មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជំរុញឱ្យវៀតណាម រៀបចំកិច្ចព្រមព្រៀងជាមួយកម្ពុជាលើវិស័យកសិកម្មឱ្យកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ និងឱ្យកាន់តែរីកធំធាត់ជាងពេលបច្ចុប្បន្ននេះ។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោកលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។
លោកអះអាងថា វិស័យកសិកម្ម-ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងនោះលោក ហ៊ុន សែន បានជំរុញឲ្យឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសវៀតណាម ផ្ដោតការយកចិត្តទុកដាក់ជំរុញវិស័យកសិកម្ម-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយអគ្គរដ្ឋទូតថ្មីប្រទេសវៀតណាម ប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ដោយបានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសវៀតណាម នេះ ផ្ដោតការយកចិត្តទុកដាក់ជំរុញវិស័យកសិកម្ម-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ជាងពេលបច្ចុប្បន្ននេះ។

អគ្គរដ្ឋទូតថ្មីនៃប្រទេសវៀតណាម ប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង បានអះអាងក្នុងជំនួបនោះថា លោកនឹងខិតខំប្រឹងប្រែងដើម្បីពូនជ្រំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងវិស័យដទៃទៀតផងដែរ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ វិច្ឆិកា នេះថា វិស័យកសិកម្មរបស់កម្ពុជាបច្ចុប្បន្នកំពុងតែពឹងផ្អែកលើប្រទេសវៀតណាមខ្លាំងណាស់ ទាំងការនាំចូល និងការនាំចេញ ដែលមិនមែនជារឿងល្អនោះទេសម្រាប់កម្ពុជា។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា កម្ពុជាត្រូវការជំនួយស្ទើរតែមិនអាចខ្វះបានលើវិស័យកសិកម្មរបស់ខ្លួនពីប្រទេសវៀតណាម ដូចជាការនាំចូលពូជផ្សេងៗ ដូចជាពូជស្រូវ ពូជដំឡូងមី ឬជីសម្រាប់ប្រើលើដំណាំ ជាដើម។ ដោយឡែកការនាំចេញរបស់កម្ពុជា រឹតតែពឹងផ្អែកលើប្រទេសវៀតណាមកាន់តែខ្លាំងថែមទៀត ដូចជាផលស្រូវ ដំណាំម្រេច និងកសិផលផ្សេងទៀត ជាដើម ដែលបញ្ហានេះបង្ហាញឱ្យឃើញថា វិស័យកសិកម្មរបស់កម្ពុជាមិនអាចលូតលាស់បានទេ បើគ្មានប្រទេសវៀតណាមជួយជ្រោមជ្រែង។
លោកបន្តថា វិស័យកសិកម្មរបស់កម្ពុជានៅពេលនេះ គឺត្រូវការការផ្ទេរបច្ចេកវិទ្យា និងចំណេះខ្លាំងណាស់ពីប្រទេសជិតខាងដែលមានបច្ចេកវិទ្យាខ្ពស់លើវិស័យនេះ ដើម្បីពង្រីកវិស័យកសិកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដូចជាការកែច្នៃពូជដោយខ្លួនឯង រួមមានពូជស្រូវ ពូជដំឡូងមី ពូជស្វាយចន្ទី និងជីសម្រាប់ប្រើលើដំណាំ ជាដើម ដើម្បីចៀសវាងការចំណាយលុយពីកសិករខ្មែរកាន់តែច្រើនក្នុងការនាំចូលពីប្រទេសវៀតណាម ដូចកសិករខ្មែរកំពុងអនុវត្តសព្វថ្ងៃនេះ។
ក្នុងសមាជជាតិលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម កាលពីដើមឆ្នាំ២០២១ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម អះអាងថា ទំនាក់ទំនងកម្ពុជា-វៀតណាម ជាទំនាក់ទំនងដែលគ្មានការប្រែប្រួល និងមានស្ថិរភាពយូរអង្វែងជាមួយនឹងចំណងសាមគ្គីជាប្រវត្តិសាស្ត្រ និងការប្ដេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕