31 C
Phnom Penh

អាជ្ញាធរ​ប្រកាស​អាសន្ន​ឲ្យ​ពលរដ្ឋ​ខណ្ឌ​ដង្កោ​និង​កំបូល​ត្រៀម​បង្ការ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រកាស​ភាព​អាសន្ន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​នឹង​សណ្ដ​ស្ទឹង​ព្រែកត្នោត ក្នុង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​នាំគ្នា​ត្រៀម​បង្ការ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ដែល​កំពុង​ហក់​ឡើង​សាជាថ្មី​ម្តង​ទៀត​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​បាន​លើកឡើង​ពី​វិធានការ​ទប់ស្កាត់​លើ​បញ្ហា​នេះ​ផង​ដែរ។

រដ្ឋបាល​ខណ្ឌ​ដង្កោ និង​រដ្ឋបាល​ខណ្ឌ​កំបូល បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទៅកាន់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​នៃ​ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល ទាំងអស់ ត្រូវតែ​ដាក់​វិធានការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព ដើម្បី​បង្ការ និង​បញ្ចៀស​ការ​ខូចខាត​នានា​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ឡើង​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​នៅ​ពេលនេះ។

ប្រភព​ដដែល​អះអាង​ថា បច្ចុប្បន្ន ស្ថានភាព​ទឹក​ស្ទឹង​ព្រែកត្នោត បាន​ហក់​ឡើង​ជាបន្តបន្ទាប់​ដែល​បណ្តាល​មកពី​ជំនន់​នៅ​ផ្នែក​ខាងលើ បាន​ធ្វើ​ឱ្យ​ទឹក​ស្ទឹង​ព្រែកត្នោត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល មាន​កម្ពស់​ដល់​កម្រិត​ត្រូវ​ប្រកាស​អាសន្ន ដែល​ត្រូវ​នាំគ្នា​បន្ថែម​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ហ្មត់ចត់។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នេះ​ថា ស្ថានភាព​ទឹក​នៅ​ទំនប់កំពង់ទួល ឬ​ទំនប់៧មករា បាន​ហក់​ឡើង​មកវិញ​មាន​កម្ពស់ ៥,០៥​ម៉ែត្រ ដែល​ធ្វើ​ឱ្យ​ទឹក​អាច​ហូរ​លើ​ទំនប់​បង្ហៀរ ០,២៥​ម៉ែត្រ​ហើយ​នៅ​ពេលនេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ជូន​ពលរដ្ឋ​ដែល​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ស្ទឹង​ព្រែកត្នោត​នេះ អាជ្ញាធរ​មាន​តែ​ត្រៀម​ខ្លួន​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីតាំង​ដែល​មាន​សុវត្ថិភាព និង​ត្រៀម​បើក​មុខទឹក​ផ្នែក​ខាងក្រោម​ឱ្យ​ធ្លាក់​ទឹក​ទៅ​ទន្លេ​បាសាក់​ឱ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា ដើម្បី​បញ្ចៀស​បញ្ហា​ទឹកជំនន់​នេះ​កើត​មាន​ឡើង​ដដែលៗ​ទៀត​នៅ​ឆ្នាំ​ក្រោយ នៅ​ពេល​រដូវប្រាំង​មក​ដល់ អាជ្ញាធរ​ត្រូវតែ​ដាក់​វិធានការ​បើក​មុខទឹក​ផ្នែក​ខាងក្រោម​ឱ្យ​បាន​ច្រើន និង​សាងសង់​ទំនប់​បញ្ចៀស​ទឹក​នៅ​ផ្នែក​ខាងលើ ដើម្បី​កាត់បន្ថយ​ទឹក​ហូរ​សម្រុក​ចូល​ស្ទឹង​ព្រែកត្នោត បាន​កាន់តែ​ច្រើន​ជាង​នេះ​ទៀត។ លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​ត្រូវ​ស្ដារ​ដៃ​ស្ទឹង​ព្រែកត្នោត​ឡើងវិញ ដើម្បី​ជួយ​រំដោះ​ទឹក​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​ឱ្យ​បាន​កាន់តែ​ឆាប់​រហ័ស។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា បញ្ហា​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​នេះ មិន​គួរ​អាជ្ញាធរ​ទុក​ឱ្យ​កើត​មាន​បង្ក​ជា​គ្រោះ​ទឹកជំនន់​ដល់​ពលរដ្ឋ​ដដែលៗ​រៀងរាល់​ឆ្នាំ​បែប​នេះ​ទេ ជាពិសេស​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ត្រូវតែ​ទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ ព្រោះ​ថា​ជំនន់​ស្ទឹង​ព្រែកត្នោត​នេះ​បាន​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ឯណោះ​នៅ​ពេល​ដល់​រដូវ​ទឹកជំនន់​ម្តងៗ។

កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ ទឹកជំនន់​ស្ទឹង​ព្រែកត្នោត បាន​ហក់​ឡើង​ដល់​ចំណុច​កំពូល​អតិបរមា ៦,៥៨​ម៉ែត្រ និង​បាន​ជន់​លិច​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខណ្ឌ​កំបូល និង​ខណ្ឌ​ដង្កោ​ចំនួន ៣​ពាន់​គ្រួសារ។

ក្រុម​អ្នក​ឃ្លាំមើល​អំពី​គ្រោះ​មហន្តរាយ​ធនធាន​ធម្មជាតិ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​ទឹកជំនន់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នេះ​នៅឡើយ​ទេ រហូត​មក​ទល់​នឹង​ពេលនេះ ស្រប​ពេល​បឹង​ជាច្រើន​ដែល​ជា​កន្លែង​រំដោះ​ទឹក​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឲ្យ​គ្រួសារ​របស់​លោក ឲ្យ​ទៅ​ក្រុម​ឧកញ៉ា និង​ឲ្យ​ទៅ​មេទាហាន ឬ​មេ​ប៉ូលិស​គ្រាក់ៗ​នៅ​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស