មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ ឆ្នាំ១៩៧៨ និងជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ទេនោះ ប្រទេសកម្ពុជាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ដែលព្រឹត្តិការណ៍នេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្ររបស់ខ្មែរ។
មេដឹកនាំកម្ពុជាដែលត្រូវបានលើកបន្តុបដោយកងទ័ពវៀតណាម លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះថា ក្រោយការអំពាវនាវរបស់រណសិរ្ស ២ ធ្នូ ពលរដ្ឋខ្មែរគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីមិត្តភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោក ហ៊ុន សែន អះអាងថា ជ័យជម្នះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ របស់បក្សកាន់អំណាច បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី ដែលប្រជាជនកម្ពុជាបានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។
ការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាចបែបនេះ ធ្វើឡើងដើម្បីរំឭកខួបរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានអាយុជាង ៤០ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២១ នេះ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រារព្ធខួប ៤៣ឆ្នាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្រែឈ្មោះទៅជាក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលត្រូវបានបង្កើតដោយលោក ហេង សំរិន លោក ជា ស៊ីម និងលោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមការជ្រោមជ្រែងយ៉ាងពេញទំហឹងរបស់កងទ័ពវៀតណាម។

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ វិច្ឆិកា នេះថា ការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាច គ្រាន់តែឆ្លុះបញ្ចាំងពីការធ្វើនយោបាយបែបប្រជាភិថុតិប៉ុណ្ណោះ ព្រោះថាលោក ហ៊ុន សែន តែងតែអួតពីព្រឹត្តិការណ៍ ២ ធ្នូ ឆ្នាំ១៩៧៨ ច្រើនណាស់។ ប៉ុន្តែរឿងរ៉ាវដ៏អាក្រក់នៅពីក្រោយព្រឹត្តិការណ៍នេះ មេដឹកនាំខ្មែររូបនេះតែងព្យាយាមបិទបាំងពីពលរដ្ឋខ្មែរម្ចាស់ប្រទេសរហូតមក ហើយអ្នកដែលចេញមុខបកអាក្រាតរឿងនេះ ក៏ត្រូវមេបក្សកាន់អំណាចចាប់ខ្លួនផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះលើកឡើងថា បើប្រៀបធៀបព្រឹត្តិការណ៍ ២ ធ្នូ និងថ្ងៃរំដោះ ៧ មករា របស់បក្សកាន់អំណាចជាមួយនឹងព្រឹត្តិការណ៍បញ្ចប់វិបត្តិនយោបាយ ២៣ តុលា ឆ្នាំ១៩៩១ បង្ហាញថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍ពិតប្រាកដសម្រាប់ខ្មែរ និងប្រទេសជាតិទាំងមូល ត្បិតបើគ្មាន «២៣ តុលា ១៩៩១» ទេ នោះប្រទេសកម្ពុជាក៏មិនអាចបញ្ចប់សង្គ្រាមជម្លោះផ្ទៃក្នុងរបស់ខ្លួនបានដែរ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ព្រឹត្តិការណ៍ ២ ធ្នូ និងថ្ងៃរំដោះ ៧ មករា គ្រាន់តែជាព្រឹត្តិការណ៍សង្គ្រោះបន្លំភ្នែកពលរដ្ឋខ្មែរប៉ុណ្ណោះ ព្រោះថាព្រឹត្តិការណ៍នេះគឺជាផែនការដ៏ធំរបស់រដ្ឋាភិបាលវៀតណាម ក្នុងបំណងឈ្លានពានទឹកដីកម្ពុជា ដោយប្រើប្រាស់គណបក្សប្រជាជនកម្ពុជាដែលមានមេដឹកនាំលោក ហ៊ុន សែន ជាដើម ដើម្បីជួយសម្រួលគ្រប់បែបយ៉ាងក្នុងការសម្រេចផែនការឈ្លានពានរបស់ពួកគេ។
ជារៀងរាល់ឆ្នាំ គណបក្សកាន់អំណាចតែងប្រារព្ធទិវាដឹងគុណថ្ងៃទី២ ធ្នូ និងថ្ងៃទី៧ មករា ហើយកាលពីឆ្នាំ២០១៣ សមាជិករដ្ឋសភាខាងគណបក្សកាន់អំណាច ក៏ធ្លាប់បានអនុម័តច្បាប់ថ្មីមួយផងដែរ ដើម្បីផ្ដន្ទាទោសអ្នកណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមក្នុងអំឡុងទសវត្សឆ្នាំ៧០ នោះ៕