួល​បាន​ផលកម្ម​តបស្នង​វិញ​ដោយ​ចៀស​មិន​ផុត​ឡើយ។

ចំណែក​សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា នេះ​ដែរ​ថា ការ​រំឭក​ពី​ការ​ឈឺចាប់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គួរតែ​ជា​មេរៀន​ដ៏​សំខាន់​សម្រាប់​ភាព​ជា​អ្នកដឹកនាំ​របស់​គាត់ ដែល​កំពុង​ដឹកនាំ​កម្ពុជា​នៅ​ពេលនេះ ព្រោះ​ថា​ពលរដ្ឋ​ខ្មែរ​សុទ្ធតែ​រង​ការ​ឈឺចាប់​ខ្លោចផ្សា​ដោយសារ​ការ​បាត់បង់​សមាជិក​គ្រួសារ​របស់​ខ្លួន​ក្នុង​សម័យ​នោះ ហើយ​ការ​ដឹកនាំ​ដែល​ជាន់​ឈ្លី​ជាតិសាសន៍​ឯង​បែប​នេះ ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​មិន​ចង់​ឱ្យ​កើតមាន​ទៀត​នោះ​ទេ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អះអាង​ថា ការ​ជិះជាន់​គាបសង្កត់​ដើម្បី​បំបិទ​សំឡេង​រិះគន់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ គឺ​មិន​ខុស​ពី​អតីតកាល​ដែល​មេដឹកនាំ​គណបក្ស​កាន់​អំណាច​គ្រប់​គ្នា​បាន​ឆ្លងកាត់​នោះ​ដែរ ហើយ​បទពិសោធន៍​នៃ​ការ​ឈឺចាប់​របស់​មេដឹកនាំ​ទាំងនោះ​ក្នុង​អតីតកាល គួរ​ណាស់​តែ​ពួកគេ​យល់​ពី​ការ​ឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង​ការ​គាបសង្កត់​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។

លោក ហ៊ុន កុសល បញ្ជាក់​ថា ទោះបី​ការ​ដឹកនាំ​បច្ចុប្បន្ន​មិន​ដូច​របប ប៉ុល ពត ក៏ដោយ ប៉ុន្តែ​ការ​គំរាមកំហែង និង​ការ​ចោទប្រកាន់​ចាប់​ដាក់​គុក​យ៉ាង​អនាធិបតេយ្យ​បច្ចុប្បន្ន​នេះ បាន​គំរាមកំហែង​ដល់​អ្នក​រិះគន់​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​សកម្មភាព​មួយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​យ៉ាង​ជាក់ច្បាស់​មិន​អាច​ប្រកែក​បាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស