35 C
Phnom Penh

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​រឹបអូស​បាន​គ្រឿងញៀន​ជាង ១​តោន និង​ឃាត់​ខ្លួន​មនុស្ស​ជាង​១០​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​បាន​រឹបអូស​សារធាតុ​សម្រាប់​ផ្សំ និង​គ្រឿងញៀន​ជាង ១​តោន ហើយ​ឃាត់​មនុស្ស​ជាង ១០​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។

របាយការណ៍​របស់​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ។

យុទ្ធនាការ​ចុះ​បង្ក្រាប​ដោយ​ផ្ទុះ​អាវុធ​ដាក់​គ្នា​មួយ​ប្រាវ​ផង​នោះ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ជាង ១៤០០​គីឡូក្រាម ឬ​ស្មើ​នឹង​ជាង ១​តោន ដែល​ក្នុង​នោះ​ថ្នាំញៀន​ប្រភេទ​កេតាមីន (KE-TAMIN) ចំនួន ៧៤​ការុង ក្នុង​មួយ​ការុង​មាន​ចំនួន ២០​កញ្ចប់​ធំ ខណៈ​ប្រមាណ ៨០​តោន​ទៀត​ជា​សារធាតុ​គីមី​សម្រាប់​ផ្សំ​កែ​ទៅជា​គ្រឿងញៀន រួម​ជាមួយ​ឧបករណ៍​ផលិត និង​កែច្នៃ​មួយ​ចំនួន​ជាដើម។

លើស​ពី​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង ១០​នាក់ មាន​ជនជាតិ​ចិន​តៃវ៉ាន់ ៣​នាក់ និង​រឹបអូស​អាវុធ​ខ្លី​ម៉ាក K54 ចំនួន ១​ដើម រថយន្ត​ចំនួន ២​គ្រឿង ព្រមទាំង​សារធាតុ​គីមី និង​ឧបករណ៍​កែច្នៃ​គ្រឿងញៀន​មួយ​ចំនួន​ធំ​ផ្សេង​ទៀត។

ចំណែក​មេការ​គ្រប់គ្រង​ទីតាំង​កែច្នៃ​គ្រឿងញៀន​ជា​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ទៀត​ឈ្មោះ LEE TSUNG HAN ដែល​គេ​សង្ស័យ​ថា​ជា​មេខ្លោង​គ្រឿងញៀន បាន​ស្លាប់​នៅ​នឹង​កន្លែង ក្រោយ​ពី​មាន​ផ្ទុះ​អាវុធ​ជាមួយ​សមត្ថកិច្ច​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។

នេះ​ជា​លើក​ទី​បី​ហើយ​នៃ​ការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០២១។ កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា សមត្ថកិច្ច​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បង្ក្រាប​បាន​គ្រឿងញៀន​បាន​ជាង ២០០​គីឡូក្រាម និង​ឃាត់​ខ្លួន​មនុស្ស​បាន​ចំនួន ៦​នាក់ ក្នុង​នោះ​ជនជាតិ​ថៃ ២​នាក់​ជា​មេខ្លោង និង​មនុស្ស ៤​នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ។

បើ​តាម​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០២១ នេះ សមត្ថកិច្ច​ចាប់​យក​សារធាតុ​ញៀន​មាន​ការ​កើន​ឡើង​ទ្វេដង បើ​ធៀប​នឹង​រយៈពេល ១១​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០។

កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ថា ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២១ កម្ពុជា​បាន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្ដាល​មកពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ដែល​ជា​ការ​រារាំង​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស ដែល​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​មាន​ឱកាស​បង្កើន​ការ​ផលិត និង​អំណោយផល​ទីផ្សារ​ប្រើប្រាស់​គ្រឿងញៀន។

របាយការណ៍​វាយតម្លៃ​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ របស់​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បាន​លាតត្រដាង​ថា កម្ពុជា​គឺ​ជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​សម្រាប់​ចរាចរណ៍ ផលិត និង​ចែកចាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស