28 C
Phnom Penh

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បន្ត​បដិសេធ​មិន​ទទួលស្គាល់​របប​សឹក​ភូមា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ទី​៦ នូវ​សេចក្ដី​សម្រេច​របស់​ខ្លួន ដោយ​សម្រេច​ទុក​ចោល​មួយ​ឆ្នាំ​នូវ​សំណើ​របស់​របប​យោធា​ភូមា ដោយ​បដិសេធ​មិន​ទទួលស្គាល់​របប​នេះ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។ អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា វា​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​នៃ​យុត្តិធម៌​សម្រាប់​កម្លាំង​យុត្តិធម៌ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។

អ្នកស្រី Khin Ohmar ប្រធាន​អង្គការ Progressive Voice មាន​ប្រសាសន៍​ថា អ្នកស្រី​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុង​ការ​បដិសេធ​របប​យោធា​ភេរវកម្ម ដោយ​អ្នកស្រី​អំពាវនាវ​ឱ្យ​ភ្នាក់ងារ​មូលនិធិ និង​កម្មវិធី​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ បញ្ឈប់​កិច្ចសហប្រតិបត្តិការ​គ្រប់​ទម្រង់​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី និង​ភាព​ស្រប​ច្បាប់​ដល់​របប​យោធា។

អ្នកស្រី​ទទូច​ថា ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​បញ្ចប់​ភាព​មន្ទិល​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​របប​យោធា ដោយ​មិន​ត្រូវ​ហៅ​តំណាង​របប​សឹក​នេះ​ចូលរួម​កិច្ចប្រជុំ ឬ​សន្និសីទ និង​វេទិកា​ផ្សេង​ទៀត​ដែល​ផ្តល់​ឱ្យ​របប​នេះ​នូវ​ឱកាស ដើម្បី​បង្កើត​ភាព​ស្រប​ច្បាប់​លើ​វេទិកា​អន្តរជាតិ​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ពួក​យោធា​ភូមា​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ផ្ដួល​រំលំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ចេញពី​អំណាច ដោយ​ចាប់​ខ្លួន​មេដឹកនាំ​របស់​បក្ស​នេះ រួម​ទាំង​អ្នក​ប្រជាធិបតេយ្យ​ដ៏​លេចធ្លោ គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី។

ចាប់តាំង​ពី​រដ្ឋប្រហារ​មក មនុស្ស​យ៉ាង​តិច​ជាង ១៣០០​នាក់​ត្រូវ​បាន​សម្លាប់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ ក្នុង​នោះ​មាន​កុមារ​ប្រហែល ១០០​នាក់។ របប​យោធា​ក៏​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ១​ម៉ឺន​នាក់​ផង​ដែរ​ចាប់តាំង​ពី​ការ​ដណ្តើម​អំណាច​ដោយ​អាវុធ​របស់​ពួក​យោធា។

កាលពី​ខែ​កញ្ញា អង្គការ​សង្គម​ស៊ីវិល​ភូមា និង​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ចំនួន ៣៥៨ បាន​បញ្ជូន​អនុសាសន៍​ដើម្បី​ជំរុញ​ឱ្យ​អង្គការ​សហប្រជាជាតិ​ធានា​ឱ្យ​លោក​ឯកអគ្គរដ្ឋទូត U Kyaw Moe Tun រក្សា​តំណែង​របស់​លោក​ក្នុង​នាម​ជា​តំណាង​របស់​ប្រទេស និង​ប្រជាជន​ភូមា។

សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ប្រឆាំង​របប​យោធា​ជា​ថ្មី​ម្ដង​ទៀត​នេះ គឺ​ស្មើ​នឹង​វាយបក​យ៉ាង​ខ្លាំង​ទៅលើ​ពួក​ឧត្តមសេនីយ៍​ភូមា ជាពិសេស​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង ដែល​ត្រូវ​បាន​ប្រទេស​អាស៊ាន​ផាត់​ចោល​មិន​ឱ្យ​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំងឡាយ​របស់​អាស៊ាន និង​សហគមន៍​អន្តរជាតិ។

ពួក​យោធា​ភូមា​ដែល​គិត​ថា​ខ្លួន​គេ​អាច​មាន​ឱកាស​យក​អាសនៈ​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ទំនង​ក្រុម​ខុស​ច្បាប់​នេះ​គិត​ថា​មាន​ប្រទេស​មហាអំណាច​ពីរ​អាច​ជួយ​ម្ដង​ទៀត គឺ​ប្រទេស​ចិន និង​រុស្ស៊ី ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សាតាំង​នៃ​អង្គការ​សហប្រជាជាតិ។ តែ​នេះ​មិនមែន​ជា​លើកដំបូង​ទេ​ដែល​របប​សឹក​បរាជ័យ​នៅ​លើ​វេទិកា​អន្តរជាតិ​ដ៏​ធំ​នេះ។ កាលពី​ពាក់កណ្ដាល​ខែ​កញ្ញា តំណាង​របស់​ពួក​យោធា ត្រូវ​បាន​គណៈកម្មាធិការ​សាតាំង​ប្រាប់​មិន​ឱ្យ​ចូល​ប្រជុំ​មហាសន្និបាត ហើយ​ជិះ​យន្តហោះ​ត្រឡប់​មក​ភូមា​វិញ ដោយ​នាំ​ភាព​អាម៉ាស់​មក​ជាមួយ​ទៀត​ផង។ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​សាតាំង​បែរជា​បាន​អនុញ្ញាត​ឱ្យ​លោក​ឯកអគ្គរដ្ឋទូត U Kyaw Moe Tun ក្នុង​នាម​ជា​តំណាង​របស់​ប្រទេស និង​ប្រជាជន​ភូមា ចូល​អង្គុយ​ក្នុង​មហាសន្និបាត​នេះ។

ក្រុម​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​អនុម័ត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដូច​នេះ មាន​ន័យ​ថា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​កំពុងតែ​ឈ្នះ​លើ​របប​សឹក និង​របប​ផ្ដាច់ការ។

ប្រជាជន​ភូមា និង​ក្រុម​អន្តរជាតិ​បាន​ថ្កោលទោស​មក​ហើយ​នូវ​អំពើ​ឃោរឃៅ​ដែល​ពួក​យោធា​បង្កើត​ឡើង។ អ្នក​ប្រជាធិបតេយ្យ និង​ក្រុម​សិទ្ធិមនុស្ស ចោទ​ថា​របប​យោធា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដោយ​ការ​វាយប្រហារ​ជា​ប្រព័ន្ធ​ទៅលើ​ប្រជាជន​របស់​ខ្លួន។

ទោះបីជា​មាន​ការ​ទទួលស្គាល់​អំពី​ការ​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ក៏ដោយ ក៏​សង្គម​ស៊ីវិល​អន្តរជាតិ​ទទូច​ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​ធ្វើ​បន្ថែម​ទៀត ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​របស់​ពួក​យោធា និង​បើកផ្លូវ​សម្រាប់​យុត្តិធម៌​របស់​ប្រជាជន​ភូមា។

ជាមួយគ្នា​នេះ លោក Charles Santiago ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស APHR បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​សម្រេច​ចិត្ត​នេះ គឺជា​ការ​ផ្ញើ​សារ​ដ៏​រឹងមាំ​មួយ​ទៅកាន់​សមាគម​អាស៊ាន ដែល​ថា​មិន​គួរ​សមាជិក​ណា​មួយ​នៃ​អង្គការ​តំបន់​ជួយ​ការពារ​របប​សឹក​នោះ​ទេ។ លោក​បន្ត​ថា ការ​ចូលរួម​ណា​មួយ​របស់​អាស៊ាន ឬ​សមាជិក​ណា​មួយ​របស់​ខ្លួន​ជាមួយ​របប​យោធា នឹង​ធ្វើ​ឱ្យ​ខូច​ដល់​ភាព​ជឿជាក់​របស់​សហគមន៍​អន្តរជាតិ និង​ជា​ការ​ប្រមាថ​ចំពោះ​ឆន្ទៈ​ដ៏​ក្លាហាន​របស់​ប្រជាជន​ភូមា ដែល​បាន​ពលី​ជីវិត​ដើម្បី​ប្រជាធិបតេយ្យ និង​សេរីភាព​ក្នុង​ការ​ប្រឆាំង​អំណាច​ផ្ដាច់ការ។

សារ​របស់​លោក Charles Santiago ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ទោះ​ជា​មិន​បាន​និយាយ​យោង​ទៅលើ​ប្រទេស​ណា​មួយ​ក្នុង​សមាគម​អាស៊ាន​ក៏ដោយ តែ​ទំនង​លោក​ពិតជា​ដឹង​ថា នៅ​ខែ​ក្រោយ​នេះ មេដឹកនាំ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន នឹង​ទៅ​ជួប​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅ​ក្នុង​ប្រទេស​ភូមា។

លោក ហ៊ុន សែន ដែល​គេ​ដាក់​រហស្សនាម​ថា​ជា​បុរស​ខ្លាំង​កម្ពុជា នៅ​ក្នុង​ពិធី​មួយ​នៅ​ចំពោះ​មុខ​ឯកអគ្គរដ្ឋទូត​ចិន កាលពី​ថ្ងៃ​ទី​៦ ធ្នូ លោក​បាន​បង្ហាញ​នូវ​ភាព​មានះ​ថា ត្រូវតែ​យក​តំណាង​របប​សឹក​ភូមា គឺ​លោក មីន អ៊ុងឡាំង មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ។ លោក​ថា នៅ​ឆ្នាំ​២០២២ កម្ពុជា​គឺជា​ប្រធាន​អាស៊ាន ហើយ​កម្ពុជា​ត្រូវ​ធ្វើ​ឱ្យ​បាន​ការ​យក​ភូមា​ត្រឡប់​មក​អាស៊ាន​វិញ។ លោក​ទទូច​ថា អាស៊ាន​មាន ១០​ប្រទេស គឺ​មិន​អាច​បាត់​ប្រទេស​ណា​មួយ​បាន​ឡើយ។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​កត់សម្គាល់​ថា ឆន្ទៈ​របស់​លោក ហ៊ុន សែន ដូច​នេះ ទំនង​ក៏​កើត​ចេញពី​ការ​ផ្តល់​គំនិត​ដោយ​ប្រទេស​ចិន ផង​ដែរ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ទៅ​ជួប​សម​ភាគី​ចិន លោក វ៉ាងយី កាលពី​ពេល​ថ្មីៗ​នេះ។

ការពិត ចិន​ក៏​ព្យាយាម​យក​លោក មីន អ៊ុងឡាំង មក​ចូលរួម​ប្រជុំ​អាស៊ាន-ចិន កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ដែរ ប៉ុន្តែ​ត្រូវ​បាន​ប្រទេស​ខ្លាំង​៤ នៅ​ក្នុង​សមាគម​អាស៊ាន​បាន​ទាត់​ចោល​សំណើ​របស់​ចិន។ ប្រទេស​៤ នេះ​មាន​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ។ អ្នក​សង្កេតការណ៍​ព្រមាន​ថា បើ​ពុំ​មាន​សំឡេង ៤​ប្រទេស​នេះ​គាំទ្រ គឺ​គ្មាន​ទេ​វត្តមាន​របស់​លោក មីន អ៊ុងឡាំង នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន ហើយ​លោក ហ៊ុន សែន នឹង​ប្រឈម​ភាព​អាម៉ាស់ ហើយ​នឹង​រង​ការ​វាយប្រហារ​រិះគន់​ថា លោក ហ៊ុន សែន ដើរ​តាម​ចិន ជួយ​ការពារ​របប​រដ្ឋប្រហារ​ភូមា។

ប៉ុន្តែ​យ៉ាងណា បរាជ័យ​របស់​ពួក​យោធា​ភូមា​ជា​ថ្មី​ម្ដង​ទៀត​នេះ​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ទំនង​ក៏​ជា​សារ​មួយ​ដ៏​រឹងមាំ​ប្រាប់​ទៅ​ចិន និង​កម្ពុជា ថា​កុំ​ព្យាយាម​ជួយ​ការពារ និង​ធ្វើ​ឲ្យ​ស្រប​ច្បាប់​របប​សឹក​ភូមា គឺ​មិន​អាច​ទៅ​រួច​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស