31 C
Phnom Penh

លោក ហ៊ុន សែន៖ បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើ​អាវុធ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​អង្គភាព​ប្រដាប់​អាវុធ​របស់​កម្ពុជា យក​អាវុធ និង​សម្ភារៈ​យោធា​ដែល​ជា​ផលិតផល​របស់​អាមេរិក យក​ទៅ​កម្ទេច​ចោល​ទាំងអស់។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​អ្នក​ជំនាន់​ក្រោយ​ថា បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក​ឱ្យ​សោះ។

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ត​ត្រកូល​រូប​នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​១០ ធ្នូ នេះ​ថា អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​អាវុធ​របស់​សហរដ្ឋ​អាមេរិក ច្រើន​តែ​បាន​ចាញ់​សង្គ្រាម ដូចជា​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លន់ នល់ ដែល​នៅ​ពេល​នោះ​បាន​ប្រើប្រាស់​អាវុធ​អាមេរិក និង​បាន​នាំចូល​អាវុធ​ជាច្រើន​មក​កម្ពុជា ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​បំណុល​ខ្មៅ​រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក ហ៊ុន សែន អះអាង​ថា លោក​មាន​ជំនឿ​លើ​ភាព​ក្លាហាន ព្រមទាំង​ស្មារតី និង​ទឹកចិត្ត​ប្រយុទ្ធ​របស់​យុទ្ធជន​ក្នុង​សមរភូមិ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ជាជាង​ការ​ប្រើប្រាស់​អាវុធ​តែ​មួយ​មុខ។ ជាក់ស្តែង អ្នក​ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក​ក៏​បាន​ចាញ់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​របស់​លោក​មិន​ទិញ​អាវុធ​ពី​អាមេរិក ពិតជា​ត្រឹមត្រូវ​សម្រាប់​នយោបាយ​ការពារ​ជាតិ​របស់​កម្ពុជា ហើយ​វា​ក៏​ជា​សារ​ព្រមាន​មួយ​ប្រាប់​ទៅ​ខ្មែរ​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​ជំនាន់​ក្រោយ​ឱ្យ​បាន​ជ្រាប​ដែរ​ថា បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក​ឱ្យ​សោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ​នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ការ​រឹតត្បិត​លក់​អាវុធ និង​សម្ភារៈ​យោធា​ឱ្យ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ​នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ការ​រឹតត្បិត​លក់​អាវុធ និង​សម្ភារៈ​យោធា​ឱ្យ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​យោធា​ចិន កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា សហរដ្ឋ​អាមេរិក​មើលឃើញ​ថា សកម្មភាព​របស់​កម្ពុជា​ដែល​កំពុង​ធ្វើ​ដូច​សព្វថ្ងៃ​នេះ បណ្តាល​ឱ្យ​មាន​ភាព​ទន់ខ្សោយ​ផ្នែក​សន្តិសុខ​ជាតិ​របស់​ខ្លួន និង​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ។ ជាង​នេះ​ទៀត នឹង​កើន​ឡើង​នូវ​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក អ្នកស្រី Gina Raimondo បញ្ជាក់​ថា អាមេរិក​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​គោរព​ចំពោះ​ឯករាជភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។ ប៉ុន្តែ​អ្នកស្រី​ទទូច​ឲ្យ​កម្ពុជា ធ្វើ​ឱ្យ​រីកចម្រើន​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ការ​រំលោភ​សិទ្ធិមនុស្ស និង​កាត់បន្ថយ​ឥទ្ធិពល​របស់​កងទ័ព​ចិន​នៅ​កម្ពុជា ដែល​អ្នកស្រី​ថា កងទ័ព​ចិន​នៅ​កម្ពុជា គឺជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​តំបន់ និង​ពិភពលោក​យ៉ាង​ខ្លាំង។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ធ្នូ នេះ​ថា ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក​លើ​មន្ត្រី​រដ្ឋាភិបាល​ពុករលួយ​របស់​កម្ពុជា មិនមែន​ជា​រឿង​អាក្រក់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ឬ​អធិបតេយ្យ​ជាតិ​កម្ពុជា​នោះ​ទេ ព្រោះ​ថា​អាមេរិក​គ្រាន់តែ​ទាមទារ​ឱ្យ​មេដឹកនាំ​ខ្មែរ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​រក្សា​ឯករាជភាព​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់​ជាមួយ​កងទ័ព​ចិន ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ឆ្នេរសមុទ្រ​រាម​តែប៉ុណ្ណោះ។

លោក ម៉ែន ណាត អះអាង​ថា ការ​ឆ្លើយតប​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​កាន់​សហរដ្ឋ​អាមេរិក​ជុំវិញ​បញ្ហា​នេះ គឺជា​កំហឹង​ផ្ទាល់ខ្លួន​របស់​គាត់​ផង និង​ជា​ផ្នត់គំនិត​របស់​គាត់​ដែល​ធ្លាប់​ជា​កងទ័ព​ខ្មែរក្រហម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​លោកសេរី​កាលពី​ពេល​កន្លងមក​ផង។

លោក ម៉ែន ណាត ទាមទារ​ឱ្យ​លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​គាត់​ចំពោះ​ការ​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ប្រទេស​ជា​មិត្ត ព្រោះ​ថា​ផ្នត់គំនិត និង​ឥរិយាបថ​ដែល​គាត់​អនុវត្ត​សព្វថ្ងៃ​នេះ មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ប្រទេស​នោះ​ទេ ហើយ​ប្រទេស​ជាតិ​ក៏​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នៃ​ភ្លើង​សង្គ្រាម​ក៏​ដោយសារ​អត្តចរិត​របស់​មេដឹកនាំ​បែប​នេះ​ដែរ។

កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក​ដទៃ​ទៀត ដូចជា​អាមេរិក ជាដើម ថា​បើ​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​មហាអំណាច​មួយ​ណា។ ជាង​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា ជំនួយ​របស់​ចិន ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន។

ជុំវិញ​ជំហរ​របស់​កម្ពុជា​បែប​នេះ នៅ​ឆ្នាំ​២០២២ ខាងមុខ កម្ពុជា​នឹង​ដើរ​តួ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដែល​កំពុងតែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​សមត្ថភាព និង​ភាព​អព្យាក្រឹត្យ​របស់​កម្ពុជា ដែល​គេ​ចោទ​ថា​ជា​ប្រទេស​មួយ​នៃ​សមាគម​អាស៊ាន​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ខ្លាំង​ជាងគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស