សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតលើកម្ពុជា និងទៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានទាំងមន្ត្រីយោធា និងទណ្ឌកម្មលើការជួញដូរអាវុធពីអាមេរិកទៅកម្ពុជាថែមទៀត កាលពីថ្ងៃពុធ ទី៨ ធ្នូ។
ទណ្ឌកម្មនេះ ដើម្បីជំរុញឲ្យកម្ពុជាដែលត្រូវបានគេចោទថាស្ថិតនៅក្រោមឥទ្ធិពលកងទ័ពចិននោះ ត្រូវប្រកាន់ជំហរឯករាជ្យ និងអព្យាក្រឹត្យនៅពេលកម្ពុជាជាប្រធាននៃសមាគមអាស៊ានសម្រាប់ឆ្នាំ២០២២។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានពន្យល់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ទណ្ឌកម្មនេះនឹងរឹតត្បិតទៅលើការលំហូរអាវុធ និងគ្រឿងបរិក្ខារយោធាពីអាមេរិក នៅក្រោមការត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្ម និងវិធានការពារជាតិរបស់សហរដ្ឋអាមេរិកទៅលើប្រទេសកម្ពុជា និងមន្ត្រីកម្ពុជាដែលពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស។
អ្នកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បញ្ជាក់ថា អាមេរិកនៅតែបន្តការប្ដេជ្ញាចិត្តគោរពចំពោះឯករាជភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ តែអ្នកស្រីទទូចថា អាមេរិកជំរុញឲ្យកម្ពុជាធ្វើឱ្យរីកចម្រើនចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងកាត់បន្ថយឥទ្ធិពលរបស់កងទ័ពចិននៅកម្ពុជា ដែលអ្នកស្រីថាកងទ័ពចិននៅកម្ពុជា គឺជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោក។
ការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិកមកលើកម្ពុជានៅពេលនេះ ធ្វើឡើងតែពីរខែប៉ុណ្ណោះបន្ទាប់ពីរដ្ឋការលោក ចូ បៃដិន បានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូប ដោយចោទថាបានប្រព្រឹត្តអំពើពុករលួយនៅមូលដ្ឋានកងទ័ពជើងទឹករាម ហើយទណ្ឌកម្មជាថ្មីរបស់ប្រទេសមហាអំណាចមួយនេះ ក៏ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ដែលថ្លែងនៅចំពោះមុខឯកអគ្គរដ្ឋទូតចិន នៅក្នុងពិធីមួយនៅខេត្តព្រៃវែង កាលពីថ្ងៃទី៦ ខែធ្នូ ដែលលោកបានលើកឡើងជាថ្មីម្ដងទៀតអំពីទស្សនកិច្ចរបស់ក្រុមសេនានុព័ន្ធយោធាស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ទៅកាន់មូលដ្ឋានទ័ពជើងទឹករាម។

ក្នុងឱកាសនោះ លោក ហ៊ុន សែន បានរិះគន់ក្រុមយោធាអាមេរិកាំងទាំងនោះថាតាំងខ្លួនជាក្រុមអធិការកិច្ច នៅពេលចុះទៅមូលដ្ឋានទ័ពជើងទឹករាម។ លោកថា ទង្វើបែបនេះមិនអាចទៅរួចទេសម្រាប់កម្ពុជា គឺមិនមែនចេះតែធ្វើតាមអ្នកឯងទេ។ លោកថា អស់លោកគ្មានសិទ្ធិដើរតួជាក្រុមអធិការកិច្ចនោះទេ។
បញ្ហាមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា មើលទៅមិនមែនមានតែអាមេរិកមួយទេដែលបារម្ភអំពីកម្ពុជាមានវត្តមានកងទ័ពចិន គឺប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ក៏មានការព្រួយបារម្ភផងដែរ។ កាលពីឆ្នាំ២០១៩ លោក ហ៊ុន សែន ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វុក ចោទសួរនៅក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជារូបនេះទៅប្រទេសវៀតណាម។
លោក ហ៊ុន សែន ដែលចេះនិយាយភាសាវៀតណាមយ៉ាងស្ទាត់ លោកបាននិយាយនៅចំពោះមុខថ្នាក់ដឹកនាំវៀតណាមថា កម្ពុជាពុំអាចមានវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជាឡើយ។ លោកថា រដ្ឋធម្មនុញ្ញកម្ពុជាបានហាមដាច់ខាត។ យ៉ាងណាចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា បុរសខ្លាំងនៅកម្ពុជារូបនេះបានបញ្ចេញប្រតិកម្ម ដែលលោកថាលោកមិនខ្វល់ឡើយ។
នៅក្នុងពិធីមួយនៅខេត្តកណ្ដាល ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន បានថ្លែងចំអកឱ្យសហរដ្ឋអាមេរិក និងមន្ត្រីបក្សក្រុមប្រឆាំងដែលថាមន្ត្រីគណបក្សប្រជាជនកម្ពុជានឹងស្លន់ស្លោ បើច្បាប់ដាក់ទណ្ឌកម្មអាមេរិក ឬច្បាប់ប្រជាធិបតេយ្យកម្ពុជាតាក់តែងដោយសភាអាមេរិក ត្រូវបានអនុម័ត ហើយចូលជាធរមានមែននោះ។ លោក ហ៊ុន សែន បានថ្លែងដោយចំអកថា សម្រាប់រូបលោកផ្ទាល់ និងគ្រួសារលោកផ្ទាល់ មិនខ្វល់ទេ ព្រោះគ្មានទ្រព្យសម្បត្តិរបស់លោកនៅលើទឹកដីអាមេរិកនោះទេ។ លោកថា បើមន្ត្រីណាមានទ្រព្យសម្បត្តិ ហើយត្រូវបានគេរឹបអូស គឺជារឿងរបស់មន្ត្រីនោះ។
ប៉ុន្តែលោក ហ៊ុន សែន ចំអកឱ្យអាមេរិកថា ប្រជាជនកម្ពុជាខ្លះក៏មានសញ្ជាតិអាមេរិកផងដែរ ហើយបើត្រូវគេរឹបអូសទ្រព្យសម្បត្តិ ក៏ប៉ះពាល់ដល់ពលរដ្ឋសញ្ជាតិអាមេរិកដែរ។ ជាមួយគ្នានេះ លោកចំអកឱ្យក្រុមប្រឆាំងដែលលោកថា ក្រុមប្រឆាំងគេចង់ឱ្យច្បាប់នេះចេញណាស់ ហើយសម្រាប់រូបលោកក៏បន់ឱ្យតែច្បាប់នេះឆាប់ចេញដែរ។
ខ្លឹមសារច្បាប់ដាក់ទណ្ឌកម្មលើបុគ្គល ដែលគេចាត់ទុកថាជាអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលាយប្រជាធិបតេយ្យនៅកម្ពុជា គឺច្បាប់ H.R.4686។
ច្បាប់ដែលត្រូវបានសមាជិកសភាអាមេរិកចំនួន ៤០៣ លើ ៤៣៥រូប បានអនុម័តនោះ នឹងអាចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងនោះដែលមាននៅសហរដ្ឋអាមេរិក ការបិទប្រតិបត្តិការហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមហ៊ុនរបស់បុគ្គលទាំងនោះ និងបិទទិដ្ឋាការមិនឱ្យចូលទឹកដីអាមេរិក ជាដើម។
ចំណែកឯច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា Cambodia Democracy Act កំពុងស្ថិតនៅក្នុងដៃព្រឹទ្ធសភា ហើយរំពឹងថានឹងត្រូវបានអនុម័តបញ្ជូនទៅលោក ចូ បៃដិន ក្នុងពេលឆាប់ៗខាងមុខនេះ។ ច្បាប់នេះនិយាយអំពីប្រជាធិបតេយ្យនៅកម្ពុជា ក្នុងដំណាក់កាលចុងក្រោយដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ និងមេដឹកនាំបក្សប្រឆាំងមួយនេះត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស។ ច្បាប់នេះប្រឆាំងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនៅកម្ពុជា។
ខណៈដែលកម្ពុជា នៅឆ្នាំ២០២២ ជាប្រធានប្រជុំនៃសមាគមអាស៊ាន ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីប្រកាសព័ត៌មានដោយបានជូនដំណឹងថា លោក Derek Chollet កំពុងស្ថិតនៅតំបន់អាស៊ាន គឺចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៣ ខែធ្នូ។ ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារបស់ក្រសួងការបរទេសអាមេរិករូបនេះ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។ ទស្សនកិច្ចរបស់លោក Derek Chollet ដើម្បីជួបមន្ត្រីកម្ពុជា និងមន្ត្រីឥណ្ឌូនេស៊ី អំពីសមត្ថភាព និងភាពអព្យាក្រឹត្យរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា វិបត្តិនៅប្រទេសភូមា និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។
ជាមួយគ្នានេះ លោក Derek Chollet ត្រូវពិនិត្យស្ថានភាពសេរីភាពអង្គការសង្គមស៊ីវិលនៅកម្ពុជា។ ចំណែកនៅប្រទេសឥណ្ឌូនេស៊ី លោក Derek នឹងលើកឡើងអំពីភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌូនេស៊ី-អាមេរិក ហើយក្រោយមក លោកនឹងទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។
តាមរយៈទស្សនកិច្ចនេះ លោក Derek Chollet ត្រូវបញ្ជាក់អំពីការពង្រឹងសហប្រតិបត្តិការអាមេរិក-អាស៊ានក្នុងការគាបសង្កត់របបសឹកភូមា ឱ្យបញ្ឈប់អំពើហិង្សា ការដោះលែងអ្នកជាប់ឃុំទាំងអស់ដែលពួកគេប្រឆាំងពួកយោធា អនុញ្ញាតឱ្យជំនួយមនុស្សធម៌បានទៅដល់សហគមន៍ប្រជាជនភូមា និងចាប់ផ្ដើមស្ដារប្រជាធិបតេយ្យឡើងវិញ។

ស្របពេលគ្នានេះ បណ្ដាញផ្សាយព័ត៌មានជប៉ុនក្យូដូ បានចុះផ្សាយថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងទៅដល់តំបន់អាស៊ានផងដែរ។ លោក Antony Blinken ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែធ្នូ ហើយនៅថ្ងៃទី១៤ និងទី១៥ ខែធ្នូ លោកនឹងបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងថៃ។ ទស្សនកិច្ចរបស់លោក Antony Blinken នៅបីប្រទេសនេះ ផ្ដោតសំខាន់ទៅលើដៃគូសហរដ្ឋអាមេរិក និងអាស៊ាន បញ្ហាសន្តិសុខតំបន់ក្រោមឥទ្ធិពលរបស់ចិន និងបញ្ហាប្រទេសភូមា ដែលធ្លាក់ក្រោមរបបរដ្ឋប្រហារ។
ប្រភពដដែលនេះឱ្យដឹងទៀតថា លោក Antony Blinken មកកាន់អាស៊ាន គឺដើម្បីសម្របសម្រួលឱ្យមានកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានដែលអាចប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក នៅចុងខែមករា ឬខែកុម្ភៈ ឆ្នាំ២០២២ តាមសំណើរបស់លោកប្រធានាធិបតី ចូ បៃដិន។
យ៉ាងណា នៅឆ្នាំ២០២២ គឺកម្ពុជាជាប្រធានអាស៊ានដែលកំពុងតែធ្វើឱ្យមានការព្រួយបារម្ភអំពីសមត្ថភាព និងភាពអព្យាក្រឹត្យរបស់កម្ពុជា ដែលគេចោទថាជាប្រទេសមួយនៃសមាគមអាស៊ាននៅក្រោមឥទ្ធិពលចិនខ្លាំងជាងគេ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី៩ ធ្នូ នេះ បាននិយាយថា លោកនឹងដឹកនាំប្រតិភូអាស៊ានទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាមេរិក ដែលលោកថារូបលោក និងលោក បៃដិន គឺជាអ្នកដឹកនាំការប្រជុំកំពូលអាស៊ាន-អាមេរិក។ តែលោកព្រមានថា បើអាមេរិកដាក់ទណ្ឌកម្មលើរូបលោកមិនឱ្យជាន់ដីអាមេរិក គឺលោកនឹងមិនទៅអាមេរិក ដើម្បីប្រជុំអាស៊ាន-អាមេរិកនោះទេ។

ទំនងបុរសខ្លាំងកម្ពុជារូបនេះចង់ព្រមានអាមេរិកថា បើលោកមិនដឹកនាំកិច្ចប្រជុំអាស៊ាន គឺកិច្ចប្រជុំអាស៊ាន-អាមេរិក មិនអាចដំណើរការបានឡើយ។ តែបែបណា អ្នកសង្កេតការណ៍នៅចាំមើលថា តើលោក ហ៊ុន សែន នឹងដឹកដៃមេរដ្ឋប្រហារភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទៅប្រជុំអាស៊ានលើទឹកដីអាមេរិកបានដែរឬទេ ស្របពេលដែលមេដឹកនាំយោធាភូមារូបនេះ មិនអាចអនុវត្តបាននូវយន្តការ ៥ចំណុចក្នុងការបញ្ចប់វិបត្តិនៅប្រទេសភូមា ដែលបានស្នើឡើងដោយមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅនេះ៕