33 C
Phnom Penh

ពលករ​ខ្មែរ​យក​អាកុល​លាយ​ជាមួយ​តែ​អូអ៊ិឈិ​និង​ទឹកក្រូច​ផឹក​ពុល​ស្លាប់​៧​នាក់ និង​សង្គ្រោះ​ជិត​២០​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​កូបធំ សង្កាត់​និមិត្ត បាន​ពុល​ទឹកក្រូច​លាយ​ជាមួយ​អាល់កុល និង​ទឹកតែ​ស្លាប់​ចំនួន ៧​នាក់ និង​កំពុង​សង្គ្រោះ​បន្ទាន់​ជិត ២០​នាក់​ផ្សេង​ទៀត​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ករណី​បណ្តាល​ឲ្យ​ពលករ​ទាំងនោះ​ស្លាប់ និង​ខ្លះ​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់ គឺ​ដោយសារតែ​ជនរងគ្រោះ​ទាំងនោះ​បាន​យក​អាល់កុល​ដែល​មន្ត្រី​សុខាភិបាល​ទុក​សម្រាប់​ផ្តល់​ជូន​ពួកគាត់​បាញ់​ធ្វើ​អនាម័យ ឬ​លាង​សម្អាត​ដៃ យក​ទៅ​លាយ​ជាមួយ​តែ «អូអ៊ិឈិ និង​ទឹកក្រូច» រួច​នាំគ្នា​ផឹក ហើយ​ក៏​បាន​ពុល​ស្លាប់​នៅ​នឹង​កន្លែង និង​ខ្លះ​ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ។

ពលករ​ដែល​ពុល​ដោយសារ​យក​អាល់កុល​លាយ​ជាមួយ​តែ​អូអ៊ិឈិ​និង​ទឹកក្រូច​ផឹក កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ។ រូបថត៖ ប៉ូលិស

សមត្ថកិច្ច​បន្ត​ថា តាម​ការ​សាកសួរ​ពី​ពលករ​ដទៃ​ទៀត​និយាយ​ថា ពលករ​ដែល​រងគ្រោះ​ខាងលើ គឺ​ពួកគាត់​ធ្លាប់​បាន​យក​អាល់កុល​ទៅ​លាយ​ជា​មួយ​ទឹកតែ «អូអ៊ិឈិ និង​ទឹកក្រូច» ដើម្បី​ទទួលទាន ឬ​ចែក​គ្នា​ផឹក​ដូច​គ្នា​នេះ​ជា​ប្រចាំ​នៅ​ក្នុង​អំឡុង​ពេល​ពួកគាត់​ធ្វើការ​នៅ​ប្រទេស​ថៃ។

ទាក់ទិន​ករណី​នេះ លោក រឿន សុធី អនុ​ប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​អ្នក​នាំពាក្យ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ​ថា ជនរងគ្រោះ​ដែល​បាន​ពុល​មាន​ចំនួន ២៥​នាក់។ ចំពោះ​ហេតុការណ៍​ខាងលើ​នេះ គឺ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មក​ម្ល៉េះ។

លោក​បន្ត​ថា ចំពោះ​អ្នក​ដែល​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។ ក្រោយ​ពី​មាន​ករណី​ពុល ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​យក​សំណាក​ដែល​ពុល​ទៅ​វិភាគ​នៅ​ថ្នាក់​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ចំពោះ​លទ្ធផល​យ៉ាងណា នឹង​ជូនដំណឹង​តាម​ក្រោយ​បន្ត​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស