28 C
Phnom Penh

កូនស្រី​លោក កឹម សុខា ទម្លាយ​ថា​មនុស្ស​ជំនិត​លោក សម រង្ស៊ី លាប​ពណ៌​លើ​ឪពុក​និង​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រី​ពៅ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្អូញត្អែរ​ថា ចាប់តាំង​ពី​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​មក មនុស្ស​ជំនិត​បំផុត​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​លាប​ពណ៌​ដោយ​ឥត​ឈប់ឈរ​ប្រឆាំង​នឹង​ឪពុក​ខ្លួន ព្រមទាំង​ក្រុម​គ្រួសារ​របស់​កញ្ញា​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។

កូនស្រី​ពៅ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​កញ្ញា កឹម សម្មាធីតា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) របស់​កញ្ញា​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ​ថា គ្រួសារ​របស់​កញ្ញា​ត្រូវ​បាន​គេ​ចងភ្ជាប់​ទៅ​នឹង​ការ​លាប​ពណ៌​ពី​ក្រុម​របស់​លោក សម រង្ស៊ី អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ចាប់ផ្តើម​ពី​ការ​ចោទប្រកាន់​ថា ក្រុម​គ្រួសារ​របស់​លោក កឹម សុខា ជា​ជនជាតិ​វៀតណាម ជាដើម។

កញ្ញា កឹម សម្មាធីតា បន្ត​ថា ពួកគេ​បាន​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​គ្រប់​បែបយ៉ាង ក្នុង​នោះ​ក៏​បាន​ប្រើ​ពាក្យ​ប្រមាថ​មាក់ងាយ​អាសអាភាស​កេរ្តិ៍​ភេទ​មក​លើ​បងស្រី​របស់​កញ្ញា គឺ​កញ្ញា កឹម មនោវិទ្យា យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក កឹម សុខា កាលពី​ពេល​កន្លងទៅ​នោះ ប៉ុន្តែ​ក្នុង​នាម​ជា​សាច់ញាតិ ជា​កូនៗ និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​គាំទ្រ​ជំហរ​លោក កឹម សុខា មិន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ការពារ​ខ្លួន​នៅ​ពេល​មាន​ការ​វាយប្រហារ ឬ​ការ​លាប​ពណ៌​នោះ​ទេ ដូច្នេះ​នេះ​ឬ​ជា​ការ​ឯកភាព​គ្នា​រវាង សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​នោះ។

កូនស្រី​ពៅ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ប្រសិនបើ​បុព្វហេតុ​របស់​អ្នក​នយោបាយ​ទាំងនោះ​ព្រោះ​តែ​ចង់​ឈ្នះ ហើយ​ព្យាយាម​រំលោភបំពាន​លើ​សម្ពន្ធមិត្ត​របស់​ខ្លួន និង​ប្រើ​ឥទ្ធិពល​ដែល​ខ្លួន​មាន ដើម្បី​បំបិទ​មាត់​ជនរងគ្រោះ​ដែល​ចង់​ប្រើ​សិទ្ធិ​ការពារ​ខ្លួន នោះ​អ្នក​នយោបាយ​ទាំងនោះ​មិនមែន​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ គឺ​ពួកគេ​កំពុងតែ​ប្រើ​អំណាច​ផ្ដាច់ការ​ដែល​ពួន​សម្ងំ​ក្នុង​ចិត្ត​ខ្លួនឯង​តែប៉ុណ្ណោះ។

(រូប​ឯកសារ)៖ លោក កឹម សុខា ភរិយា​របស់​លោក និង​កូនស្រី​ទាំង​ពីរ​របស់​លោក។

កញ្ញា កឹម សម្មាធីតា រិះគន់​ថា ចំពោះ​អ្នកកាសែត​ដែល​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ចុះផ្សាយ​ថា លោក កឹម សុខា មិន​ឱ្យ​លោក សម រង្ស៊ី យក​ឈ្មោះ​គាត់​ប្រើ គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះ វា​ជា​ការ​ចុះផ្សាយ​មិន​ពិត និង​ជា​ការ​ភូតភរ​សាធារណមតិ​ប៉ុណ្ណោះ ព្រោះ​ថា​ក្នុង​នាម​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហាម​មិន​ឱ្យ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ដូចជា​លោក សម រង្ស៊ី ជាដើម យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើ​ក្នុង​ចលនា​នយោបាយ​បក្ស​ភ្លើង​ទៀន គឺជា​រឿង​ត្រឹមត្រូវ ត្បិត​បក្ស​ភ្លើង​ទៀន មិនមែន​ជា​គណបក្ស​របស់​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​ជា​គណបក្ស​របស់​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ក្រោយ​ពេល​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​វាយប្រហារ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ក្រុម​គ្រួសារ​របស់​លោក ចាប់តាំង​ពី​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​កាលពី​ឆ្នាំ​២០១៧ រហូត​មក។

ចំណែក​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ​ដែរ ក៏​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) របស់​កញ្ញា​ផង​ដែរ​ថា ឪពុក​របស់​កញ្ញា គឺ​លោក កឹម សុខា មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ឈប់​ដៃគូ​បោកប្រាស់ និង​កេង​ចំណេញ​មហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួន ដើម្បី​យក​ឈ្មោះ​លោក កឹម សុខា ទៅ​បោកប្រាស់​សាធារណជន។ កញ្ញា​បន្ត​ថា ភាព​ជា​ដៃគូ ត្រូវ​បាន​បញ្ចប់​រួច​បាត់​ទៅ​ហើយ​នៅ​ពេល​ដែល​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​បោះបង់​ចោល​លោក កឹម សុខា និង​ដឹកនាំ​យុទ្ធនាការ​ដោយ​គ្មាន​ការ​ឯកភាព​ពី​ប្រធាន​បក្ស​របស់​ខ្លួន​រហូត​មក​នោះ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មិន​ដែល​ចាត់ទុក​ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​នោះ​ទេ ព្រោះ​សកម្មភាព​ទាំងនោះ​មិន​មាន​ការ​គាំទ្រ​ពី​រូបលោក ហើយ​ក៏​មិន​បាន​គាំទ្រ​នូវ​ជំហរ​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។

ការ​អះអាង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ចាស់​របស់​លោក​វិញ ដើម្បី​ចូល​ការ​បោះឆ្នោត​ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​លោក សម រង្ស៊ី នៅតែ​ប្រកាស​ប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​ថា សម រង្ស៊ី និង កឹម សុខា គឺជា​មនុស្ស​តែ​មួយ​ដដែល ខណៈ​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​បក្ស​ភ្លើង​ទៀន​ឡើងវិញ​នេះ គឺជា​គំនិត​របស់​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​មើល​ឃើញ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជា​អ្នក​នយោបាយ​មិន​ដែល​រក្សា​ភាព​ស្មោះត្រង់​ជាមួយ​ដៃគូ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ។ ជាក់ស្តែង សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​ត្រូវ​លោក សម រង្ស៊ី ប្រើ​ល្បិចកល​សហការ​ជាមួយ​លោក ហ៊ុន សែន កម្ចាត់​ទ្រង់​ចេញពី​ឆាក​នយោបាយ​រហូត​ដល់​ព្រះអង្គ​សោយ​ទិវង្គត។ ដោយឡែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​អាច​ត្រឹម​តែ​ជា​យានជំនិះ​នយោបាយ​ជាប់​គុក​ដោយសារ​ភាព​ស្មោះត្រង់​ជំនួស​លោក សម រង្ស៊ី ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ចាស់​របស់​ខ្លួន ដើម្បី​បន្ត​ជីវិត​នយោបាយ​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស