28 C
Phnom Penh

HRW ទទូច​ឱ្យ​ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក​គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​រង​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ចំ​ពេល​ដែល​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ និង​ចំ​ពេល​ដែល​ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក លោក Derek Chollet កំពុង​តែ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ទទូច​ឱ្យ​លោក Derek គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ចប់​រាល់​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ Human Rights Watch បញ្ជាក់​ថា លោក​ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក គួរតែ​លើកឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ជំនួប​ទាំងអស់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ហើយ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន បញ្ចប់​រាល់​វិធានការ​ទាំងអស់ ទាំង​ផ្លូវច្បាប់ និង​ក្រៅ​ផ្លូវច្បាប់​ទៅ​លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា ដែល​ក្នុង​នោះ​ត្រូវ​បញ្ចប់​ការ​ចាប់​ខ្លួន ការ​ជំនុំ​ជម្រះ​ក្ដី​ទៅ​លើ​ក្រុម​ប្រឆាំង និង​បញ្ចប់​ការ​តាម​ចាប់​ខ្លួន​ជនភៀសខ្លួន​នយោបាយ​ជនជាតិ​កម្ពុជា​ដែល​នៅ​ក្រៅ​ប្រទេស ដូចជា​នៅ​ប្រទេស​ថៃ ជាដើម។

លោក Phil Robertson បាន​ទទូច​ទៀត​ថា ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ​គួរតែ​ប្រើប្រាស់​ទស្សនកិច្ច​របស់​ខ្លួន ដើម្បី​គាបសង្កត់​ទៅ​លើ​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​ក្រុម​ប្រឆាំង ហើយ​ត្រូវ​ការពារ​សេរីភាព​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ។

សេចក្ដី​ថ្លែងការណ៍​របស់ Human Rights Watch បញ្ជាក់​ទៀត​ថា កម្ពុជា​ដែល​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ បើ​ចង់​ដើរ​តួនាទី​យ៉ាង​សកម្ម​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា គឺ​ត្រូវតែ​ដោះស្រាយ​ឱ្យ​បាន​ផង​ដែរ​នូវ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក Phil Robertson បញ្ជាក់​ទៀត​ថា កម្ពុជា​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០២៣ គឺ​កម្ពុជា​ត្រូវ​បញ្ចប់​ឱ្យ​បាន​នូវ​ការ​បំពារបំពាន​សិទ្ធិមនុស្ស និង​ត្រូវ​បើកចំហ​សេរីភាព​របស់​ប្រជាជន​មុន​ការ​បោះឆ្នោត។

ជាមួយ​គ្នា​នេះ អង្គការ Human Rights Watch បញ្ជាក់​ថា ប្រជាជន​ភូមា​មិន​ស្វាគមន៍​ទេ​ចំពោះ​លោក ហ៊ុន សែន ដែល​នឹង​ទៅ​ជួប​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើ​ឡើង​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ ហើយ​ថា​លោក ហ៊ុន សែន ក៏​ត្រូវតែ​ជួប​តំណាង​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៅ​ភូមា ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស