28.4 C
Phnom Penh

លោក ហ៊ុន សែន៖ ការ​សោយ​ទិវង្គត​របស់​សម្ដេច​ក្រុមព្រះ​គឺជា​ការ​បាត់បង់​ព្រះរាជ​ឥស្សរជន​ដ៏​ឆ្នើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ការ​សោយ​ទិវង្គត​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ការ​បាត់បង់​ព្រះរាជ​ឥស្សរជន​ក្នុង​ព្រះរាជវង្ស​ដ៏​ឆ្នើម​មួយ​ព្រះអង្គ ដែល​ទ្រង់​ពេញ​ព្រះហឫទ័យ​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ ប្រកប​ដោយ​ព្រះ​ឆន្ទៈ​មនសិការ​មោះមុត និង​វាងវៃ​ជា​អតិបរមា។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៨ ធ្នូ នេះ​ថា លោក​ពិតជា​មាន​ភាព​ក្តុកក្តួល និង​សោកស្ដាយ​ជាទីបំផុត​ចំពោះ​ការ​បាត់បង់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេលនេះ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ឧទ្ទិស​បួងសួង សូម​ឱ្យ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ យាង​ទៅកាន់​សុគតិភព។

នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចូលរួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​សព​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ធ្វើឡើង​នៅ​ព្រះមេរុ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ ដោយ​មាន​ការ​យាង​ចូលរួម​ពី​ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំង​ព្រះរាជវង្សានុវង្ស​ផង​ដែរ។

ការ​ចូលរួម​ពិធីបុណ្យ​សព​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​ដឹកនាំ​សហការី​របស់​ខ្លួន​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ផង​ដែរ កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ លោក កឹម សុខា មិន​ទាន់​ថ្លែង​សារ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅឡើយ​ទេ។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មក​ទល់​នឹង​ពេលនេះ មិន​ទាន់​ចេញ​លិខិត​ផ្លូវការ​ណា​មួយ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ការ​សោយ​ទិវង្គត​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅឡើយ​ដែរ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លងទៅ គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​សោយ​ទិវង្គត លោក សម រង្ស៊ី គ្រាន់តែ​បង្ហោះ​រូបថត​ទ្រង់ និង​រូបថត​លោក កឹម សុខា ក្នុង​អត្ថន័យ​ថា ជីវិត​នយោបាយ​របស់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា នឹង​មាន​វាសនា​ដូច​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​បាន​សោយ​ទិវង្គត​នៅ​ពេលនេះ​ជា​មិនខាន នៅ​ពេល​ដែល​គ្មាន​រូបលោក​សហការ​ជាមួយ។

ជុំវិញ​បញ្ហា​នេះ សកម្មជន​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី គឺ​លោក ប៉ាង សុខឃឿន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៨ ធ្នូ នេះ ដែល​ទំនង​ជា​រិះគន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​ទៅ​គោរព​សព​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ នោះ​ទេ ព្រោះ​ព្រះអង្គ​គ្រាន់តែ​ជា​មេភ្លើង​នយោបាយ​រួម​ដៃ​គ្នា​ជាមួយ​បក្ស​កាន់​អំណាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ។

ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល រិះគន់​ថា សារជាតិ​របស់​មនុស្ស​ដែល​អាក្រក់​ខ្លាំង​បំផុត​នោះ គឺ​ការ​ព្យាបាទ​អ្នកដទៃ​សូម្បីតែ​មនុស្ស​ស្លាប់ និង​តាម​ព្យាបាទ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ខ្លួន​ស្អប់​នោះ​ទៀត។ លោក ហ៊ុន កុសល ព្រមាន​ថា បើ​ក្រុម​លោក សម រង្ស៊ី បាន​កាន់​អំណាច ប្រហែលជា​នឹង​បោស​សម្អាត​ខ្មែរ​ដែល​ធ្លាប់​ប្រឆាំង​ជាមួយ​ពួកគេ​ជា​មិនខាន។

ទោះ​ជា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចូលរួម​គោរព​បុណ្យ​សព​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ពេល​នេះ​ក៏ដោយ ក៏​និស្សិត​បញ្ញវន្ត និង​ពលរដ្ឋ​ខ្មែរ នៅតែ​មិន​អាច​បំភ្លេច​បាន​នូវ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កាលពី ២៤​ឆ្នាំ​មុន នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​លោក ហ៊ុន សែន ប្រើ​កម្លាំង​ទ័ព​បង្ក​សង្គ្រាម​ដើម្បី​ទម្លាក់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ពី​នាយករដ្ឋមន្ត្រី​ទី​១ ក្នុង​បំណង​រំលាយ​កម្លាំង​ទ័ព​រាជា​និយម​របស់​ព្រះអង្គ​នៅ​ពេល​នោះ។

២៤​ឆ្នាំ​មុន នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​កណ្ដាល​ទីក្រុង​ភ្នំពេញ បង្ក​ការ​ភ័យ​ខ្លាច និង​ជ្រួលច្របល់​នៅ​តាម​ដង​វិថី និង​នៅ​ជាយ​ទីក្រុង​ភ្នំពេញ ឮ​សូរ​តែ​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា​រវាង​កម្លាំង​ទ័ព​រាជា​និយម​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​កងទ័ព​រដ្ឋ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៅ​ពេល​នោះ។

ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ដណ្តើម​អំណាច​នៅ​ពេល​នោះ កម្លាំង​ទ័ព​រាជា​និយម​យ៉ាងហោចណាស់ ២០០​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ក៏​យក​ទៅ​កប់​រាក់ៗ​ដើម្បី​បំបិទ​ភស្តុតាង​ដោយ​ដៃ​ទាំង​សងខាង​ជាប់​ចំណង ខ្លះ​ត្រូវ​គេ​អារ​ក និង​គ្រាប់ភ្នែក​ទាំង​គូ​ត្រូវ​បាន​គេ​ខ្វេះ ព្រមទាំង​មាន​ស្នាម​ជាំ​ពេញ​ដងខ្លួន​ដែល​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​មុន​នឹង​សម្លាប់​ផង​ដែរ។ អំពើ​ព្រៃផ្សៃ​អមនុស្សធម៌​ទាំងនេះ ត្រូវ​គេ​ស៊ើប​ដឹង​ថា បាន​កើតឡើង​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ទាំងអស់។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដែល​ដឹកនាំ និង​បញ្ជា​ដោយ​លោក ហ៊ុន សែន ដោយ​ផ្ទាល់​ក្រោម​ការ​ជួយ​គ្រប់​បែប​យ៉ាង​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ ដើម្បី​ផ្តួល​រំលំ​គូភាគី​នយោបាយ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ហើយ​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក្តោប​ក្តាប់​អំណាច​នៅ​កម្ពុជា​រហូត​មក​ទល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស